Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបង្ក្រាបសម្បុកចោរឆក់ប្លន់ វ៉ៃខ្នោះ១១នាក់

បង្ក្រាបសម្បុកចោរឆក់ប្លន់ វ៉ៃខ្នោះ១១នាក់

ខេត្តព្រះសីហនុ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការ ដ្ឋាននគរបាលស្រុកព្រៃនប់ បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ ១១នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទ និងប្លន់ម៉ូតូ។

តាមប្រភពស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា កាលពីវេលាម៉ោង ៧និង៣០នាទីយប់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចថា នៅត្រង់ចំណុចមហាវិថីជំទាវម៉ៅ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ មានករណីអំពើលួចមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) និងកំហែងយក (ប្លន់ម៉ូតូ) មួយ បានកើតឡើង បង្កដោយជនសង្ស័យ ១ក្រុម មិនស្គាល់អត្តសញ្ញាណ មានគ្នាប្រហែលជាង១០នាក់ រួចគេចខ្លួនបាត់។

ជនរងគ្រោះ មានឈ្មោះសេង ចាន់ធៀន ហៅតាក់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ បច្ចុប្បន្នស្នាក់នៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ ចំណែកសម្ភារបាត់បង់ ម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ផលិតឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1U-8196។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានធ្វើការស្រាវជ្រាវ រហូតវេលាម៉ោង ៩យប់ ថ្ងៃដដែល ទើបឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បាន សរុបចំនួន២៣នាក់ (ស្រី៦នាក់) រួចបញ្ជូនមកកាន់ស្នងការដ្ឋាននគរ បាលខេត្តព្រះសីហនុ ដើម្បីសាកសួរ។

ក្រោយពីធ្វើការសាកសួរ និងការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ សមត្ថកិច្ចជំនាញរកឃើញថា ក្នុងចំណោមជនសង្ស័យទាំង២៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន មានជនសង្ស័យ ១១នាក់ (ប្រុសទាំងអស់) ពាក់ព័ន្ធករណីខាងលើ ចំណែក ១២នាក់ទៀត (ប្រុស៦ ស្រី៦) មិនជាប់ពាក់ព័ន្ធបទល្មើសអ្វីឡើយ ហើយដោយមានការអនុ ញ្ញាតពីឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងមានការសម្រប សម្រួលពីលោកពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការអប់រំ និងធ្វើកិច្ចសន្យាឲ្យត្រលប់ទៅផ្ទះវិញ។

ដោយឡែកវត្ថុតាងដកហូតបាន រួមមាន ម៉ូតូ ចំនួន៦គ្រឿង ទូរស័ព្ទ ចំនួន៥គ្រឿង និងខ្សែក្រវាត់ ចំនួន៤ខ្សែ។ជនសង្ស័យទាំង១១នាក់ រួមនិងវត្ថុតាងខាងលើ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ដោយឡែក ជនសង្ស័យជាបក្ខពួកដែលបានរត់គេចខ្លួន សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES