Saturday, October 26, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ប្រហិតត្រី២តោន កម្ទេចចោល

ចាប់ប្រហិតត្រី២តោន កម្ទេចចោល

ភ្នំពេញ ៖ មន្ត្រីជំនាញ បានរកឃើញប្រភេទប្រហិតត្រីប្រា ប្រមាណ២តោន ដែលឈ្មួញប្រុងចែកចាយរាជធានីភ្នំពេញ មានការវេចខ្ចប់គ្មានស្តង់ដារ គ្មានប្រភពច្បាស់លាស់ និងគ្មានភាពសម្រាប់មនុស្សបរិភោគ ត្រូវបានរឹប អូសយកទៅដុតកម្ទេចចោល។

តាមប្រភពអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានឱ្យដឹងថា កាលពីថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ មន្ត្រីស៊ើបអង្កេតនៃសាខា ក.ប.ប រាជធានីភ្នំពេញ ដឹកនាំដោយលោកគង់ វុទ្ធី អនុប្រធានសាខា ក.ប.ប រាជធានីភ្នំពេញ សហការជាមួយមន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់១ ភូមិសាស្ត្ររាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យជាក់ស្តែង លើប្រហិតសាច់ត្រីប្រា ដែលអ្នកដឹកជញ្ជូន អះអាងថា បាននាំចូលតាមច្រកព្រំដែន នៃខេត្តកណ្តាល ដោយផ្ទុកក្នុងរថយន្ត ។

ប្រភពដដែល បន្តថា ជាលទ្ធផល សមត្ថកិច្ចចម្រុះបានធ្វើការត្រួតពិនិត្យឃើញថា ផលិតផលប្រហិតត្រីប្រាកិនទាំងនោះ មានការវេចខ្ចប់ ពុំមានអនាម័យ ការដឹកជញ្ជូនមិនត្រឹមត្រូវ ពុំមានសីតុណ្ហភាពស្របតាមស្តង់ដារ ពុំមានគុណភាពសម្រាប់មនុស្សបរិភោគបាន និងគ្មានឯកសារ បញ្ជាក់ពីប្រភពដើមនៃផលិតផលឡើយ ។

ដូច្នេះ ផ្អែកតាមលទ្ធផលនៃការត្រួតពិនិត្យនេះ សមត្ថកិច្ចចម្រុះ បានធ្វើការដកហូត និងបំផ្លាញចោលតាមនីតិវិធី នូវផលិតផលប្រហិតត្រីប្រាកិន ចំនួន២០០០គីឡូក្រាម (២តោន) នេះ នៅទីលានចាក់សំរាម ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ៕

RELATED ARTICLES