Saturday, October 26, 2024
Homeព័ត៌មានជាតិ ព្រះសពសម្តេចព្រះសង្ឃរាជ ទេព វង្ស ធ្វើបុណ្យ១០០ថ្ងៃ ទើបថ្វាយព្រះភ្លើង 

 ព្រះសពសម្តេចព្រះសង្ឃរាជ ទេព វង្ស ធ្វើបុណ្យ១០០ថ្ងៃ ទើបថ្វាយព្រះភ្លើង 

ភ្នំពេញ ៖ ព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ គណ:មហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយាងចូលទិវង្គត កាលពីវេលាម៉ោង១៧:៤០នាទីល្ងាច ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សា ដោយព្រះជរាពាធ នឹងត្រូវបន្តតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រ ពៃណីព្រះពុទ្ធសាសនា នៅវត្តឧណ្ណាលោម សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រហូតដល់គម្រប់១០០ថ្ងៃ ទើបធ្វើពិធីថ្វាយព្រះភ្លើង (បូជា) នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ នៅឈាបនដ្ឋាន មុខវត្តបទុមវតី ។

យោងតាមកម្មវិធីបុណ្យទក្ខិណានុប្បទាន ឧទ្ទិសព្រះរាជមហាកុសលថ្វាយព្រះវិញ្ញាណក្ខន្ធព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលចុះព្រះហស្តលេខាដោយសម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន ប្រធានអនុគគ ណ:កម្មការពិធីសាសនា បានបញ្ជាក់ពីកម្មវិធីបុណ្យព្រះសព និងពិធីថ្វាយព្រះភ្លើង ថា ចាប់ពីថ្ងៃទី០៥ ខែមីនាឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ព្រះមេគណរាជធានី-ខេត្ត ព្រះគ្រូអនុគណ បង្សុកូលតាមវេនជាប្រចាំ រហូតដល់ព្រះរាជពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃ ។ នៅថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៦:០០នាទីព្រឹក រៀបចំព្រះរាជពិធីដង្ហែព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត សម្ដេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់ព្រះមេរុ មុខវត្តបទុមវតីរាជវរារាម ប្រារព្ធព្រះរាជពិធីថ្វាយព្រះភ្លើង។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជានាចក្រកម្ពុជា បានអញ្ជើញដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធព្រះសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា នាវត្តឧណ្ណាលោម។ សម្ដេចហ៊ុន សែន សម្តេចហ៊ុន ម៉ាណែត មានសេចក្តីក្រៀមក្រំ ក្ដុលក្តួលជាអនេក ចំពោះការយាងចូលទិវង្គតរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះ រាជា ណាចក្រកម្ពុជា ដែលព្រះអង្គបានបូជាព្រះកាយក្នុងមួយព្រះជន្មរបស់ព្រះអង្គឧទ្ទិសដើម្បីព្រះពុទ្ធសាសនា បានគង់វង្ស និងចម្រើនរុងរឿង ពុទ្ធបរិស័ទចូលរួមគោរពប្រតិបត្តិតាមគន្លងពុទ្ធឱវាទ ហើយព្រះអង្គបានបន្សល់ទុកនូវស្នាព្រហស្តជាច្រើន ទាំងពុទ្ធចក្រ និងអាណាចក្រ។

សូមឧទ្ទិសថ្វាយព្រះរាជមហាកុសលចំពោះដួងព្រះវិញ្ញាណក្ខន្ធសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បានយាងទៅកាន់ឋានព្រះបរមសុខជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ៕ ខៀវទុំ

RELATED ARTICLES