Sunday, April 28, 2024
Homeព័ត៌មានជាតិជំងឺរបេង សម្លាប់មនុស្ស ១ឆ្នាំ ជាង១៣លាននាក់ យើងអាចបញ្ចប់ជំងឺរបេងបាន!

ជំងឺរបេង សម្លាប់មនុស្ស ១ឆ្នាំ ជាង១៣លាននាក់ យើងអាចបញ្ចប់ជំងឺរបេងបាន!

ខេត្តកំពង់ធំៈ ប្រធានមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន បានបញ្ជាក់ថា មកដល់បច្ចុប្បន្ននេះ ជំងឺរបេងនៅតែឆក់យកជីវិតមនុស្ស ក្នុងមួយឆ្នាំៗប្រមានជាង១៣លាននាក់ (១៣០០ ០០០នាក់) ហើយចំពោះអ្នកជំងឺរបេងសួតម្នាក់ បើមិនបានព្យាបាលទេ ក្នុងមួយឆ្នាំ អាចចម្លងទៅមនុស្ស ពី១០ ទៅ១៥នាក់ ប៉ុន្តែយើងអាចបញ្ចប់ជំងឺរបេង បាន!

ប្រធានមជ្ឈមណ្ឌលជាតិកម្ចាត់របេង និងហង់សិន បានបញ្ជាក់បែបនេះ ក្នុងឱកាសប្រារព្ធទិវាពិភពលោកកំចាត់រោករបេង ២៤ មីនា នៅកម្ពុជា ក្រោមប្រធានបទ “មែនហើយ! យើងអាចបញ្ចប់ជំងឺរបេង បាន” បានរៀបចំធ្វើដោយមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រួមសហការជាមួយអង្គការសម្ព័ន្ធភាពខ្មែរប្រយុទ្ធនឹងជំងឺអេដស៍ (KHANA) និងគម្រោងខំមីត នៅថ្ងៃសុក្រ ទី១៣ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅវត្តគុហនគរ ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ ក្រោមអធិបតីភាពលោកឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។

លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន បានបញ្ជាក់ថា អង្គការសុខភាពពិភពលោក តែងលើកសំណូមពរ ដល់គ្រប់ប្រទេសទាំងអស់ ដែលនោះរួមមានទាំងព្រះរាជាណាចក្រកម្ពុជាយើងផង ឲ្យរៀបចំ “ទិវាពិភពលោកកំចាត់រោគរបេង នៅថ្ងៃទី២៤ ខែមីនា “ រៀងរាល់ឆ្នាំ ។ កម្ពុជាយើងបានបា្ររព្ធទិវានេះលើកដំបូងនៅឆ្នាំ១៩៩៩ ហើយលើកនេះគឺជាលើកទី២៦ ហើយ ដែលមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន នៃក្រសួងសុខាភិបាល បាននិងកំពុងរៀបចំប្រារព្វទិវានេះ យ៉ាងអធិកអធម ។ គោលបំណងសំខាន់ៗសម្រាប់ទិវាកំចាត់រោគរបេងនេះ គឹផ្សព្វផ្សាយពីស្ថានភាព និងទំហំបញ្ហានៃជំងឺរបេង នៅក្នុងប្រទេស និងអន្តរជាតិ ។ ជំរុញលើកកម្ពស់បន្ថែម ការចលនាទាក់ទាញការគាំទ្រផ្នែកនយោបាយ និងថវិកា ក្នុងការប្រយុទ្ធនឹងជំងឺរបេងនៅទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជាយើងផងដែរ ។ សហការសម្របសម្រួល ដើម្បីឲ្យមានការចូលរួមយ៉ាងជិតស្និទ្ធថែមទៀត ពីសំណាក់គ្រប់ភាគីទាំងអស់ រាប់បញ្ចូលទាំងអ្នកផ្ដល់ជំនួយ សហគមន៍មូលដ្ឋាន ស្ថាប័នសុខាភិបាលពាក់ព័ន្ធ និងស្ថាប័ននមែនសុខាភិបាលផងដែរ ដើម្បីធានានូវកិច្ចខិតខំប្រឹងប្រែងថែមទៀតស សំដៅជំរុញការងារប្រុទ្ធនឹងជំងឺរបេង ឲ្យបានខ្លាំងក្លាថែមទៀត ។

