Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសម្រចចោទប្រកាន់មិត្តតារាទិកតុកចិន ជិះឡានឡាំប័រហ្គីនី បុ...ក...គេ...ស្លា...ប់

សម្រចចោទប្រកាន់មិត្តតារាទិកតុកចិន ជិះឡានឡាំប័រហ្គីនី បុ…ក…គេ…ស្លា…ប់

ភ្នំពេញ ៖ អ្នកនាំពាក្យ នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចោទប្រកាន់ជនជាតិចិន ម្នាក់ ដែលបើករថយន្ត LAMBORGHINI បុកអ្នកជិះម៉ូតូ បណ្តាលឱ្យស្លាប់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា បន្ទាប់ពីបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងពិនិត្យភ័ស្តុតាង ក្នុងសំណុំរឿងមានលក្ខណៈគ្រប់គ្រាន់ តំណាងអយ្យការ បានសម្រេចចោទប្រកាន់លើជនសង្ស័យឈ្មោះ FU ZHONG HUA ភេទប្រុស កើតថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៨៦ ជនជាតិចិន ពីបទបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាល ឱ្យស្លាប់អ្នកដទៃ (បើកបរក្នុងល្បឿនលឿន និងស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល 0.86mg/L) ប្រព្រឹត្តនៅចំណុចមុខក្រុមហ៊ុន SDB លើមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៨៥ កថាខណ្ឌទី២ ចំណុចខ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងពីបទរត់គេចខ្លួន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ រួចបញ្ជូនជនសង្ស័យ និងសំណុំរឿងទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។

គួររំលឹកថា កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើងនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងភូមិប៉ប្រកខាងជើង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ដោយបុរសជនជាតិចិន១ក្រុម ក្នុងនោះមានម្នាក់ត្រូវគេស្គាល់ច្បាស់ថា ជាតារា TikTok ឈ្មោះបា ហ្វីដូ (Ba Fido) បានបើកបរ រថយន្តទំនើប ១គ្រឿង ម៉ាកឡាំប័រហ្គីនី ក្នុងល្បឿនលឿន រួចជ្រុលទៅបុកម៉ូតូអ្នកដឹកជញ្ជូនតាមអនឡាញម្នាក់ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង។ ចំណែកភាគីរថយន្តបង្កហេតុ បាននាំគ្នា ឡើងជិះរថយន្ត១គ្រឿងផ្សេងទៀត បំណងរត់គេច តែត្រូវបានប្រជាពលរដ្ឋនាំគ្នា ដេញតាមស្ទាក់ឃាត់បាន ទើបតារា TikTok ឈ្មោះ បា ហ្វីដូ បានចុះមកសំពះសុំទោស រួចអះអាងថា ខ្លួនមិនមែនជាអ្នកបើកបរនោះទេ គ្រាន់តែរួមដំណើរជាមួយមិត្តភក្តិប៉ុណ្ណោះ។

ជនរងគ្រោះដែលត្រូវរថយន្តបុកស្លាប់ មានឈ្មោះសោន សឹត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរដឹកជញ្ជូនតាមអនឡាញ មានស្រុកកំណើតនៅភូមិគោកក្រោល ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប។ ចំណែកភាគីរថយន្តបង្កហេតុ ជិះគ្នា៣នាក់ ជាជនជាតិចិន ក្នុងនោះមានម្នាក់ត្រូវគេស្គាល់ថា ឈ្មោះបា ហ្វីដូ (ពា ធិដៀប) ដែលជាតារាល្បីតាមបណ្តាញសង្គម Facebook TikTok ខាងធ្វើម្ហូប។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើ ជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1V-9127 ជិះតែម្នាក់ឯង ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ ចំណុចខាងលើ ស្រាប់តែត្រូវបានរថយន្តទំនើប ១គ្រឿង ម៉ាកឡាំប័រហ្គីនី (Lamborghini HURACAN STO) ពណ៌ទឹកក្រូច ពាក់ស្លាកលេខ កម្ពុជា F.R.999 បើកបរដោយជនជាតិចិន១ក្រុម ធ្វើដំណើរស្របទិសគ្នា ក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលទៅបុកម៉ូតូជនរងគ្រោះ ពីក្រោយ ពេញទំហឹង បណ្តាលឱ្យខ្ទាតម៉ូតូជាច្រើនម៉ែត្រ និងបណ្តាលឱ្យបុរសជាអ្នកជិះម៉ូតូស្លាប់នៅនឹងកន្លែងយ៉ាងអាណោចអាធ័ម។

ប្រភពដដែល បន្តថា បន្ទាប់ពីបង្កហេតុរួច រថយន្តបង្កហេតុ បានព្យាយាមបើករត់គេចចេញពីផ្លូវសហព័ន្ធរុស្ស៊ី ចូលផ្លូវ២០០៤ ឆ្ពោះទៅ ផ្លូវដួងងៀប ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ទើបប្រជាពលរដ្ឋនាំគ្នាស្ទាក់ឃាត់ជាប់។ បន្ទាប់មក ឃើញជនជាតិចិន ដែលជិះក្នុងរថយន្ត បង្កហេតុ បានចុះពីរថយន្តបង្កហេតុ រួចឡើងជិះរថយន្តទំនើប ១គ្រឿងផ្សេងទៀត ម៉ាក BMW ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ កម្ពុជា MR.TOMI បម្រុងគេចខ្លួនបន្តទៀត តែត្រូវបានប្រជាពលរដ្ឋនាំគ្នាស្ទាក់ឃាត់ភ្លាមៗ។

ប្រភពខាងលើ បញ្ជាក់ថា បន្ទាប់មក ឃើញបុរសជនជាតិចិនម្នាក់ បានចុះមកពីរថយន្តទំនើប ម៉ាក BMW សំពះប្រជាពលរដ្ឋដែលតាម ស្ទាក់ឃាត់រថយន្ត និងប្រាប់ថាខ្លួនឈ្មោះបា ហ្វីដូ ទើបមហាជនបានដឹងថា តាមពិតបុរសជនជាតិចិន រូបនេះ គឺជាតារាល្បីតាមបណ្តាញសង្គម Facebook និង TikTok ខាងធ្វើម្ហូប ឈ្មោះ បា ហ្វីដូ (Ba Fido)។

នៅចំពោះមុខប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន គេឃើញតារា ទិកទៀក បា ហ្វីដូ (Ba Fido) បានលើកដៃសំពះ រួចនិយាយបដិសេធថា រូបគេមិនមែនជាអ្នកបើកបររថយន្តនោះទេ ហើយអ្នកបើកបរនោះ គឺជាមិត្តភក្តិរបស់ខ្លួនម្នាក់ទៀត ខ្លួនគ្រាន់តែរួមដំណើរក្នុងរថយន្តជាមួយគ្នា ប៉ុណ្ណោះ៕

RELATED ARTICLES