ខេត្តបាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្តីបំភ្លឺព័ត៌មានពាក់ព័ន្ធនឹងកាលពីថ្មីៗនេះ មានបណ្តាញសង្គម បានបង្ហោះពីករណីបាក់ស្រុតច្រាំងស្ទឹងសង្កែ។
យោងតាមសេចក្តីបំភ្លឺព័ត៌មានរបស់រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋបាលខេត្ត បានទម្លាក់កម្ពស់ទឹកស្ទឹងសង្កែ ដើម្បីសាងសង់ស្ថានីយបូមទឹកឆៅ សម្រាប់ផ្គត់ផ្គង់រោងចក្រផលិតកម្មទឹកស្អាត ដែលជាជំនួយហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា មានសមត្ថភាពផលិតទឹកស្អាត បាន ៥០ ០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលមានទីតាំងស្ថិតនៅភូមិកំពង់សីមា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ប៉ុន្តែគួរឱ្យសោកស្តាយ ដោយសារបន្ទាប់ពីការទម្លាក់កម្ពស់ទឹករួច យើងពិនិត្យឃើញថា ច្រាំងស្ទឹងដែលទើបនឹងកសាងរួច មានកន្លែងខ្លះត្រូវបាក់ស្រុត ដែលកន្លងមក ក្រុមហ៊ុនបានខិតខំធ្វើការកសាងយ៉ាងយកចិត្តទុកដាក់ចំពោះទីតាំងច្រាំងស្ទឹង ដែលធ្លាប់តែបាក់ស្រុតនេះ ដោយកាយ យកដីស្អុយចេញ និងចាក់បំពេញដីឥដ្ឋ និងក្រាលដុំថ្ម ដោយកិនបង្ហាប់តាមស្រទាប់នីមួយៗ។ ច្រាំងស្ទឹងដែលបាក់ស្រុតនេះ ស្ថិតក្នុងអំឡុងពេលសុពលភាពជួសជុលថែទាំរបស់ក្រុមហ៊ុននៅឡើយ ដូចនេះក្រុមហ៊ុន នឹងបន្តសិក្សាលក្ខណៈបច្ចេកទេសបន្ថែមទៀត ដើម្បីរៀបចំជួសជុលច្រាំងស្ទឹងឡើងវិញ ហើយរដ្ឋបាលខេត្ត នឹងពិនិត្យតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះលក្ខណៈបច្ចេកទេស ដែលក្រុមហ៊ុន នឹងបន្តធ្វើការជួសជុលឡើងវិញ នៅពេលខាងមុខនេះ។
សូមជម្រាបថា រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីបំភ្លឺព័ត៌មានដូចខាងលើនេះ បន្ទាប់ពីមានបណ្តាញសង្គមបានផ្សាយថា ច្រាំងដងស្ទឹងសង្កែ ត្រើយខាងលិច ក្បែរវិមានឯករាជ្យ ដែលទើបសាងសង់មិនទាន់បាន ១ឆ្នាំផង ស្រាប់តែពេលនេះបានបាក់ស្រុត ជាហេតុធ្វើឱ្យ ប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈពួកគាត់ដើរហាត់ប្រាណ នាពេលព្រឹក និងល្ងាច៕