Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមឌីជេចោទប៉ូលិសពិន័យ១លាន ចេញមុខសុំទោស

ឌីជេចោទប៉ូលិសពិន័យ១លាន ចេញមុខសុំទោស

ភ្នំពេញ ៖ បុរសជាជនបរទេស ដែលជាឌីជេ នៅក្នុងក្លឹបរាត្រី ១កន្លែង បានជិះម៉ូតូធំ ក្នុងស្ថានភាពស្រវឹងលុះ ពេលឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យ របស់សមត្ថកិច្ច ត្រូវបានសមត្ថកិច្ចជំនាញឃាត់ ពិនិត្យជាតិអាល់កុល និងរកឃើញថា ជនបទេសជាឌីជេ រូបនេះ មានជាតិអាល់កុល 0.91mg/L និងផាកពិន័យ ១លានរៀល ធ្វើឱ្យជន បរទេសនេះ មិនពេញចិត្ត ក៏លួចថតសមត្ថកិច្ច រួចបង្ហោះតាមបណ្តាញសង្គម ដោយចោទថា សមត្ថកិច្ចផាក ពិន័យខ្លួន ១លានរៀល និងចង់ចាប់ខ្លួន ដាក់គុកទៀតផង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ដោយអនុវត្តតាមបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នង ការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៧ ការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅជនបរ ទេស ឈ្មោះ Jacobus Francois ជនជាតិអាហ្វ្រិក មកបំភ្លឺជុំវិញដែលជនបរទេសនេះ បើកបរក្រោមឥទ្ធិពល ជាតិស្រវឹង 0.91mg/L នៅខណ្ឌបឹងកេងកង កាលយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ និងសរសេរសារចោទប្រ កាន់មកលើសមត្ថកិច្ចអនុវត្តច្បាប់គ្មានមូលដ្ឋាន ដែលនាំឱ្យមហាជនអ្នកលេងបណ្តាញសង្គម មានការយល់ ច្រឡំ។

នៅចំពោះមុខសមត្ថកិច្ចជំនាញ ជនបរទេសរូបនេះបានសារភាពទទួលកំហុស និងសុំទោសជាសាធារណៈ ជាពិសេសប្រជាជនកម្ពុជា ចំពោះកំហុសខុសឆ្គងអ្វីដែលគាត់បានបង្ហោះក្នុងអាខោនហ្វេសប៊ុក ឈ្មោះ Franco du Toit ដោយសារគាត់ស្រវឹង និងខឹងសមត្ថកិច្ចផាកពិន័យ ចំនួន ១លានរៀល ទើបគាត់លួចថតសមត្ថកិច្ចគ្មានការអនុញ្ញាត។ បច្ចុប្បន្នកិច្ចការនេះ សមត្ថកិច្ចកំពុងអនុវត្តនីតិវិធី។

គួរបញ្ជាក់ថា ក្រោយមានករណីជនបរទេសម្នាក់បង្ហោះសារតាមបណ្តាញសង្គម ដែលមានអាខោន ឈ្មោះ Franco du Toit ដោយចោទប្រកាន់ថា សមត្ថកិច្ចចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិស្រវឹង នៅខណ្ឌបឹងកេងកង កាលពីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ បានធ្វើការរុញច្រានគាត់ទៅនឹងចិញ្ចើមផ្លូវ ហើយទាញកគាត់ចង់យកដាក់ពន្ធនាគារ រួចមក ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបំភ្លឺ និងបដិសេធទាំងស្រុង ចំពោះការលើកឡើងរបស់ជនបរទេសខាងលើ។

ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កាលពីយប់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរង និងលោកវរសេនីយ៍ទោ វុឌ្ឃ ផូសារវ័ន្ត អធិការនគរបាលខណ្ឌបឹងកេងកង បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យជាតិស្រវឹង នៅចំណុចផ្លូវម៉ៅសេទុង កែងផ្លូវលេខ១០៥ ខណ្ឌបឹងកេងកង ពេលនោះមានជនបរទេសម្នាក់បើកបរម៉ូតូធំ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1BH-9456 បើកបរក្នុង ល្បឿនលឿន និងមិនពាក់មួកសុវត្ថិភាព ទើបកម្លាំងមានការសង្ស័យ បានឃាត់ហៅ ដើម្បីធ្វើការត្រួតពិនិត្យ។

បន្ទាប់មក សមត្ថកិច្ចឱ្យគាត់សហការផ្លុំធ្វើតេស្តជាតិស្រវឹង ជាក់ស្តែងឃើញមានជាតិស្រវឹង ០,៩១មិល្លីក្រាម ក្នុងមួយលីត្រខ្យល់ និង បានពន្យល់ណែនាំពាក់ព័ន្ធការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ត្រូវផាកពិន័យ ចំនួន១លានរៀល ចំពោះបទល្មើសច្បាប់ចរាចរណ៍ផ្លូវគោក យោង មាត្រា ១០ថ្មី នៃអនុក្រឹត្យលេខ ៣៩ អ ន ក្រ.បក និងមិនអនុញ្ញាតឱ្យគាត់បើកបរម៉ូតូធ្វើដំណើរទៅមុខនោះទេ បើមិនដូច្នោះទេ ត្រូវទុកម៉ូតូនៅកន្លែងសមត្ថកិច្ច ចាំស្អែក មកយកម៉ូតូ។

បន្ទាប់មកសមត្ថកិច្ចបានចេញប័ណ្ណផាកពិន័យ ១លានរៀល ដោយនៅពេលនោះគាត់គ្មានការតវ៉ានោះទេ។ ខណៈនោះគាត់បានលួចថតសមត្ថកិច្ច ផ្ញើទៅពួកម៉ាក តាមតេឡេក្រាម សមត្ថកិច្ចឃើញ ក៏ស្នើសុំឱ្យគាត់លុបចោល នៅពេលនោះសមត្ថកិច្ចបានឆែកមើលទូរស័ព្ទគាត់ គឺគាត់បានលុបតេឡេក្រាមពួកម៉ាកគាត់ដែលបានផ្ញើរូបភាពទៅរួចហើយ និងរូបភាពក្នុងទូរស័ព្ទគាត់ចោលអស់។ ក្រោយមក សមត្ថកិច្ចបានណែនាំឱ្យជនបរទេសនេះ ហៅពួកម៉ាក ដែលមិនស្រវឹងស្រា មកទទួលយកគាត់។ មួយសន្ទុះមក ពួកម៉ាកគាត់បានមកទទួល ហើយសមត្ថកិច្ចអនុញ្ញាតឱ្យពួកម៉ាកជនបរទេសនេះជិះម៉ូតូធំរបស់គាត់ ដឹកចេញទៅបាត់។

ចំពោះជនបរទេសខាងលើ សមត្ថកិច្ចបានស្រាវជ្រាវ គឺគាត់ធ្វើការជាឌីជេនៅក្លឹបមួយ ប៉ុន្តែគាត់ត្រូវបានក្លឹបបណ្តេញចេញពីការងារ និងទៅធ្វើការងារក្នុងក្លឹបផ្សេង៕

RELATED ARTICLES