Sunday, October 27, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឆក់ទូរស័ព្ទនារីបរទេស ជាប់ខ្នោះ២

ឆក់ទូរស័ព្ទនារីបរទេស ជាប់ខ្នោះ២

ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ បានជិះម៉ូតូដឹកគ្នា ធ្វើសកម្មភាពឆក់ទូរស័ព្ទនារីបរទេសម្នាក់កំពុងដើរតាមផ្លូវ បានសម្រេច តែគាប់ជួនត្រូវបានកម្លាំងសមត្ថកិច្ចកំពុងល្បាតប្រទះឃើញ ក៏ប្រដេញតាមចាប់ក្របួចជាប់ទាំង២នាក់ នាំយកទៅចាត់ការតាមច្បាប់។

ករណីឆក់ទូរស័ព្ទនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣៣នាទីយប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្លូវលេខ៥១ កែងផ្លូវលេខ២២២ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ហើយភ្លាមៗនោះ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌ ប្រទះឃើញ ប្រដេញតាមឃាត់ខ្លួនជនសង្ស័យទាំង២នាក់បាន នៅចំណុចផ្លូវសម្តេចតេជោហ៊ុនសែន (ក្រោយវិមានរដ្ឋសភា) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ទី១-ឈ្មោះនៅ សុខបញ្ញា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលម្តុំវត្តចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ (ជាអ្នកបើកម៉ូតូ) និងទី២-ឈ្មោះរឿន ជីវ័ន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិក្រាំងពន្លៃ ឃុំវាំងចាស់ ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ (ជាជនដៃដល់ធ្វើសកម្មភាព)។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅវេលាម៉ោង ៧និង៣៣នាទីយប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧត្តម សេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វន នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដោយមានការចូលរួមសហការពីលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យ ចុះល្បាតតាមផ្លូវលេខ៥១ កែងផ្លូវលេខ២២២ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូចំនួន១គ្រឿង មានគ្នាចំនួន២នាក់ បានធ្វើសកម្មភាពឆក់ទូរស័ព្ទនារីជនបរទេស ដែលកំពុងដើរ បានសម្រេច។

ភ្លាមនោះកម្លាំងជំនាញការិយាល័យធ្វើការប្រដេញ និងឃាត់ខ្លួនជនសង្ស័យបានទាំង២នាក់ នៅចំណុចផ្លូវសម្តេចតេជោហ៊ុនសែន (ក្រោយវិមានរដ្ឋសភា) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន  ដោយដកហូតសម្ភារៈ រួមមាន ម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KN-3282 (ជារបស់ជន សង្ស័យ) និងទូរស័ព្ទដៃម៉ាក iPhone 13 (ជារបស់ជនរងគ្រោះ)។

ទូរស័ព្ទខាងលើ ត្រូវបានកម្លាំងជំនាញប្រគល់ឱ្យនារីរងគ្រោះវិញ។ ចំណែកជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES