Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមម៉ែបើកឡានជូនកូនទៅរៀន ក្រឡាប់ធ្លាក់ទឹក

ម៉ែបើកឡានជូនកូនទៅរៀន ក្រឡាប់ធ្លាក់ទឹក

ភ្នំពេញ ៖ ស្ត្រីម្នាក់បានបើករថយន្តជូនកូនស្រីតូច ទៅសាលារៀន លុះមានម៉ូតូ ១គ្រឿង បើកឆ្លងផ្លូវកាត់ពីមុខ ស្ត្រីជាអ្នកបើកបរ បានកាច់ចង្កូតគេច ធ្វើឱ្យជ្រុលធ្លាក់ចូលទៅក្នុងទឹកប្រឡាយ សំណាងល្អ អ្នកបើកបរនិងកូនស្រីតូច មិនមានរងរបួសអ្វីនោះទេ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២និង១៥នាទីរសៀល ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិអូរដឹម សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាក TOYOTA Vitz ពណ៌ស ពាក់ស្លាកលេខ ក្រចេះ 2B-9009 បើកបរដោយស្ត្រីខាងលើ និងរួមដំណើរដោយកូនស្រីតូចម្នាក់ផង បានធ្វើដំណើរពីកើតទៅលិច លុះពេលមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ ១គ្រឿង ជិះឆ្លងផ្លូវ ក្នុងទិសដៅពីត្បូង ទៅជើង រួចសំដៅទៅទិសខាងលិចវិញ ហើយដោយសារតែខ្លាចបុកអ្នកជិះម៉ូតូឆ្លងផ្លូវនោះ ទើបស្ត្រីជាអ្នកបើកបររថយន្ត បានកាច់ចង្កូតគេច ធ្វើឲ្យជ្រុលធ្លាក់ចូលក្នុងទឹកប្រឡាយតែម្តង។

ប្រភពដដែល បន្តថា ហេតុការណ៍ បានបណ្តាលឱ្យរថយន្តរងការខូចខាតយ៉ាងដំណំ ចំណែកឯស្ត្រីជាម្តាយ និងកូនស្រីតូច មិនមានរងរបួសអ្វីនោះទេ។

ក្រោយពេលកើតហេតុ កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅពិនិត្យជាក់ស្តែង ហើយឃើញថា រថយន្តនេះមិនបង្កឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ ក៏បានឱ្យម្ចាស់ជួលរថយន្ត ស្ទូចយកទៅធ្វើការជួសជុលដោយខ្លួនឯង៕

RELATED ARTICLES