Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមសន្តិសុខលួចទូរស័ព្ទក្រុមហ៊ុន ១២គ្រឿង ជាប់ខ្នោះ

សន្តិសុខលួចទូរស័ព្ទក្រុមហ៊ុន ១២គ្រឿង ជាប់ខ្នោះ

ខេត្តបន្ទាយមានជ័យ ៖ បុរសជាសន្តិសុខម្នាក់ ខណៈពេលបំពេញការងារនៅក្នុងក្រុមហ៊ុនមួយ បានធ្វើសកម្មភាពលួចទូរស័ព្ទ ពីក្នុងក្រុមហ៊ុន បានជាច្រើនគ្រឿង រួចចេញមកធ្វើការវិញជាធម្មតា លុះមានបុគ្គលិកពិនិត្យកាមេរ៉ាសុវត្ថិភាពឃើញ ក៏ប្តឹងកម្លាំងជំនាញអាវុធហត្ថ ចុះចាប់វាយខ្នោះភ្លាមៗ ដោយដកហូតបានទូរស័ព្ទមកវិញ ចំនួន១២គ្រឿង។

ករណីសន្តិសុខលួចទូរស័ព្ទក្នុងក្រុមហ៊ុននេះ បានកើតឡើងកាលពីវេលាម៉ោង ១និង១០នាទីរសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្រុមហ៊ុនមួយ ស្ថិតក្នុងបុរីសានកូ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ រហូតមកដល់វេលាម៉ោង ៤និង១៨នាទីរសៀល ថ្ងៃដដែល ទើបកម្លាំងជំនាញអាវុធហត្ថស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបាន។

ជនសង្ស័យដែលត្រូវកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន មានឈ្មោះអាន ធារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ចំណែកជនរងគ្រោះ មានឈ្មោះកេ សុខវី ភេទប្រុស អាយុ៤២ឆ្នាំ មុខបររអ្នកបកប្រែភាសាចិន មានលំនៅ ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

តាមប្រភពមន្ត្រីជំនាញអាវុធហត្ថ បានឱ្យដឹងថា កាលពីវេលាម៉ោង ៤និង១៨នាទីរសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះអាន ធារ៉ា ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ ប្រព្រឹត្តកាលពីវេលាម៉ោង ១និង១០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចបុរីសានកូ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដោយយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះកេ សុខវី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ជនរងគ្រោះបានរៀបរាប់ថា ខ្លួនធ្វើការនៅក្នុងក្រុមហ៊ុនមួយក្នុងបុរីសានកូ ផ្នែកបកប្រែភាសាចិន ពេលកំពុងធ្វើការ ខ្លួនតែងតែមើលកាមេរ៉ាសុវត្ថិភាពនៅកន្លែងធ្វើការ ស្រាប់តែឃើញបុគ្គលិក ជាសន្តិសុខ (ជនសង្ស័យ) បានដើរចូលទៅក្នុងបន្ទប់ធ្វើការផ្សេងទៀត ដែលគ្មានមនុស្សនៅ និងបានលួចយកទូរស័ព្ទដៃដែលក្រុមហ៊ុនទុកសម្រាប់ធ្វើការងារ ជាច្រើនគ្រឿង ដាក់ចូលក្នុងហោប៉ៅ រួចដើរចេញមកធ្វើការវិញជាធម្មតា ទើបខ្លួនក៏ប្តឹងមកកម្លាំងកងរាជអាវុធហត្ថតែម្តង។

 លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថា បន្ទាប់ពីទទួលបានពាក្យបណ្តឹង កម្លាំងមូលដ្ឋានកងរាជ អាវុធហត្ថក្រុងប៉ោយប៉ែត បានចុះដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យ ព្រមទាំងវត្ថុតាង រួមមាន ១-ទូរស័ព្ទម៉ាក iPhone7 ពណ៌ខ្មៅ ចំនួន៨គ្រឿង។ ២-ទូរស័ព្ទម៉ាក iPhone7 ពណ៌ទឹកមាស ចំនួន២គ្រឿង។ ៣-ទូរស័ព្ទម៉ាក iPhone7 ពណ៌ផ្កាឈូក ចំនួន១គ្រឿង និង ៤-ទូរស័ព្ទម៉ាក iPhone7 ពណ៌ក្រហម ចំនួន១គ្រឿង ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួននិងសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចទូរស័ព្ទរបស់ក្រុមហ៊ុនប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿង បញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជ អាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទ ល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្រប សម្រួលនីតិវិធីពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តផងដែរ។ 

ជនសង្ស័យខាងលើ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកវត្ថុតាង ទូរស័ព្ទ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ប្រគល់ជូនម្ចាស់ដើមវិញ៕

RELATED ARTICLES