Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមខ្ចីម៉ូតូជិះ យកទៅស៊ីគ្រឿង ជាប់ខ្នោះ១

ខ្ចីម៉ូតូជិះ យកទៅស៊ីគ្រឿង ជាប់ខ្នោះ១

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានខ្ចីម៉ូតូអ្នកស្គាល់គ្នាម្នាក់ ដោយប្រាប់ថា មានការបន្តិច លុះជិះទៅបាត់អស់រាប់ម៉ោង មិនឃើញយកម៉ូតូមកសងវិញ ម្ចាស់ម៉ូតូសម្រេចប្តឹងសមត្ថកិច្ចឱ្យជួយតាមរកតាមប្រព័ន្ធតាមដាន (GPS) ស្រាប់តែប្រទះឃើញជនសង្ស័យ មានគ្នា២នាក់ កំពុងជិះម៉ូតូចូលមកទិញថ្នាំពេទ្យ នៅម្តុំផ្សារអូឡាំពិ ក៏នាំគ្នាដេញចាប់ក្របួចជាប់ម្នាក់ ប្រគល់ឱ្យសមត្ថកិច្ច ចំណែកម្ចាក់ទៀត បានរត់គេចបាត់។

ករណីនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ នៅត្រង់ឱសថស្ថាន ម្តុំផ្សារអូឡាំពិក ស្ថិតនៅតាមផ្លូវលេខ១៩៩ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង។

តាមប្រភពជនរងគ្រោះជាម្ចាស់ម៉ូតូ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ជនសង្ស័យម្នាក់ (រត់គេចខ្លួន) ដែលទើបនឹងស្គាល់គ្នា បានខ្ចីម៉ូតូរបស់គាត់ ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JR-3931 ចេញពីបន្ទប់ជួល ម្តុំទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍ សែនជ័យ ដោយប្រាប់ថា មានការបន្តិច។ លុះចាំបាត់ៗ អស់រយៈពេលជាច្រើនម៉ោង មិនឃើញជនសង្ស័យយកម៉ូតូមកប្រគល់ឱ្យរូបគាត់វិញ ទើបគាត់បានទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលចោមចៅទី១ ឱ្យជួយអន្តរាគមន៍ ឆែកតាមប្រព័ន្ធ GPS។

ប្រភពដដែល បន្តថា លុះមកដល់រសៀលថ្ងៃដដែល ពេលឆែកតាមប្រព័ន្ធ GPS ក៏ឃើញសញ្ញាម៉ូតូរបស់គាត់លោតនៅម្តុំឃ្លាំងរំសេវ ស្ថិតក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ដោយជនសង្ស័យបានយកម៉ូតូគាត់ទៅស៊ីគ្រឿង នៅម្តុំឃ្លាំងរំសេវ ហើយគាត់ក៏បានព្យាយាមជិះតាម សញ្ញាប្រព័ន្ធ GPS ឃើញសង្ស័យជិះចេញពីឃ្លាំងរំសេវ ដឹកគ្នាមកទិញថ្នាំពេទ្យ នៅម្តុំផ្សារអូឡាំពិក ទើបដេញចាប់ក្របួចជាប់ម្នាក់ ខណៈដែលបក្ខពួកម្នាក់ទៀត (អ្នកខ្ចីម៉ូតូ) បានរត់គេចខ្លួនបាត់។

តាមចម្លើយសារភាពរបស់ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន បានឱ្យដឹងថា ម៉ូតូដែលពួកគេជិះមកស៊ីគ្រឿងនេះ ពួកគេបានខ្ចីបន្តពីជនសង្ស័យម្នាក់ទៀត។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទួលស្វាយព្រៃទី១ ប្រគល់ឱ្យកម្លាំងជំនាញនគរបាលខណ្ឌពោធិ៍សែនជ័យ ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES