Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បើកឡានថ្ងៃដំបូង ស៊យម៉ូតូបុក ថៅបញ្ឈប់ការងារ

 បើកឡានថ្ងៃដំបូង ស៊យម៉ូតូបុក ថៅបញ្ឈប់ការងារ

ភ្នំពេញ ៖ បុរសម្នាក់ ទើបនឹងចូលធ្វើការងារជាអ្នកបើកបររថយន្ត ថ្ងៃដំបូង ស្រាប់តែស៊យស៊ុន ពេលបើកបរជូនមេ ត្រឡប់មកផ្ទះ ត្រូវម៉ូតូ ១គ្រឿង ជិះគ្នា២នាក់ ធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន ជ្រុលមកបុករថយន្ត បណ្តាលឱ្យរងការខូចខាត ក៏ត្រូវថៅកែបញ្ឈប់ពីការងារ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២និង១៥នាទីរសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ ម៉ុង ឫទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរស២នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1U-4221 ក្នុងទិសដៅណីលិច មកកើត ក្នុងល្បឿនលឿន រួចបានវ៉ាជែងជាមួយរថយន្ត ១គ្រឿង បើកស្របទិសគ្នា ធ្វើឲ្យជ្រុលមកបុករថយន្តទំនើប ១គ្រឿង ម៉ាក Toyota ALPHARD កំពុងបើកឆ្លងផ្លូវ ពេញទំហឹង បណ្តាលឱ្យភាគីម៉ូតូ រងរបួសធ្ងន់-ស្រាល២នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

តាមសម្តីបុរសជាអ្នកបើករថយន្ត ម៉ាក Toyota ALPHARD បានរៀបរាប់ប្រាប់ថា  គាត់ទើបតែចូលធ្វើការជាអ្នកបើកឡាននេះ ថ្ងៃដំបូង។ មុនពេលកើតហេតុ ខណៈពេលដែលគាត់បើកឡានជូនមេ ត្រឡប់មកផ្ទះវិញ ដល់ចំណុចកើតហេតុ មានម៉ូតូមួយគ្រឿង បើកវ៉ាជែង មកបុកពេញទំហឹង បណ្តាលឱ្យរថយន្តរងការខូចខាតយ៉ាងដំណំតែម្តង។

ក្រោយកើតហេតុ ថៅកែរបស់បុរសជាអ្នកបើករថយន្ត បានឡើងជិះម៉ូតូកង់បី ត្រឡប់ទៅផ្ទះមុន ដោយទុកឱ្យអ្នកបើកបរ នៅដោះស្រាយនៅកន្លែងកើតហេតុ។ ស្រាប់តែមួយសន្ទុះក្រោយមក ថៅកែរបស់គាត់ បានទូរស័ព្ទមកប្រាប់ថា គាត់ត្រូវបានបញ្ឈប់ពីការងារហើយ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការវាស់វែង យករថយន្ត និងម៉ូតូ ទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕

RELATED ARTICLES