Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ពងជាង២ម៉ឺនគ្រាប់ លួចនាំចូលពីយួន

ចាប់ពងជាង២ម៉ឺនគ្រាប់ លួចនាំចូលពីយួន

ខេត្តព្រៃវែង ៖ ក្រុមការងារអន្តរាគមន៍ បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តព្រៃវែង បានឃាត់ចាប់រថយន្ត ១គ្រឿង ដែលបានដឹកស៊ុតមាន់ និងស៊ុតទា ចំនួនជាង២ម៉ឺនគ្រាប់ នាំចូលពីប្រទេសវៀតណាម ដោយគ្មានលិខិតអនុញ្ញាត។

ការស្ទាក់ចាប់រថយន្តដឹកស៊ុតមាន់ទា ជាង២ម៉ឺនគ្រាប់នេះ បានធ្វើឡើង កាលពីវេលាម៉ោង ១និង៤៥នាទីរសៀល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិឃ្លាំង ឃុំឈើកាច់ ស្រុកបាភ្នំ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ក្រុមការងារអន្តរាគមន៍ បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តព្រៃវែង បានឃាត់ចាប់រថយន្ត ១គ្រឿង ម៉ាកសាំងយ៉ុង ជាប្រភេទរថយន្តដឹកអ្នកដំណើរ ចំណុះ១៥កៅអី ពាក់ស្លាកលេខ ភ្នំពេញ 2L-7845 ពណ៌ស ដឹកស៊ុតមាន់ និងស៊ុតទា ចំនួន ២៤០០០គ្រាប់ នៅចំណុចភូមិឃ្លាំង ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ប្រភពដដែល បន្តថា រថយន្តខាងលើនេះ បានដឹកស៊ុតមាន់ និងស៊ុតទា មកពីប្រទេសវៀតណាម តាមច្រក ស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ឆ្ពោះទៅចែកចាយលក់នៅក្នុងខេត្តព្រៃវែង ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់។ នេះបើតាមការឆ្លើយបញ្ជាក់ពីម្ចាស់រថយន្តដឹកស៊ុត។

ក្រុមការងារបាននាំយកវត្ថុតាង និងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធី៕

RELATED ARTICLES