Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមវ៉ៃខ្នោះស្ត្រីផ្ញើលុយ១វ៉ាលិស បោកយក៤ពាន់ដុល្លារ

វ៉ៃខ្នោះស្ត្រីផ្ញើលុយ១វ៉ាលិស បោកយក៤ពាន់ដុល្លារ

ខេត្តកំពត ៖ ស្ត្រីម្នាក់ ត្រូវបានសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីឆបោកដោយធ្វើជាផ្ញើលុយដុល្លារ ១វ៉ាលិស មកឲ្យជនរងគ្រោះម្នាក់ ដោយឆបោកជនរងគ្រោះអស់ ៤ពាន់ដុល្លារ ។

ករណីឆបោកនេះ បានកើតឡើង កាលពីវេលាម៉ោង១២ និង៣៦នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិទឹកក្រហម ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។ រហូតមកដល់វេលាម៉ោង ១១និង៣០នាទីព្រឹក  ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ ទើបកម្លាំងសមត្ថកិច្ចជំនាញ ស្រាវជ្រាវឃាត់ខ្លួនស្ត្រីសង្ស័យបាន នៅចំណុចភូមិព្រៃព្រីង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ស្ត្រីសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះចាប សាវី ហៅបុក ភេទស្រី អាយុ៣៩ឆ្នាំ មានលំនៅ ភូមិពោធិ៍ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ចំណែកជនរងគ្រោះ មានឈ្មោះថុន សុនៀវ ភេទស្រី អាយុ២៨ឆ្នាំ មានលំនៅ ភូមិទឹកក្រហម ឃុំកណ្តោល ស្រុកទឹកឈូ ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោង ១២និង៣៦នាទីថ្ងៃត្រង់ ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិទឹកក្រហម ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត មានករណីឆបោកមានស្ថានទម្ងន់ទោស (ក្រុមមានការចាត់តាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) បណ្តាលឱ្យជនរងគ្រោះឈ្មោះថុន សុនៀវ ភេទស្រី ខាតបង់ប្រាក់ ចំនួន៤០០០ដុល្លារ ដោយជនល្មើស ជាក្រុមមានការចាត់តាំង មានគូកនច្រើននាក់ បែងចែកភារកិច្ចរៀងៗខ្លួន ធ្វើសកម្មភាពហែកគណនីធនាគារ យកទៅប្រើប្រាស់ និងទិញគណនីធនាគារ ដើម្បីផ្ទេរប្រាក់បន្តនៅពេលធ្វើ សកម្មភាព។ ជនល្មើស បានធ្វើសកម្មភាពឆបោកប្រាក់ពីជនរងគ្រោះ ឱ្យផ្ទេរចូលទៅក្នុងគណនីធនាគារដែលហែកបាន រួចផ្ទេរប្រាក់បន្តទៅគណនីដែលបានទិញ ជាបន្តបន្ទាប់ទៀត ដែលមានឈ្មោះចាប សាវី ហៅបុក ភេទស្រី ជាអ្នកប្រមូលទិញគណនីធនាគារ។

ប្រភពដដែល បន្តថា ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត បានស្នើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសុំធ្វើការសហការការស្រាវជ្រាវដោយតាមនីតិវិធី និងជំនាញ រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ ជនសង្ស័យខាងលើ ។

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត ដោយបានឃាត់ខ្លួនឈ្មោះ ចាប សាវី ហៅបុក ភេទស្រី នៅចំណុចភូមិព្រៃព្រីង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ស្ត្រីសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពត ដែលជាម្ចាស់ករណី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។

គួរបញ្ជាក់ថា ពាក់ព័ន្ធករណីខាងលើនេះ លោកឧត្តមសេនីយ៍ទោស ម៉ៅ ចន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ធ្លាប់បានចែករំលែកព័ត៌មាន រំលឹកប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នផងដែរ។

លោកស្នងការ បានសរសេរក្នុងទំព័របណ្តាញសង្គម ហ្វេសប៊ុក នៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤ ថា «សូមចែករំលែកព័តមានដល់បងប្អូន ឲ្យមានការប្រុងប្រយ័ត្នចំពោះករណីបោកប្រាស់តាមបណ្តាញសង្គម Facebook ពាក់ព័ន្ធអ្នកដែលឆាតមក គឺជាជនបរទេស រស់នៅតែម្នាក់ឯង និងមានជំងឺផ្សេងៗ ឬក៏ប្តីស្លាប់ចោល ហើយមិនអាចរស់បានយូរតទៅទៀត និងនៅសល់ប្រាក់ច្រើន មិនដឹងយកទៅឲ្យអ្នកណា ចង់ឲ្យលុយនោះមកបងប្អូន សូមបងប្អូនកុំចាញ់ការលួងលោមរបស់ពួកនោះឲ្យសោះ ! នៅលើលោកនេះ គ្មានអ្នកចិត្តល្អឲ្យប្រាក់រាប់សិបម៉ឺនដុល្លារ មកយើងស្រួលៗនោះទេ»។

លោកស្នងការ បានបន្តថា «ករណីដែលខ្ញុំបានរៀបរាប់ខាងលើ សុទ្ធតែមានបក្ខពួក ដើម្បីរៀបចំបោកបញ្ឆោតបងប្អូន ឲ្យចាញ់កលល្បិចក្រុមនេះទាំងអស់ ! ដំបូងបង្ហាញកញ្ចប់លុយ ឬក៏វាលិសដាក់លុយ ឲ្យបងប្អូនមើល  បន្ទាប់មកទៀត គេនឹងសុំលេខទូរស័ព្ទរបស់យើង ប៉ុន្មានថ្ងៃក្រោយមក ក៏មានអ្នកក្លែងជាភ្នាក់ងារសមត្ថកិច្ចនៅព្រលានយន្តហោះណាមួយនៅកម្ពុជាយើង ថាមានគេផ្ញើកញ្ចប់អីវ៉ាន់ ដែលមានភិនភាគដូចរូបដែលជនឆបោកបង្ហាញ មកបងប្អូននៅពេលដំបូង ហើយបង្គាប់ឲ្យបងប្អូនបង់ប្រាក់ ដើម្បីទទួលយកកញ្ចប់អីវ៉ាន់ដែលគេផ្ញើពីបរទេសនោះ» ។

លោកស្នងការនគរបាលខេត្តកំពត បន្តទៀតថា «ក្នុងករណីដែលខ្ញុំបានរៀបរាប់ខាងលើ សូមបងប្អូនប្រុងប្រយ័ត្ន ហើយត្រូវចងចាំថា ករណីបែបនេះ គឺជាករណីឆបោកសុទ្ធសាធ សូមបងប្អូនប្រុងប្រយ័ត្ន និងសូមជូនព័ត៌មាននេះ ដើម្បីឲ្យបងប្អូនផ្សេងៗទៀតបានដឹងផង ចៀសវាងការចាញ់បោកជាបន្តបន្ទាប់ទៀត»៕

RELATED ARTICLES