Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្តីឈ្លោះប្រពន្ធ ដុតផ្ទះឆេះហ្មត់

ប្តីឈ្លោះប្រពន្ធ ដុតផ្ទះឆេះហ្មត់

ខេត្តព្រះវិហារ ៖ ប្តីប្រពន្ធ ២នាក់ បានកើតមានជម្លោះពាក្យសម្តីនឹងគ្នា ស្រាប់តែបុរសជាប្តីផ្ទុះកំហឹងខ្លាំង បានធ្វើសកម្មភាពដុតផ្ទះខ្លួនឯងចោល រួចរត់គេចខ្លួនបាត់។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិកំពង់ក្រសាំង ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប។

ជនបង្កហេតុដែលទាស់សម្តីជាមួយប្រពន្ធ ដុតផ្ទះខ្លួនឯងចោលនោះ មានឈ្មោះគឿង រ៉ន ភេទប្រុស អាយុ៣៧ ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះនួន ណយ អាយុ៣០ឆ្នាំ មុខរបរកសិករ។ ប្តីប្រពន្ធអ្នកទាំងពីរ សព្វថ្ងៃរស់ នៅភូមិកំពង់ក្រសាំង ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប។ ចំណែកផ្ទះដែលរងការឆាបឆេះអស់ទាំងស្រុង មានទំហំ ៥ម៉ែត្រ គុណនឹង ៦ម៉ែត្រ ធ្វើអំពីឈើប្រក់ដំបូលស័ង្កសី។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ប្តីប្រពន្ធទាំង២ខាងលើ បានកើតមានជម្លោះពាក្យសម្តីនឹងគ្នា ស្រាប់តែបន្តិចក្រោយមក បុរសជាប្តី បានធ្វើសកម្មភាពដុតផ្ទះចោលតែម្តង បង្កឱ្យកើតមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ ខូចខាតទ្រព្យសម្បត្តិ និងសម្ភារៈ រួមមាន ៖  ផ្ទះ ១ខ្នងទាំងស្រុង ស្រូវ ចំនួន៤៧បេ លុយ ចំនួន ១លាន៥០ម៉ឺនរៀល ទូទឹកកក ចំនួន១គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។

ក្រោយពីបង្កហេតុរួច ជនបង្កហេតុជាប្តី បានរត់គេចខ្លួនបាត់ ហើយករណីនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួនជនបង្កហេតុខាងលើ ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES