Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមនាំសង្សារដើរលួចគាស់ផ្ទះគេ ជាប់ខ្នោះទាំងគូ

នាំសង្សារដើរលួចគាស់ផ្ទះគេ ជាប់ខ្នោះទាំងគូ

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី ២នាក់ ជាគូស្នេហ៍ បានជិះម៉ូតូដឹកគ្នាដើរធ្វើសកម្មភាព ឆ្កឹះសោគាស់ផ្ទះគេ ចូលលួចទ្រព្យសម្បត្តិ ចុងក្រោយគាស់សោ លួចបានកុំព្យូទ័រ ឡែបថប ១គ្រឿង រួចនាំគ្នាគេចខ្លួនបាត់។ លុះ២ថ្ងៃ ក្រោយ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវចាប់ខ្លួនបានទាំង២នាក់ ដល់ក្នុងបន្ទប់ជួល នាំយកមកចាត់ ការតាមច្បាប់។

ករណីគាស់ផ្ទះលួចទ្រព្យសម្បត្តិនេះ បានកើតឡើងកាលពីវេលាម៉ោង ១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្ទះលេខ 06D ផ្លូវបេតុង បុរីចម្ការដូង ស្ថិតនៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។ រហូតមកដល់វេលាម៉ោង ៣និង ៤០នាទីរសៀល ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ទើបសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើបាន នៅចំណុចបន្ទប់ជួល តាមផ្លូវ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះមាស ចន្ថា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះភិន ស្រីអូន ភេទស្រី អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ គូស្នេហ៍ខាងលើ ស្នាក់នៅផ្ទះជួលភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ ចំណែកវត្ថុតាងដកហូតបាន រួមមាន ម៉ូតូ ១គ្រឿង ម៉ាក SUZUKI NEX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1CZ-3345 ទួរណឺវីស ១ដើម។ រីឯជនរងគ្រោះ មានឈ្មោះចែម ផល្លា ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានលំនៅ ផ្ទះកើតហេតុខាងលើ។ សម្ភារៈបាត់បង់ កុំព្យូទ័រឡែបថប ម៉ាក TOKYO ពណ៌ប្រផេះ ចំនួន១គ្រឿង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ជនរងគ្រោះ និងក្រុមគ្រួសារ បាននាំគ្នាចូលដេកនៅបន្ទប់ជាន់ទី១ ដោយបានចាក់សោទ្វាររបង ប៉ុន្តែមិនបានចាក់សោទ្វារផ្ទះនោះទេ គ្រាន់តែបិទធម្មតា ប៉ុណ្ណោះ។ លុះដល់វេលាម៉ោង ១និង៤០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្រាប់តែឮសំឡេងឆ្កែព្រុសខ្លាំងៗ រហូតធ្វើឱ្យជនរងគ្រោះភ្ញាក់ពីដេក ហើយបានឃើញទ្វារផ្ទះរបស់ខ្លួនបើកចំហ។

ប្រភពដដែល បន្តថា ខណៈនោះជនរងគ្រោះបានដើរចេញពីក្នុងបន្ទប់ ដើរមើល ស្រាប់តែបាត់កុំព្យូទ័រយួរដៃ (ឡែបថប) ម៉ាក TOKYO ១គ្រឿង ដែលទុកនៅលើតុក្បែរទ្វារផ្ទះ ទើបដឹងថា មានចោរចូលលួច។ បន្ទាប់មកក៏បានពឹងអ្នកជិតខាងឱ្យជួយឆែកកាមេរ៉ាសុវត្ថិភាពមើល ស្រាប់តែបានឃើញជនសង្ស័យ ទាំង២នាក់ខាងលើ ជិះម៉ូតូម៉ាក SUZUKI NEX ពណ៌ស ១គ្រឿង មកធ្វើសកម្មភាពឆ្កឹះសោទ្វាររបងផ្ទះ រួចចូលលួចយកកុំព្យូទ័រ នៅក្នុងផ្ទះរបស់គាត់។

ប្រភពដដែល បានបន្តទៀតថា បន្ទាប់មក បុរសរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលដង្កោ ហើយកម្លាំងនគរបាលប៉ុស្តិ៍ដង្កោ និងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ នាំយកមកសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការតាមច្បាប់៕

RELATED ARTICLES