Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ជិះម៉ូតូបុកក្របី មនុស្ស...ស្លា...ប់ ក្របីងាប់

 ជិះម៉ូតូបុកក្របី មនុស្ស…ស្លា…ប់ ក្របីងាប់

ខេត្តកោះកុង ៖ យុវជន ២នាក់ ជិះម៉ូតូ១គ្រឿង ដឹកគ្នាក្នុងល្បឿនលឿន រួចជ្រូលទៅបុកសត្វក្របី ១ក្បាល យ៉ាងពេញទំហឹង បណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ ចំណែកសត្វក្របីក៏ងាប់នៅនឹងកន្លែងផងដែរ។ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅឃុំតានូន ស្រុកបទុមសាគរ។

យុវជនរងគ្រោះដែលជិះម៉ូតូបុកសត្វក្របី បណ្តាលឱ្យស្លាប់ មានឈ្មោះស្រី រស្មី ភេទប្រុស អាយុ២២ឆ្នាំ ជាអ្នកបើកបរម៉ូតូ មានលំនៅ ភូមិទួលពោធិ៍ ឃុំតានូន ស្រុកបទុមសាគរ។ ចំណែកយុវជនម្នាក់ទៀត ដែលរួមដំណើរជាមួយ និងរងរបួសធ្ងន់ មានឈ្មោះខាត់ សុខឃីម អាយុ២៥ឆ្នាំ មានលំនៅ ភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង២នាក់ខាងលើ បានជិះម៉ូតូ ១គ្រឿង ម៉ាកអ៊ិចស៊ិនទ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ ដឹកគ្នាក្នុងល្បឿនយ៉ាងលឿន លុះមកដល់ត្រង់ចំណុចកើតហេតុ ជ្រុលបុកសត្វក្របី ១ក្បាល បណ្តាលឱ្យស្លាប់នៅនឹងកន្លែងម្នាក់ ចំណែកម្នាក់ទៀត រងរបួសធ្ងន់ និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ រីឯសត្វក្របី ក៏ងាប់ភ្លាមៗផងដែរ។

លោកចាន់ រដ្ឋា នាយនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំតានូន បានឱ្យដឹងថា មូលហេតុដែលនាំឱ្យកើតមានគ្រោះថ្នាក់ខាងលើ គឺដោយសារអ្នកបើកបរបើកល្បឿនលឿនពេក ខ្វះការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ សមត្ថកិច្ចបានអូសយក ម៉ូតូទៅរក្សាទុក ដើម្បីស្រាវជ្រាវរកមុខម្ចាស់សត្វក្របី មកមកដោះស្រាយតាមផ្លូវច្បាប់។

ដោយឡែក សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES