ទីផ្សារប្រេង៖ យោងតាមការស្ទាបស្ទង់ថ្មីមួយដោយ Reuters ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារឲ្យដឹងថា អ៊ីរ៉ង់បង្កើនទិន្នផលប្រេងរបស់ខ្លួនបានប្រមាណជា២០.០០០បារ៉ែលក្នុងមួយថ្ងៃក្នុងខែមករាបន្ទាប់ពីប្រទេសនេះត្រូវបានលើកលែងពីការកាត់បន្ថយផលិតកម្មរបស់អង្គការ OPEC ។
កិច្ចព្រមព្រៀងមួយដែលសម្រេចបានឡើងកាលពីថ្ងៃទី១០ខែធ្នូរវាងសមាជិកអង្គការ OPEC និងបណ្តាប្រជាជាតិផលិតប្រេងមិនមែនសមាជិកអង្គការនេះបានកត់សម្គាល់ជាលើកដំបូងនូវកតិកាសញ្ញាប្រភេទនេះចាប់តាំងពីឆ្នាំ២០០១ ។
ក្រោមការព្រមព្រៀងនេះ បណ្តាអ្នកផលិតប្រេងជាច្រើនបានយល់ព្រមកាត់បន្ថយទិន្នផលប្រេងជិត១,២លានបារ៉ែលក្នុងមួយថ្ងៃដែលចាប់ផ្តើមពីខែមករាឆ្នាំ២០១៧ ដើម្បីសម្រួលនូវបរិមាណប្រេងដែលពិភពលោកដែលមានចំនួនច្រើនលើសលុប ដែលបានដាក់ទម្ងន់លើតម្លៃប្រេងក្នុងអំឡុងពេលជាង២ឆ្នាំមកនេះ ។
អ៊ីរ៉ង់ត្រូវបានលើកលែងមិនចាំបាច់កាត់បន្ថយផលិតកម្មតាមរយៈកិច្ចព្រមព្រៀងរបស់ OPEC ជាគុណប្រយោជន៍មួយសម្រាប់រដ្ឋាភិបាលក្រុងតេហេរ៉ង់ដែលបានជជែកថាខ្លួនចាំបាច់ត្រូវបង្កើនផ្សារហ៊ុនឡើងវិញពី អ្វីដែលអ៊ីរ៉ង់បានបាត់បង់ក្រោមការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្មវិធីរបស់នុយក្លេអែររបស់ប្រទេសអ៊ីរ៉ង់។
ទីភ្នាក់ងារព័ត៌មាន Shana បានស្រង់សម្តីរដ្ឋមន្ត្រីប្រេងអ៊ីរ៉ង់លោក Bijan Namdar Zanganeh ថាទិន្នផលប្រេងឆៅរបស់អ៊ីរ៉ង់គឺមានចំនួន៣,៩លានបារ៉ែលក្នុងមួយថ្ងៃក្នុងខែមករា ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា