Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមការជីករ៉ែត្បូងខុសច្បាប់ នៅស្រុកបរកែវ អាជ្ញាធរបើកដៃឲ្យឈ្មួញ ?

ការជីករ៉ែត្បូងខុសច្បាប់ នៅស្រុកបរកែវ អាជ្ញាធរបើកដៃឲ្យឈ្មួញ ?

ខេត្តរតនគិរី ៖ តាមប្រភពប្រជាពលរដ្ឋនៅស្រុកបកែវ ខេត្តរតនគិរី បានឲ្យដឹងថា សព្វថ្ងៃមានមន្ត្រីខិលខូចមួយចំនួន បានគប់គិតគ្នាបើកដៃឱ្យឈ្មួញទុច្ចរិត បំផ្លាញទ្រព្យសម្បត្តិជាតិ កៀងគរប្រជាពលរដ្ឋ បងប្អូនជនជាតិដើមភាគតិច ទីទ័លក្រ ទៅផ្សងនឹងគ្រោះថ្នាក់ ជីករូង ចូលទៅក្នុងដី ដែលមានជម្រៅ ដើម្បីរុករករ៉ែត្បូងធម្មជាតិ មកលក់ឲ្យខ្លួន នៅក្នុងតម្លៃតាមតែមាត់ឈ្មួញ។

បងប្អូនប្រជាពលរដ្ឋ នៅទីតាំងរុករករ៉ែត្បូងធម្មជាតិ ដែលស្ថិតនៅភូមិកបត្រំ ឃុំទីងចាក់ ស្រុកបកែវ ខេត្តរតនគិរី និយាមកាមលេខ 48P 72 81 08 15 14 74 5 បានប្រាប់មកក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ថា ពួកគាត់ត្រូវបានកុងសែ ចំនួនពីរនាក់ ១-ឈ្មោះលាវ សាយ កុងសែទិញត្បូងដុះស្លែប្រចាំនៅស្រុកប កែវ និង ២- ឈ្មោះ រម៉ាម ព្រោង ជាមន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបកែវ បានហៅមកឱ្យជីកត្បូង ដើម្បីលក់ឱ្យពួកគេ ។

ប្រភពដដែល បានបន្តថា កុងសែ ដែលប្រចាំការជាប់លាប់ជារៀងរាល់ថ្ងៃ ឈ្មោះលាវ សាយ ហើយគាត់បានឱ្យលុយដល់កម្មករជីត្បូង ក្នុងមួយនាក់ ចំនួន ១ម៉ឺនរៀល បន្ថែមពីលើតម្លៃទិញត្បូង នៅក្នុងមួយថ្ងៃ ទោះបីជីកបានត្បូង ឬមិនបានក៏ដោយ ។

ទោះបីជាយ៉ាងណា នៅថ្ងៃដដែលនោះ លោកលាវ សាយ បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកគ្រាន់តែធ្វើការឲ្យគេតែប៉ុណ្ណោះ ថៅកែពិតប្រាកដនោះ មិនមែនលោកទេ គឺឧកញ៉ាចិន សំណាង ថៅកែលក់ ត្បូងពេជ្រ នៅឯរាជធានីភ្នំពេញ ដែលគាត់បានទាក់ទងសុំច្បាប់រួចរាល់អស់ហើយ តាំងពីស្រុក រហូតដល់ខេត្ត។ដោយឡែក លោក រម៉ាម ព្រោង មន្ត្រីប៉ូលិសអធិការដ្ឋានស្រុកបកែវ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកមិនពាក់ព័ន្ធ ឬនៅពីក្រោយការជីកត្បូងខុសច្បាប់នោះទេ ។

លោក កង សារឿន អភិបាលនៃគណៈអភិបាលស្រុកបកែវ បានប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ថា កន្លងមក លោកឧកញ៉ា ចិន សំណាង បានទូរស័ព្ទមកសុំធ្វើការរុករកត្បូងដែរ ប៉ុន្តែលោកបានបដិ សេធជាមួយគាត់ថា មិនអនុញ្ញាតឲ្យទេ បើចង់ធ្វើ ត្រូវរត់ច្បាប់ទម្លាប់ឲ្យបានត្រឹមត្រូវ។

ដោយឡែកមន្ត្រីមន្ទីររ៉ែនិងថាមពល ខេត្តរតនគិរី កាលពីម៉ោង ៩:០០នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានប្រាប់អ្នកសារព័ត៌មានថា លោកបានចុះទៅដល់សាលាស្រុកបកែវ ហើយ ដើម្បីទំនាក់ទំនងស្នើសុំកម្លាំងចុះទៅធ្វើការនៅទីតាំងរុករករ៉ែត្បូងនោះ ប៉ុន្តែលុះមកដល់វេលាម៉ោង ៤រសៀល ថ្ងៃដដែល មន្ត្រីមន្ទីរ៉ែនិងថាមពលខេត្តរតនគិរី បានទូរស័ព្ទប្រាប់ក្រុមអ្នកសារព័ត៌មានវិញថា រកមិនឃើញទីតាំងរុករករ៉ែខុសច្បាប់នោះទេ។

ជុំវិញករណីខាងលើនេះ អ្នកយកព័ត៌មាន មិនអាចទាក់ទងសុំការបំភ្លឺពីឧកញ៉ា ចិន សំណាង បានទេ កាលពីល្ងាចម្សិលមិញ។ ប៉ុន្តែលោកឧកញ៉ា ចិន សុផាត ហៅសំណាង ធ្លាប់បានធ្វើលិខិតបំភ្លឺ និងបដិសេធ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានការបញ្ជាក់ដឹងឮពីមេធាវី សែ ឡងឌី ថារូបលោកពុំបានបញ្ជា ឬណែនាំឲ្យប្រជាពលរដ្ឋធ្វើការជីកត្បូងនៅខេត្តរតនគិរី ដោយគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ ដូចមានពាក្យចចាមអារ៉ាម ក៏ដូច ជាការផ្សព្វផ្សាយរបស់សារព័ត៌មានមួយចំនួននោះទេ៕

RELATED ARTICLES