Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកូនក្រមុំចេញពីផ្ទះបាត់ទាំងយប់ ម៉ែប្តឹងប៉ូលិស

កូនក្រមុំចេញពីផ្ទះបាត់ទាំងយប់ ម៉ែប្តឹងប៉ូលិស

ខេត្តកណ្តាល ៖ យុវតីរូបស្រស់ម្នាក់ ត្រូវបានមិត្តភក្តិស្រីម្នាក់ ជិះម៉ូតូមកដឹកចេញពីផ្ទះបាត់ទាំងយប់ និងមិនឃើញវិលត្រឡប់មកផ្ទះវិញ ធ្វើឲ្យម្តាយមានការព្រួយបារម្ភពីសុវត្ថិភាពកូនក្រមុំ ក៏រត់មកដាក់ពាក្យបណ្តឹង សុំអន្តរាគមន៍សមត្ថកិច្ច ជួយតាមស្វែងរក បន្ទាប់ពីក្រុមគ្រួសារព្យាយាមតាមស្វែងរក អស់រយៈពេល៣ថ្ងៃទៅហើយ នៅតែមិនមានតម្រុយសោះ។

យុវតីដែលបាត់ខ្លួន មានឈ្មោះប៉ិច ពិសី អាយុ១៧ឆ្នាំ (កើតថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៧) មានលំនៅ ភូមិព្រែកក្របៅទី២ សង្កាត់ព្រែកអម្ពិល ក្រុងអរិយក្សត្រ។ យុវតីរូបនេះ បានចេញបាត់ពីផ្ទះ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

តាមប្រភពមជ្ឈមណ្ឌលប្រចាំបញ្ហា HOTLINE 117 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កាលពីវេលាម៉ោង ១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចប្រចាំបញ្ជា បានទទួលព័ត៌មានពីប្រជាពលរដ្ឋឈ្មោះប៉ិច រតនា ភេទស្រី មានលំនៅ ភូមិព្រែកក្របៅទី២ សង្កាត់ព្រែកអម្ពិល ក្រុងអរិយក្សត្រ និងត្រូវជាម្តាយបង្កើតរបស់យុវតីខាងលើ ដោយបានប្តឹងពីករណីបាត់កូនស្រី ឈ្មោះប៉ិច ពិសី កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានក្មេងស្រី១នាក់ មិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូម៉ាកហុងដា ប៊ីត ពណ៌ខៀវ បានមកដឹកកូនស្រីរបស់គាត់ ឈ្មោះ ប៉ិច ពិសី ចេញពីផ្ទះ ដោយមិនដឹងមូលហេតុ ហើយរហូត មកដល់ពេលនេះ នៅមិនទាន់ត្រឡប់មកផ្ទះវិញនៅឡើយ ទើបគាត់បានសុំឱ្យសមត្ថកិច្ចប្រចាំបញ្ហា HOTLINE 117 ជួយអន្តរាគមន៍។

ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានករណីខាងលើ សមត្ថកិច្ចប្រចាំបញ្ជា បានបញ្ជូនព័ត៌មានទៅលោកវរ សេនីយ៍ត្រី គឹន សុក្រិត នាយប៉ុស្តិ៍នគរបាលឃុំព្រែកអម្ពិល ដើម្បីអន្តរាគមន៍បន្ទាន់។

ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងជំនាញប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអម្ពិល បានចុះទទួលពាក្យបណ្តឹងពីជនរងគ្រោះ និងធ្វើការសាកសួរបន្ថែម។

តាមសម្តីរបស់ស្ត្រីឈ្មោះប៉ិច ប្រិប អាយុ៥៥ឆ្នាំ មុខរបរកសិករ ត្រូវជាម្តាយរបស់យុវតីដែលបាត់ខ្លួន បានរៀប រាប់ប្រាប់ថា កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ កូនស្រីគាត់ឈ្មោះ ប៉ិច ពិសី បានចេញពីផ្ទះ ដោយមិនដឹងមូលហេតុ ដោយមានក្មេងស្រីម្នាក់ទៀត បានជិះម៉ូតូ ១គ្រឿង មកដឹកកូនស្រីគាត់ចេញទៅ ហើយមកដល់ពេលនេះ មិនទាន់មកផ្ទះវិញទេ។

ជុំវិញករណីខាងលើនេះ សមត្ថកិច្ចបានធ្វើការផ្សព្វផ្សាយទៅតាមបណ្តាគោលដៅទាំងអស់ ដើម្បីស្រាវជ្រាវរកយុវតីដែលបាត់ខ្លួននោះ៕

RELATED ARTICLES