Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឃាត់ខ្លួនថៅកែថង់ប្លាស្ទិក ចេញសែកស្អុយ ២ម៉ឺនដុល្លារ

ឃាត់ខ្លួនថៅកែថង់ប្លាស្ទិក ចេញសែកស្អុយ ២ម៉ឺនដុល្លារ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានចាប់ឃាត់ខ្លួនបុរសម្នាក់ ជាអ្នកលក់បោះដុំថង់ប្លាស្ទិកច្រកទំនិញគ្រប់មុខ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីចេញសែកស្អុយ ជាង២ម៉ឺនដុល្លារ។

បុរសដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះសុខ ស័ក្តបញ្ញាណិត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលក់ បោះដុំថង់ច្រកទំនិញគ្រប់មុខ មានលំនៅក្នុងបុរីហុងឡាយ ផ្លូវលេខ៥ ផ្ទះលេខ១៩ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃក្រសួងមហាផ្ទៃ ដឹកនាំដោយលោកវរសេនីយ៍ទោ ឈួន ហួរ បានចុះអនុវត្តដីកាបញ្ជាឱ្យចូលខ្លួនរបស់លោកច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទៅលើឈ្មោះសុខ ស័ក្តបញ្ញាណិត តាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះស្វាយ សារ៉ាតតារាវុធ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

អង្គហេតុនៃការឃាត់ខ្លួននោះ បានបញ្ជាក់ថា កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះសុខ ស័ក្តបញ្ញាណិត បានទំនាក់ទំនងនិងលួងលោមជនរងគ្រោះ ដើម្បីឱ្យដាក់ទុនធ្វើការងាររកស៊ីជាមួយគ្នា ក្នុងទំហំទឹកប្រាក់ ចំនួន២៣ ០០០ដុល្លារ។ ដោយជនសង្ស័យបានធានា អះអាងថា បើសិនជាការងារនោះរកស៊ីទៅមានផលចំណេញ ឬមិនកាក់កបយ៉ាងណាក្តី រូបគេ (ជនសង្ស័យ) នឹងប្រគល់ប្រាក់ឱ្យជនរងគ្រោះគ្រប់ចំនួនវិញ ក្នុងរយៈពេល៣ខែ។ ដោយមានការជឿទុកចិត្តលើមនុស្សជាអ្នករាប់អានគ្នា ជនរងគ្រោះបានប្រគល់ប្រាក់សុទ្ធ ចំនួន ២៣ ០០០ដុល្លារ  ឱ្យទៅជនសង្ស័យ នៅក្នុងបុរីហុងឡាយ ផ្ទះលេខ១៩ ផ្លូវលេខ៥ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

លុះដល់ថ្ងៃកំណត់ ជនសង្ស័យមិនបានប្រគល់ប្រាក់ឱ្យជនរងគ្រោះនោះទេ តែបានចេញមូលប្បទានបត្រ (សែក) របស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) ចំនួន២សន្លឹក (១សន្លឹក មានទឹកប្រាក់៩ពាន់ដុល្លារ និង១សន្លឹកទៀត មានទឹកប្រាក់ចំនួន ១៤ ០០០ដុល្លារ) ដើម្បីឱ្យជនរង គ្រោះទៅដកប្រាក់នោះពីកុងធនាគារ។

ក្រោយពីទទួលបានមូលប្បទានបត្រ (សែក) ចំនួន២សន្លឹកនោះរួចហើយ ដល់ថ្ងៃកំណត់ ជនរងគ្រោះ បានយកមូលប្បទានបត្រនោះ ទៅបើកប្រាក់នៅធនាគារ ស្រាប់តែខាងធនាគារ បញ្ជាក់ថា មូលប្បទានបត្រនោះ មិនមានសាច់ប្រាក់ទេ គឺសែកស្អុយ។ លុះពេលដឹងថា សែកស្អុយហើយ ជនរងគ្រោះបានព្យាយាមទាក់ទងទៅជនសង្ស័យដែរ តែមិនអាចរកដំណោះស្រាយបាន ដោយជនសង្ស័យព្យាយាមគេចពីបំណុលនោះរហូត ទើបជនរងគ្រោះសម្រេចប្តឹងសមត្ថកិច្ចឱ្យជួយចាត់ការតាមច្បាប់តែម្តង៕

RELATED ARTICLES