Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកេះដែកកេះជក់ថ្នាំញៀន ឆេះរោងដាក់ទូក ជាប់ខ្នោះ

កេះដែកកេះជក់ថ្នាំញៀន ឆេះរោងដាក់ទូក ជាប់ខ្នោះ

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ បានសម្ងំជក់ថ្នាំញៀន នៅក្នុងរោងដាក់ទូក ១កន្លែង លុះក្រោយមក បង្កឱ្យមានការឆាបឆេះរោងដាក់ទូក យ៉ាងសន្ធាសន្ធៅ ធ្វើឱ្យខូចខាតអស់ទាំងស្រុង ទីបំផុតត្រូវសមត្ថកិច្ចចុះចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ករណីជនញៀនថ្នាំ ជក់ថ្នាំញៀន បង្កឱ្យឆេះរោងដាក់ទូកនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង០៥នាទីរសៀល ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅត្រង់ចំណុចរោងដាក់ទូក ១កន្លែង ស្ថិតក្នុងភូមិព្រែកប៉ុក សង្កាត់ព្រែកស្តី ក្រុងសំពៅពូន។

ជនរងគ្រោះជាម្ចាស់រោងដាក់ទូក មានឈ្មោះគឺ ស៊ាងអ៊ន ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរកសិករ មានលំនៅ ភូមិព្រែកប៉ុក សង្កាត់ព្រែកស្តី ក្រុងសំពៅពូន។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះផន និត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិតាមេម សង្កាត់ព្រែកស្តី ក្រុងសំពៅពូន។ រីឯវត្ថុតាងចាប់យក រួមមាន ដែកកេះ ពណ៌ស្វាយ១ ទៀនពណ៌ក្រហម ២ដើម។ ដោយឡែកសម្ភារៈខូចខាត រួមមាន ១-ឆេះរោងធ្វើអំពីឈើ សសរឈើ ប្រក់សង្ក័សី ទំហំ ១០ម៉ែត្រ គុណនឹង ២០ម៉ែត្រ និង ២-ទូកធ្វើអំពីឈើ ចំនួន៣គ្រឿង។

 តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ជនសង្ស័យខាងលើ បានត្រឡប់មកពីរើសអេតចាយវិញ ក៏បានចូលទៅសម្ងំប្រើប្រាស់គ្រឿងញៀននៅក្នុងរោងដាក់ទូកខាងលើ (ទីតាំងកើតហេតុ)។

ប្រភពដដែល បន្តថា លុះពេលជនសង្ស័យប្រើដែកកេះដុតទៀន ដើម្បីរោលថ្នាំញៀនជក់ មិនប្រយ័ត្ន ធ្វើឱ្យភ្លើងឆេះ លុះឃើញភ្លើងឆេះបែបនេះ ជនសង្ស័យបានរត់ចេញពីកន្លែងកើតហេតុ ចំណែកភ្លើងបានបន្តឆេះរាលដាលដល់រោងដាក់ទូកទាំងមូលតែម្តង។

ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងផ្នែកជំនាញ និងកម្លាំងអន្តរាគមន៍ក្រុងសំពៅពូន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលព្រែកស្តី បានចុះទៅកន្លែងកើតហេតុ ដើម្បីជួយពន្លត់អគ្គិភ័យខាងលើ រហូតដល់ភ្លើងបានរលត់ទាំងស្រុង ១០០ភាគរយ។

បន្ទាប់មក កម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ រួមជាមួយវត្ថុតាង នាំយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្ងំជក់ថ្នាំញៀន នៅក្នុងរោងដាក់ទូកខាងលើ និងបង្កឱ្យមានភ្លើងឆេះរោងដាក់ទូកនោះមែន។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES