ទីផ្សារថាមពល
មីយ៉ាន់ម៉ា៖ រោងចក្រថាមពលឧស្ម័នធម្មជាតិ The Thaketa ដែលជាសម្ព័ន្ធអាជីវកម្មរវាងចិននិងមីយ៉ាន់ម៉ា នឹងត្រឹមត្រៀមខ្លួនរួចជាស្រេចក្នុងការផ្គត់ផ្គង់អគ្គិសនីដល់ក្រុងរ៉ង់ហ្គូននៅចុងឆ្នាំ២០១៧ នេះបើយោងតាមការឲ្យដឹងពីអ្នកចាត់ការទូទៅនៃគម្រោងបានបង្ហើប។
លោក Dong Fan បានថ្លែងប្រាប់ឯកអគ្គរដ្ឋទូតចិនលោក Hong Liang ក្នុងអំឡុងពេលទស្សនកិច្ចទៅកាន់រោងចក្រខាងលើថាគម្រោងនេះនឹងមានសមត្ថភាពដំឡើងបានថាមពល៧២មេហ្គាវ៉ាត់នៅចុងឆ្នាំ២០១៧ ហើយនឹងបន្ថែម៣៤មេហ្គាវ៉ាត់ទៀតក្នុងខែកុម្ភះឆ្នាំ២០១៨ ដើម្បីបញ្ចប់នូវដំណាក់កាលទី១របស់ខ្លួន ។
មន្ត្រីមួយរូបដែលបម្រើការក្នុងគម្រោងខាងលើឲ្យដឹងថាគម្រោងថ្មីនេះនឹងជួយសម្រួលដល់ការប្រឈមនឹងកង្វះខាតអគ្គិសនីប្រើប្រាស់ក្នុងក្រុងរ៉ង់ហ្គូន ។
ដំណាក់កាលទី១នៃគម្រោងបានចាប់ផ្តើមកាលពីថ្ងៃទី១២ខែឧសភាឆ្នាំ២០១៦ ជាមួយនិងការដាក់ទិសដៅបិទបញ្ចប់និងដាក់ឲ្យដំណើរការនៅខែមីនាឆ្នាំ២០១៨។ គម្រោងក្នុងសង្កាត់ Thaketa ដែលស្ថិតនៅចម្ងាយ១៦គីឡូម៉ែត្រនៃភាគខាងកើតក្រុងរ៉ង់ហ្គូននិង២៥,៦គីឡូម៉ែត្រពីតំបន់សេដ្ឋកិច្ចពិសេស Thilawa ។
គួរបញ្ជាក់ថាការចុះអនុស្សរណៈយោគយល់គ្នាលើគម្រោងនេះត្រូវបានចុះហត្ថលេខាក្នុងអំឡុងខែមករាឆ្នាំ២០១៣ ហើយកិច្ចព្រមព្រៀងនៃអនុស្សរណៈនេះត្រូវបាចុះហត្ថលេខាក្នុងខែវិច្ឆិកាឆ្នាំ២០១៤ ។ ចំណែកសម្ព័ន្ធអាជីវកម្មនេះបានទទួលអាជ្ញាប័ណ្ណប្រតិបត្តិរបស់ខ្លួនកាលពីថ្ងៃទី២៥ខែមករាឆ្នាំ២០១៦ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា