តម្លៃទំនិញពិភពលោក
UN៖ ទីភ្នាក់ងារស្បៀងអាហាររបស់អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បត្តិ៍បានឲ្យដឹងថាតម្លៃអាហារលើពិភពលោកបានឡើងថ្លៃក្នុងកម្រិតខ្ពស់ជិតពីរឆ្នាំមកនេះគិតត្រឹមខែមករា ដែលត្រូវបានជំរុញដោយការកើនឡើងនៅក្នុងកូតាផលិតផលស្ករនិងតម្លៃនាំចេញចំពោះគ្រាប់ធញ្ញជាតិនិងប្រេងបន្លែ ។
សន្ទស្សន៍តម្លៃអាហាររបស់ទីភ្នាក់ងារកសិកម្មនិងស្បៀងអាហាររបស់អង្គការសហប្រជាជាតិដែលបានវាស់ស្ទង់នូវបម្រែបម្រួលប្រចាំខែសម្រាប់តម្លៃគោលនៃផលិតផលគ្រាប់ធញ្ញជាតិ ប្រេងបន្លែ ទឹកដោះគោ សាច់និងស្ករ ជាមធ្យមស្ថិតក្នុងអត្រា១៧៣,៨ពិន្ទុក្នុងខែមករាធៀបនឹងកម្រិត១៧០,២ពិន្ទុក្នុងខែធ្នូ ។
ការឡើងថ្លៃ២,១%ប្រចាំខែបានជំរុញឲ្យតម្លៃអាហារនៅលើទីផ្សារអន្តរជាតិឡើងដល់កម្រិតខ្ពស់បំផុតរបស់ខ្លួនគិតចាប់តាំងពីខែកុម្ភះឆ្នាំ២០១៥ និង១៦,៤%លើសពីកម្រិតដែលសម្រេចបានក្នុងខែមករាកាលពីឆ្នាំមុន។
ទីភ្នាក់ងារកសិកម្មនិងស្បៀងអាហាររបស់អង្គការសហប្រជាជាតិបានបញ្ជាក់ថាទិន្នផលគ្រាប់ធញ្ញជាតិលើពិភពលោកបច្ចុប្បន្នត្រូវបានគេរំពឹងថានឹងសម្រេចបានចំនួន២,៥៩២ប៊ីលានតោនក្នុងរដូវប្រមូលផលឆ្នាំ២០១៦-២០១៧ ។
សេដ្ឋវិទូរបស់ Bloomberg លោក Tom Orlik បានព្យាករកាលពីដើមខែមករាថាអតិផរណានៃតម្លៃទំនិញប្រើប្រាស់របស់ចិននឹងបន្តធ្លាក់ចុះក្នុងអំឡុងត្រីមាសដំបូងស្របពេលដែលតម្លៃអាហារបានជំរុញឲ្យសន្ទស្សន៍ខ្ពស់ជាងមុនក្នុងអំឡុងពេលដូចគ្នាកាលពីឆ្នាំ២០១៦ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា