Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានដេញចោល មន្ត្រីឱ្យកាំភ្លើងគេខ្ចី

 រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានដេញចោល មន្ត្រីឱ្យកាំភ្លើងគេខ្ចី

ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញវិធានការក្តៅដោយបញ្ជាឱ្យពង្រឹងការគ្រប់គ្រងអាវុធជាតិផ្ទុះ ឱ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីសន្តិសុខជាតិ រហូតព្រមានបណ្តេញចេញពីក្របខ័ណ្ឌ ចំពោះមន្ត្រីនគរបាលរូបណា ដែលឱ្យអាវុធដល់អ្នកដទៃខ្ចី។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងបែបនេះ ក្នុងពិធីបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។

ឧបនាយករដ្ឋមន្ត្រី ស សុខា បានថ្លែងថា “មកដល់ម៉ោងនេះ កងកម្លាំងនគរបាលទាំងអស់ មិនប្រើប្រាស់អាវុធខុសច្បាប់ទៀតនោះទេ តែបើមានប្រើប្រាស់អាវុធខុសច្បាប់ ឬមួយមិនមានការអនុញ្ញាត ឬឱ្យសំបុត្របេសកកម្ម និងអាវុធ ទៅឱ្យអ្នកដទៃខ្ចី ខ្ញុំគិតថា មិនចាំបាច់ទុកក្នុង ក្របខ័ណ្ឌអ្វីទៀតនោះទេ គប្បីបណ្តេញចេញភ្លាមតែម្តង ពីព្រោះកាំភ្លើងនេះ មិនធម្មតានោះទេ កាលណាយកទៅ គឺយកទៅធ្វើអ្វីខុស អាចនឹងសម្លាប់គេបាន អាចនឹងប្រើប្រាស់ទៅលើអ្វីផ្តេសផ្តាសបានស្រេចតែចិត្ត។ ហេតុនេះការងារនេះ សូមឱ្យគ្រប់ស្នងការនគរបាលរាជធានី-ខេត្ត ពិនិត្យមើលឱ្យបានហ្មត់ចត់…”។

ជាមួយនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានបញ្ជាឱ្យពិនិត្យមើលចំពោះអ្នកយាមតាមបណ្តាក្រុមហ៊ុនធំៗផងដែរ ខណៈសព្វថ្ងៃនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រមូលអ្នកដែលយាមតាមបណ្តាក្រុមហ៊ុន បានមួយចំនួនធំៗហើយ នៅសល់តែបន្តិចបន្តួចទេ តែទោះជាយ៉ាងណាក៏ដោយ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ពីព្រោះអាវុធជាតិផ្ទុះនេះ សំខាន់ណាស់ ត្រូវតែពិនិត្យឱ្យបានច្បាស់លាស់ ចាប់ពីពេលនេះតទៅ មិនត្រូវធ្វេស ប្រហែស តទៅទៀតនោះឡើយ។

ដោយឡែក ជុំវិញការប្រើប្រាស់ស្លាកលេខរថយន្តនគរបាល រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានព្រមានខ្លាំងៗផងដែរ ដោយលោកបានធ្វើការដាស់តឿនដល់មន្ត្រីនគរបាលទាំងអស់ ដែលប្រើប្រាស់ស្លាកលេខរថយន្ត នគរបាល ខុសរឿង ត្រូវតែបញ្ឈប់ភ្លាម ខណៈរថយន្តស្លាកលេខនគរបាល ខ្លះជិះទៅធ្វើការនៅក្នុងកាស៊ីណូ និងខ្លះទៀត ចតនៅមុខខារ៉ាអូខេ ជាដើម៕

RELATED ARTICLES