Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកាយដីលក់ ប៉ះគ្រាប់ទម្លាក់ពីយន្តហោះអាមេរិក

កាយដីលក់ ប៉ះគ្រាប់ទម្លាក់ពីយន្តហោះអាមេរិក

ខេត្តកំពង់ចាម ៖ គ្រឿងចក្រ ១គ្រឿង កំពុងជីកកាយដីលក់ ស្រាប់តែប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ប្រភេទ M117 កប់នៅក្នុងដី សំណាងល្អមិនផ្ទុះ ទើបធ្វើឱ្យកើតមានការផ្អើលឆោឡោ ប្រញាប់រាយការណ៍ប្រាប់អាជ្ញាធរមូលដ្ឋាន និងកម្លាំងជំនាញស៊ីម៉ាក់ ចុះអន្តរាគមន៍ភ្លាមៗ។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចកន្លែងជីកដីលក់មួយកន្លែង ស្ថិតក្នុងភូមិច្រណោម ឃុំបុសខ្នុរ ស្រុកចម្ការលើ។

តាមប្រភពសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ មានប្រជាពលរដ្ឋ បានរាយការណ៍ថា បានប្រទះឃើញគ្រាប់ ចំនួន១គ្រាប់ ស្ថិតនៅវាលចម្ការមួយកន្លែង ស្ថិតក្នុងភូមិច្រណោម ឃុំបុសខ្នុរ ស្រុកចម្ការលើ។

ក្រោយពីទទួលបានព័ត៌មាន លោកនាយប៉ុស្តិ៍រដ្ឋបាលបុសខ្នុរ បានរាយការណ៍មកលោកអធិការ ហើយលោកអធិការ បានចាត់ឱ្យកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក សហការជាមួយប្រជាការពារ រាយការណ៍ជូនទៅស៊ីម៉ាក់ ចុះដល់ទីតាំងខាងលើ ហើយពិនិត្យឃើញថា គ្រាប់ M117 ចំនួន១គ្រាប់ នោះជាប្រភេទគ្រាប់ទម្លាក់ពីលើយន្តហោះ GR:538690/1343384 ផលិតនៅសហរដ្ឋអាមេរិក។

លោកលៀង គីមហៀង អនុប្រធានកងឯកភាពកម្ចាត់មីនទី៥ ទទួលបន្ទុកកិច្ចការប្រតិបត្តិការ នៃអង្គការស៊ីម៉ាក់ បានឱ្យដឹងកាលពីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ថា បន្ទាប់ពីទទួលបាននូវព័ត៌មានដែលបងប្អូនប្រជាពលរដ្ឋរស់នៅឃុំរបស់ខ្នុរ ស្រុកចម្ការលើ បានប្រទះឃើញ គ្រាប់ទម្លាក់ពីលើយន្តហោះនេះ នៅចំណុចវាលចម្ការមួយកន្លែង។ បន្ទាប់មក លោកបានឱ្យមន្ត្រីស៊ីម៉ាក់ ចុះទៅកាន់តំបន់នោះ ដើម្បីពិនិត្យមើលជាក់ស្តែង ឃើញថា គ្រាប់នៅមានគុណភាពល្អ ១០០ភាគរយ។

ដើម្បីបញ្ចៀសគ្រោះថ្នាក់ជាយថាហេតុណាមួយ ក្រុមមន្ត្រីស៊ីម៉ាក់ បានដោះបន្សាបក្បាលគ្រាប់ចេញ ហើយបានសែងគ្រាប់នេះយកមកដាក់លើរថយន្ត រួចដឹកយកមករក្សាទុកជាបណ្តោះអាសន្ន នៅអង្គភាព ដែលស្ថិតនៅឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដើម្បីត្រៀមយកទៅកម្ទេចចោល នៅខេត្តកំពង់ឆ្នាំង។ ក្នុងនោះបំណែកគ្រឿងផ្ទុះខាងក្នុង នឹងត្រូវយកមកប្រើសម្រាប់កម្ទេចគ្រាប់ដែលមិនទាន់ផ្ទុះ នៅតំបន់ផ្សេងទៀត។

លោកគីម ហៀង អនុប្រធានកងឯកភាពកម្ចាត់មីនទី៥ ទទួលបន្ទុកកិច្ចការប្រតិបត្តិការនៃអង្គការស៊ីម៉ាក់បានបញ្ជាក់ថា យោងតាមការស្រាវជ្រាវ គ្រាប់ប្រភេទ M117 នេះជាប្រភេទគ្រាប់ទម្លាក់ពីលើយន្តហោះ អាចប្រើដោយកងទ័ពអាមេរិក និងសម្ព័ន្ធមិត្ត នៅក្នុងចន្លោះឆ្នាំ១៩៦៧-១៩៧៥ ដែលជាគ្រាប់ផលិតនៅសហរដ្ឋអាមេរិក ហើយប្រសិនបើគ្រាប់នេះទម្លាក់ពីលើយន្តហោះ មកដីផ្ទុះនោះ នឹងរងផលប៉ះពាល់ប្រមាណ ១គីឡូម៉ែត្របួនជ្រុង៕

RELATED ARTICLES