Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិចិនថា​អាមេរិក គួរឈប់ ប្រើ​​សម្តេចសង្ឃ ដាឡៃ ឡាម៉ា បង្កើតបញ្ហា

ចិនថា​អាមេរិក គួរឈប់ ប្រើ​​សម្តេចសង្ឃ ដាឡៃ ឡាម៉ា បង្កើតបញ្ហា

ចិន៖ មន្ត្រី​ជាន់ខ្ពស់​ចិន​មួយរូប​ដែលទទួលខុសត្រូវ​កិច្ចការទីបេ​បានថ្លែងប្រាប់កា​សែត​រដ្ឋដ៏មាន​ឥទ្ធិពលមួយ​ថា​ សហរដ្ឋអាមេរិក​គួរតែ​បញ្ឈប់​ការ​ប្រើប្រាស់​សម្តេច​​សង្ឃ ដាឡៃ ឡាម៉ា ក្នុងការ​បង្ករឿង​ជាមួយចិន​។

កាសែតចិនមួយ​បានរាយការណ៍​កាលពីចុងសប្តាហ៍នេះ​ដោយ​ស្រង់សម្តី​ប្រធាន​គណៈកម្មការកិច្ចការ​សាសនានិង​ជនជាតិភាគតិច​នៃសភាចិន​លោក Zhu Weigun ថា​ខ្លួន​នឹង​មិន​ផ្តល់ប្រយោជន៍​ដល់​សហរដ្ឋអាមេរិក​ឡើយ​ តែ​ជំនួសវិញ​ដោយ​ការ​បំផ្លាញ​នូវ​ការរឹតចំណង​ទំនាក់ទំនង​ចិន-អាមេរិក ។

ចិន​លើកឡើងថា​សម្តេចសង្ឃ​ដាឡៃ ឡាម៉ា​​ ជាជន​ភៀសខ្លួន​ដែល​និរទេស​ចូល​ក្នុង​ប្រទេស​ឥណ្ឌា បន្ទាប់ពី​ងើបឡើងបះបោរមិនបានសម្រេច​ប្រឆាំងនិង​ការត្រួត​ត្រារបស់ចិន​ក្នុងអំឡុងឆ្នាំ​១៩៥៩​ ហើយក៏ជា​ជនបំបែកខ្លួន​ហិង្សាម្នាក់ផងដែរ។ ចំណែក​សាមីខ្លួនបានបដិសេធ​ពីការប្រកាន់យក​នូវ​អំពើហិង្សា​ហើយ​និយាយ​ថា​លោកត្រឹមតែ​ចង់​បាន​ស្វ័យ​ភាព​នៃការគ្រប់គ្រងទីបេ​តែប៉ុណ្ណោះ។

​ឆ្លើយតបទៅ​នឹង​សំណួរ​កាលពីពេលថ្មីៗនេះ​ពីសំណាក់គណៈកម្មការព្រឹទ្ធសភា​សហរដ្ឋអាមេរិក​លើទំនាក់ទំនងការបរទេស​ ​រដ្ឋមន្ត្រីការបរទេស​ទើបតែងតាំង​ថ្មីលោក Rex Tillerson ឆ្លើយអះអាង​ថា​លោកនឹង​ប្តេជ្ញាចិត្ត​ទទួល​និង​ជួប​ជាមួយ​សម្តេចសង្ឃ ដាឡៃ ឡាម៉ា ។

លោក Tillerson ថែមទាំងបាន​និយាយថា​លោកនឹង​បន្ត​លើកទឹកចិត្ត​ក្នុងការ​ចរចា​រវាង​រដ្ឋាភិបាលក្រុងប៉េកាំង​និង​តំណាង​របស់​រដ្ឋាភិបាល​និរទេស​ទីបេ និង​សម្តេច​សង្ឃ ដាឡៃ ឡាម៉ា នេះបើតាម​បណ្តាញព័ត៌មានមានមូលដ្ឋាននៅឥណ្ឌា thetibetpost.com បានរាយការណ៍​កាលពីថ្ងៃព្រហស្បត្តិ៍ ។

លោក Zhu បានថ្លែងប្រាប់​សារព័ត៌មានចិន​ថា​វា​មិនអាច​ទៅរួចឡើយ​សម្រាប់​រដ្ឋាភិបាល​ចិន​ក្នុងការ​ចរចា​ជាមួយនិងក្រុម​ខុសច្បាប់​ដែលកំពុង​មានគោល​បំណង​​បំបែកបំបាក់ចិន ។ ម្យ៉ាងចិន​នឹងមិនផ្លាស់ប្តូរ​គោលនយោបាយរបស់ខ្លួន​ក្នុងការ​គាំទ្រ​ការអភិវឌ្ឍ​សង្គមទីបេ​ ហើយក៏នឹងមិនបញ្ឈប់ការ​ការពារ​អធិបតេ​យ្យ​ភាព​របស់ខ្លួនលើតំបន់នេះឡើយ ។

រដ្ឋាភិបាលក្រុងប៉េកាំងមិន​ទទួលស្គាល់​រដ្ឋាភិបាលនិរទេសខ្លួន​ទីបេ​ដែល​មានមូលដ្ឋានក្នុង​ទីក្រុង Dharamsala ប្រទេសឥណ្ឌាឡើយ ។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

 

RELATED ARTICLES