Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចោរគាស់ផ្ទះ លួចពេជ្រ២ម៉ឺនដុល្លារ

ចោរគាស់ផ្ទះ លួចពេជ្រ២ម៉ឺនដុល្លារ

ភ្នំពេញ ៖ ផ្ទះរបស់ស្ត្រីជាងសាឡនម្នាក់ ត្រូវចោរគាស់ លួចយកគ្រឿងអលង្ការពេជ្រ  មានតម្លៃសរុបប្រមាណជាង ២ម៉ឺនដុល្លារ។

ករណីចោរគាស់ផ្ទះលួចគ្រឿងអលង្ការនេះ បានកើតឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្ទះល្វែងមួយកន្លែង តាមបណ្តោយផ្លូវ១៩៧២ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីម្តាយរបស់ស្ត្រីរងគ្រោះ បានរៀបរាប់ប្រាប់ថា ស្ត្រីរងគ្រោះ ជាម្ចាស់គ្រឿងអលង្ការពេជ្រ ខាងលើគឺជាកូនស្រីទី៣ របស់គាត់ ធ្វើការជាជាងសាឡន ហើយផ្ទះកើតហេតុខាងលើ គឺជាផ្ទះជួលគេ ដោយរស់នៅ៣នាក់បងប្អូន (បងប្រុសទី២ និងប្អូនស្រីទី៤)។

ស្ត្រីជាម្តាយ បានបន្តថា គាត់នៅឯស្រុកកំណើតទេ តែនៅល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ គាត់មកលេងកូន គាត់ម្នាក់ទៀត នៅទួលពង្រ ហើយកូនប្រុសទី២ និងកូនស្រីទី៤ បាននាំគ្នាមកលេងនៅទួលពង្រដែរ ចំណែកជនរងគ្រោះជាម្ចាស់គ្រឿងអលង្ការពេជ្រខាងលើ ដែលជាកូនស្រី ទី៣ ដេកនៅផ្ទះកើតហេតុខាងលើតែម្នាក់ឯង។ លុះពេលព្រឹកឡើង ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ នាងបានទៅធ្វើការជាជាងសាឡន ដូចសព្វដង ដោយបានចាក់សោផ្ទះ រួចទៅធ្វើការបាត់ តាំងពីម៉ោង៦ព្រឹក មកម៉្លេះ។ រហូតមកដល់វេលាម៉ោង៩យប់ ត្រឡប់មកដល់ផ្ទះវិញ  ស្រាប់តែឃើញទ្វារផ្ទះចំហ ទើបប្រញាប់ចូលទៅមើល ក៏ឃើញទ្វារបន្ទប់ត្រូវបានគាស់ រងការខូចខាតទៀត លុះពិនិត្យរកមើលគ្រឿងអលង្ការ ទើបដឹងថាបាត់អស់ទៅហើយ ដែលមានតម្លៃសរុបប្រមាណជាង ២ម៉ឺនដុល្លារ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ព្រមទាំងជំនាញព្រហ្មទណ្ឌខណ្ឌសែនសុខ បានមកកន្លែងកើតហេតុភ្លាមៗ ដើម្បីសាកសួរជនរងគ្រោះ ព្រមទាំងបងប្អូនដែលរស់នៅជាមួយគ្នា និងស្រាវជ្រាវរកជនសង្ស័យ ដើម្បីតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕

RELATED ARTICLES