លោកប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន បានបញ្ជាក់បន្តថា នៅឆ្នាំ២០២២ នៅទូទាំងសកលលោក មានអ្នកកើតជំងឺរបេងថ្មីកើតមានប្រមាណចំនួន១០លាន ៦សែននាក់ ក្នុងនោះ មានតែ៧លាន៥ករណីប៉ុណ្ណោះ ដែលបានស្រាវជ្រាវរកឃើញ និងរាយការទៅអង្គការសុខភាពពិភពលោក ដូចនេះ នៅសល់ជំងឺប្រមាណ៣លាន១នាក់ទៀត ពុំបានទទួលសេវាស្រាវជ្រាវ និងព្យាបាលនៅឡើយ ។ លើសពីនេះទៀត ជំងឺរបេង នៅតែឆក់យកអាយុជីវិតមនុស្សក្នុងមួយឆ្នាំៗ ប្រមាណ១លាន ៣សែននាក់ (១៣០០ ០០០នាក់) ។ ចំពោះអ្នកជំងឺរបេងសួតម្នាក់ បើមិនព្យាបាលទេ ក្នុងមួយឆ្នាំ គាត់អាចចម្លងទៅមនុស្សពី១០ ទៅ១៥នាក់ ។ អ្នកជំងឺដែលទទួលការព្យាបាលពុំត្រឹមត្រូវ អាចនឹងបង្កឲ្យមាណភាពស៊ាំនៃមេរោគទៅនឹងឱសថរបេង ដែលជាវិបត្តិដ៏ធ្ងនធ្ងរ អាចបណ្ដាលឲ្យអ្នកជំងឺស្លាប់ ហើយការព្យាបាលទាមទារតម្លៃខ្ពស់ ចំពោះថ្នាំប្រឆាំងនឹងមេរោគស៊ាំនេះ ។ លោកបញ្ជាក់សង្កត់ធ្ងន់ថា របេងនៅតែជាបញ្ហាសុខភាពសាធារណៈដ៏ចំបង ពិសេសនៅបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងកម្ពុជាយើងផងដែរ ។

លោកសូមរាយការណ៍ដោយសង្ខេបនូវការងារប្រយុទ្ធនឹងជំងឺរបងនៅកម្ពុជា ដូចតទៅថា នៅក្នុងឆ្នាំ២០២៣ កន្លងមកនេះ ដោយមានជំនួយឧបត្ថម្ភគាំទ្រយ៉ាងខ្លាំងក្លាពីរាជរដ្ឋាភិបាល អង្គការដៃគូ ព្រមទាំងកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលល្អ របស់មន្រ្តីសុខាភិបាលបម្រើការងារនៅមន្ទីរពេទបង្អែក មណ្ឌលសុខភាព ប៉ុស្តិ៍សុខភាព ជាមួយសហគមន៍មូល ស្ថាប័នសុខាភិបាលពាក់ព័ន្ធ និងស្ថាប័នមិនមែនសុខាភិបាល បានធ្វើឲ្យកម្មវិធីជាតិកំចាត់រោគរបេង បានទទួលសមិទ្ធផលថ្មីៗថែមទៀត ពិសេសគឺការរក្សាបានអត្រាព្យាបាលជោគជ័​យបាន៩៥% ដែលលើសពីគោលដៅចំណុចប្រចាំឆ្នាំ ដែលកំណត់ត្រឹមតែ៩០% ។ ស្រាវជ្រាវជំងឺរបេងសរុបបាន ៣២ ២៨៦ ករណី ។ សកម្មភាពសហការការងារ របេង អេដស៍ មាននៅគ្រប់ស្រុកប្រតិបត្តិទាំងអស់នៅឆ្នាំ២០២៣ ដែលក្នុងឆ្នាំ២០០៨ មានតែ៥៧ស្រុកប្រតិបត្តិប៉ុណ្ណោះ ហើយសេវារបេងកុមារក៏មាននៅគ្រប់សុ្រកប្រតិបត្តិផងដែរ ។ កម្មវិធីជាតិកំចាត់រោគរបេង មានមណ្ឌលព្យាបាលជំងឺរបេងស៊ាំថ្នាំច្រើនមុខចំនួន ១១កន្លែងនៅឆ្នាំ២០២៣ ។ មានសេវា PPM-DOTS ក្នុង១៤ខេត្ត និង៣៤ស្រុកប្រតិបត្តិ ក្នុងឆ្នាំ២០២៣ ។

លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា បន្តទៀតថា ការងារប្រយុទ្ធនឹងជំងឺរបេងនៅព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យគួរជាទីមោទនៈ ។ ជាក់ស្ដែងតាមរបាយការណ៍អង្គការសុខភាពពិភពលោកឆ្នាំ២០២៣ បង្ហាញថា អត្រាស្លាប់ដោយសារជំងឺរបេងនៅកម្ពុជាបានធ្លាក់ចុះ៤២ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ ក្នុងឆ្នាំ២០០០ មកត្រឹម២៣ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០២២ ដែលស្មើនឹងការធ្លាក់ចុះ ៤៥% មកត្រឹម៣២០ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ នៅឆ្នាំ២០២២ ដែលស្មើនឹងការធ្លាក់ចុះ ៤៥%ផងដែរ ។ បន្ថែមពីសមិទ្ធផលខាងលើ នៅឆ្នាំ២០២៣  CENAT, CATA, HSD  រួមជាមួយនឹងការគាំទ្រផ្នែកបច្ចេកទេសពីសំណាក់ WHO, RIT, JATA, IPC,  និង USAID កម្មវិធីជាតិបាននិងកំពុងធ្វើការអង្កេតសិក្សាស្រាវជ្រាវរកអត្រាប្រវ៉ាឡងជំងឺរបេងថ្នាក់ជាតិលើកទី៣ ឆ្នាំ២០២៣-២០២៤ ដែលការអង្កេតសិក្សានេះបានចាប់ផ្ដើមប្រតិបត្តិ ប្រមូលទិន្នន័យពីខែមិថុនា ឆ្នាំ២០២៣ ហើយបានបញ្ចប់វគ្គទី១ បានចំនួនួន៥២ ចង្កោម (52 Clusters) នៅខែមករា ឆ្នាំ២០២៤ ។ ហើយបានវគ្គទី២ មានចំនួន៣២ចង្កោមថែមទៀត បានចាប់ផ្ដើមប្រមូលទិន្នន័យពីខែមករា ឆ្នាំ២០២៤ ហើយគ្រោងនឹងបញ្ចប់ទាំងស្រុងនៅខែឧសភា ឆ្នាំ២០២៤ (សុរបចង្កោមទាំង៨៤) ហើយរបាយការណ៍ចុងក្រោយ នឹងបាននៅចុងឆ្នាំ២០២៤ ។ របកគំហើញនៃការអង្កេតស្រាវជ្រាវអត្រាប្រេវ៉ាឡង់ នឹងផ្ដល់ឲ្យប្រទេសនូវការយល់ដឹងកាន់តែច្បាស់អំពីបន្ទុកនៃជំងឺ និងនិន្នាការដែលបណ្ដាលមកពីជំងឺរបេង និងដើម្បីរៀបចំផែនការកែលម្អការថែទាំ និងទប់ស្កាត់ជំងឺរបេងដើម្បីរួមចំណែកដល់គោលដៅនៃការបញ្ចប់ជំងឺរបេងនៅកម្ពុជា ។ ថវិកាគាំទ្រការអង្កេតសិក្សានេះ បានមកពីប្រភព Global Fund, DETA (Australia ) និង USAID ។ យ៉ាងណា ទោះបីយើងទទួលបានជោគជ័យយ៉ាងនេះក៏ដោយ ក៏ប្រទេសយើងនៅមានករណីជំងឺរបេងច្រើននៅឡើយ ហើយមានបញ្ហា​ប្រឈមមួយចំនួន ដែលត្រូវដោះស្រាយដើម្បីឲ្យកម្មវិធីជាតិសម្រេចបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ( SDG ) នៅចុងឆ្នាំ២០៣០ ដែលក្នុងនោះយើងមានបំណងដើម្បីបន្ថយអត្រាអាំងស៊ីដង់ ៨០% និងអត្រាស្លាប់ ៩០% នៅឆ្នាំ២០៣០ ធៀបនឹងតួលេខ២០១៥ ។ ដូចនេះកម្មវិធីជាតិរត្រូវការធនធានបន្ថែម ដើម្បីឲ្យខ្លួនអាចសម្រេចបានទិសដៅជាបន្ត ក្នុងបណ្ដាឆ្នាំខាងមុខ ។ ពាក់ព័ន្ធបញ្ហានេះ លោកសូមអំពាវនាវដល់គ្រប់ភាគីទាំងអស់ សូមមេត្តាជួយនិងបន្តជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីជាតិ ដើម្បីឲ្យសម្រេចបានជាស្ថាពរ នូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) នៅចុងឆ្នាំ២០៣០ និងក្នុងបណ្ដាឆ្នាំបន្ត ។

លោកជួប សុខចំរើន ប្រធានគម្រោងខំមីត និងជាយកប្រតិបត្តិអង្គការ KHANA តំណាងអង្គការសង្គមស៊ីវិលធ្វើការពាក់ព័ន្ធនឹងកម្មវិធីជំងឺរបេង បានបញ្ជាក់ថា កម្ពុជាជាប្រទេសមួយដែលទទួលបានជោគជ័យ ក្នុងការកាត់បន្ថយអត្រាឈឺ និងអត្រាស្លាប់ដោយសារជំងឺរបេងជាប់ៗគ្នាក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ (២០១៥-២០២០) ហើយបានចាកចេញពីបញ្ជីនៃប្រទេសចំនួនសាមសិបដែលមានបន្ទុកជំងឺរបេងខ្ពស់ របស់អង្គការសុខភាពពិភពលោក ក្នុងឆ្នាំ២០២១ តែស្ថិតនៅក្រោមបញ្ជីនៃការឃ្លាំងមើល (Watching List) របស់អង្គការសុខភាពពិភពលោកសម្រាប់រយៈពេល២០២១ ដល់ ២០២៥ ។ បន្ថែមលើសនេះ ក្នុងកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិ ស្ដីពីជំងឺរបេង នាខែកញ្ញា ឆ្នាំ២០២៣ នាទីក្រុងញូវយ៉ក កម្ពុជាជាប្រទេសមួយនៃហត្ថលេខីក្នុងសេចក្ដីប្រកាសគោលនយោបាយ ដោយបានប្ដេជ្ញា និងការតាំងចិត្តសម្រេចឲ្យបាននៅសូចនាករណ៍មួយចំនួន នាដំណាច់ឆ្នាំ២០២៧ រួមមាន ៩០% នៃអ្នកដែលមានជំងឺរបេងទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺរបេងប្រកបដោយគុណភាព ។ ៩០% នៃអ្នកដែលមានហានិភ័យខ្ពស់ទទួលបានការព្យាបាលបង្កាជំងឺរបេង ( TB Preventive Therapy “TPT” ) ។ ១០០% នៃអ្នកជំងឺរបេងបានទទួលកញ្ចប់អត្ថប្រយោជន៍សង្គម និងសុខភាព ដើម្បីធានាថា ពួកគេនឹងមានផលវិបាកហិរញ្ញវត្ថុ ដោយសារតែមានគេមានជំងឺរបេង… ។

ឆ្លៀតឱកាសនេះ ក្នុងនាមអង្គការខាណា និងអង្គការដៃគូអនុវត្តគម្រោងខំមីត លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រសួងសុខាភិបាល មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មន្ទីរសុខាភិបាលរាជធានី ខេត្ត ការិយាល័យសុខាភិបាលសុ្រកប្រតិបត្តិ មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំងអស់ ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងស្ថាប័ន មន្ទីរពាក់ព័ន្ធ សិល្បករ អ្នកសារព័ត៌មាន ដែលបានសហការ គាំទ្រ និងជួយឲ្យដំណើរការសកម្មភាពគម្រោងអនុវត្តដោយរលូន និងទទួលបានជោគជ័យ ។ ជាមួយគ្នានេះ លោកក៏សូមសំណូមពរ សុំមេត្តាបន្តការគាំទ្រ និងការសហការ ដើម្បីឲ្យសកម្មភាពគម្រោងអនុវត្តដោយមានប្រសិទ្ធភាពក្នុងឆ្នាំនេះ និងបណ្ដាឆ្នាំខាងមុខទៀត និងដើម្បីជួយស្វែងករណីជំងឺរបេងដែលបាត់ពីសេវា ឲ្យឆាប់បានធ្វើតេស្ត ធ្វើរោគវិនិច្ឆ័យ និងឆាប់បានទទួលការព្យាបាល និងជួយដល់អ្នកដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺរបេង ជាពិសេសសសសសមាជិកគ្រួសារនៃអ្នកជំងឺរបេង ទទួលបានការព្យាបាលបង្ការ ឆ្ពោះទៅសម្រេចបានគោលដៅបញ្ចប់ការរាតត្បាតនៃជំងឺរបេង នាឆ្នាំ២០៣០ នៅកម្ពុជា ដែលយើងពិតជាអាចធ្វើបាន! YES! WE CAN END TB! ។

លោកស្រីវេជ្ជបណ្ឌិត ម៉ារីណា ទ្រីយ៉ាស ( Jana Marianna Trias) តំណាង និងជាប្រធានការិយាល័យអង្គការសុខភាពិភពលោក ប្រចាំកម្ពុជា បានបញ្ជាក់ថា នាឱកាសពិភពលោកកំចាត់រោគរបេងនេះ អង្គការសុខភាពពិភពលោកកំពុងអំពាវនាវឲ្យសកម្មសភាពសំខាន់ៗចំនួន៤ ដើម្បីធានថា ការប្ដេជ្ញាចិត្តដែលបានធ្វើឡើងនៅក្នុង “កិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសហប្រជាជាតិ ស្ដីពីការការប្រយុទ្ធនឹងជំងឺរបេង “លើកទី២” កាលពីឆ្នាំមុន ត្រូវសម្រេចជាលទ្ធផល ។ ទី១ យើងត្រូវការភាពស៊ាំរោគរបេង និងការវិនិយោគកម្រិតខ្ពស់ ដើម្បីធានាបាននូវលទ្ធភាពដែលអាចទទួលបានជាសកលចំពោះការថែទាំ និងការស្រាវជ្រាវជំងឺរបេង ។ បច្ចុប្បន្នយើងមនការប្ដេជ្ញាចិត្តយ៉ាងមុតមាំដែលធ្វើឡើងដោយមេដឹកនាំពិភពលោក យើងត្រូវបង្រួបបង្រួមកម្លាំង ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តទាំងនេះឲ្យទៅជាសកម្មភាពយ៉ាងឆាប់រហ័ស រួមទាំងការអនុវត្តិកិច្ចគំនិតផ្ដួចផ្ដើមដ៏សំខាន់របស់អគ្គនាយកអង្គការសុខភាពពិភពលោក ក្នុងការឈានទៅមុខយ៉ាងឆាប់រហ័សឆ្ពោះទៅរកទិសដៅបញ្ចប់ជំងឺរបេង ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៧…។ ទី២ ការពង្រីកលទ្ធភាពទទួលបាននូវការពិនិត្យរកជំងឺរបេង និងការព្យាបាលបង្ការត្រូវតែជាអាទិភាព ។ នាទិវាពិភពលោកកំចាត់ជំងឺរបេងនេះ អង្គការសុខភាពពិភពលោក នឹងចេញផ្សាយការវិភាគដែលបង្ហាញថា សូម្បីតែការវិនិយតិចតួចក្នុងការពិនិត្យរកជំងឺរបេង និងការព្យាបាលបង្កាចំនួន១ដុល្លារ ក៏អាចនាំឲ្យមានការទទួលបាន៣៩ដុល្លារ ត្រឡប់មកវិញ លើការវិនិយោគនេះ ។ ប្រទេសកម្ពុជាបាននដាក់ចេញ និងពង្រីកវិសាលភាពនូវរបបព្យាបាលថ្នាំរយៈពេលខ្លី សម្រាប់ការព្យាបាលបង្ការជំងឺរបេង ដើម្បីការពារមនុស្សដែលមានហានិភ័យពីការកើតជំងឺនេះ ។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងទាំងនេះ ចំនួនអ្នកទទួលការព្យាបាលបង្ការមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងប្រទេសកម្ពុជា…។ ជាចុងក្រោយ ការបញ្ចប់ជំងឺរបេងទាមទារឲ្យមានសកម្មភាពរួមគ្នា ដោយគ្រប់វិស័យ សហគមន៍ និងសង្គមស៊ីវិល និងការដោះស្រាយវិសមភាពសុខភាព ដើម្បីធានាសុខភាពសម្រាប់មនុស្សគ្រប់គ្នា ។ អ្នកដែលមានជំងឺរបេងច្រើនតែស្ថិតក្នុងចំណោមអ្នកដែលងាយរងគ្រោះបំផុត ហើយប្រឈមមុខនឹងឧបសគ្គក្នុងការទទួលបានការថែទាំ ។ ការឆ្លើយតបនឹងជំងឺរបេង និងមូលហេតុបង្កប់របស់វា មិនអាចសម្រេចបានដោយពឹងលើតែប្រព័ន្ធសុខាភិបាកតែមួយនោះទេ ។ អង្គការសុខភាពពិភពលោក កំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាលបាន និងដៃគូនានាដើម្បីបង្កើត និងអនុវត្តក្របខ័ណ្ឌគណនេយ្យភាពពហុវិស័យសម្រាប់ជំងឺរបេង ដើម្បីដោះស្រាយស្រាយកត្តាកំណត់សង្គម និងជាកត្តាជំរុញនៃការចម្លងជំងឺរបេង ។ យើងទាំងអស់គ្នាមានតួនាទីក្នុងការបញ្ចប់ជំងឺរបេង ប៉ុន្តែបើយើងទាំងអស់គ្នារួមគ្នានោះ ពិតជាយើងអាចបញ្ចប់ជំងឺរបេងបាន និងផ្ដល់ឲ្យប្រទេកម្ពុជាដែលពល់រដ្ឋមានសុខភាពល្អ និងសុវត្ថិភាពសម្រាប់អនាគត ។  

អ្នកស្រីវ៉ា់ត លីដា ប្រធានបណ្ដាញអ្នកជំងឺរបេង ផ្ដោតលើប្រធានបទ “មែនហើយ យើងអាចបញ្ចប់ជំងឺរបេងបាន!” បានបញ្ជាក់នៅក្នុងចំណាប់អារម្មណ៍របស់អ្នកស្រីថា ការរៀបចំទិវានេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ ចំពោះសហគមន៍យើង ក៏ដូចជាប្រទេសជាតិយើង ដើម្បីលើកកម្ពស់ការយល់ដឹងបន្ថែមទៀតនៅក្នុងចំណោមអ្នករងផលប៉ះពាល់ដោយសារជំងឺរបេង ក៏ដូចជាប្រជាពលរដ្ឋទូទៅ ឲ្យគាត់មានការប្រុងប្រយ័ត្នខ្ពស់អំពីការឆ្លងជំងឺដ៏កាចសាហាវមួយនេះ ព្រមជាមួយនឹងការក្រើនរំលឹកដល់អ្នកដែលគាត់មានការសង្ស័យ ឬមានការប្រឈមដោយសារជំងឺរបេង ឆាប់រួសរាន់ទៅពិនិត្យ និងធ្វើរោគវិនិច្ឆ័យ និងឆាប់ទទួលបានការព្យាបាលឲ្យបានទាន់ពេលវេលា ។ កន្លងមក បណ្ដាញដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់សហគមន៍ ដែលជាអ្នកជំងឺរបេង អតីតអ្នកជំងឺរបេង ហើយនិងអ្នកងាយរងគ្រោះនានានៅក្នុងការទទួលបានសេវាគាំទ្រនានាប្រកបដោយប្រសិទ្ធភាព ប្រសិទ្ធផល និងគុណភាព ។ បន្ថែមពីនេះទៀត បណ្ដាញក៏បានដើរតួនាទីជាដៃគូរបស់អ្នកផ្ដល់សេវា ផ្ដល់ព័ត៌មានអំពីយុទ្ធសាស្រ្តនានា នៅក្នុងការទទួលការលុបំបាត់ការរើសអើង និងមាក់ងាយ ការគាំទ្រផ្លូវភេទ និងការគាំពារសង្គម និងបញ្ហាពាក់ព័ន្ធផ្សេងទៀត ដែលមានភាពលំបាកផ្នែកអាហារូបត្ថម្ភផងដែរ ។ ទាំងអស់នេះបានបង្ហាញឲ្យឃើញថា សហគមន៍អ្នករងផលប៉ះពាល់ដោយសារជំងឺរបេង មិនត្រឹមតែជាអ្នកទទួលផលប៉ុណ្ណោះទេ ប៉ុន្តែយើងអាចជាដៃគូ និងដឹកនាំការឆ្លើយតបបញ្ហាត្រឡប់យ៉ាងមានប្រសិទ្ធភាព និងគុណភាព ដោយផ្អែកលើបទពិសោធន៍ និងជំនាញសហគមន៍រងគ្រោះដោយសារជំងឺរបេងដែលបានឆ្លងកាត់កន្លងមក ។ ដូចនេះបណ្ដាញសហគមន៍យើងខ្ញុំបានប្ដេជ្ញាចិត្តនៅក្នុងការជួយគាំទ្រ និងរួមចំណែកជាមួយនឹងកម្មវិធីជាតិកម្ចាត់មុខរបេង នៅក្នុងការបំពេញការឆ្លើយតបទៅនឹងការប្ដេជ្ញាចិត្តនិងគោលនយោបាយនៃកិច្ចប្រជុំកម្រិតខ្ពស់របស់អង្គការសុខភាពពិភពលោក ស្ដីពីជំងឺរបេងឆ្នាំ២០២៣ និងគោលដៅបញ្ចប់ជំងឺរបេងនៅចុងឆ្នាំ២០២៣ ។ ការរួមចំណែករបស់សហគមន៍ អ្នករងផលប៉ះពាល់ដោយសារជំងឺរបេង នឹងអាចរួមចំណែកឈានទៅរកការសម្រេចបាននូវមូលបទទិវាពិភពលោកកម្ចាត់រោគរបេង ២៤ មីនា ឆ្នាំ២០២៤ ។ ​

លោកស្រី KEry Pelzman នាយិកាបេសកកម្មនៃទីភ្នាក់ងារ USAid ប្រចាំកម្ពុជា ស្ដីអំពីការគាំទ្ររបស់សហរដ្ឋអាមេរិកក្នុងវិស័យសុខាភិបាល និងជាពិសេសកម្មវិធីឆ្លើយតបនឹងជំងឺរបេង បានថ្លែងថា ប្រធានបទនៃជំងឺរបេងពិភពលោកឆ្នាំនេះ គឺ “មែនហើយ យើងអាចបញ្ចប់ជំងឺរបេងបាន! ជំរុញឲ្យមានជាក្ដីសង្ឃឹម និងស្របតាមបន្ថែមលើសមិទ្ធផលដែលសម្រេចបានគួរឲ្យកត់សម្គាល់នៅក្នុងឆ្នាំ២០២៣ ប្រទេសកម្ពុជាត្រូវបានដកចេញពីបញ្ជីរបស់អង្គការសុខភាពពិភពលោក នៃបន្ទុកប្រទេសដែលមានជំងឺរបេងធ្ងន់ធ្ងរ ដោយសារចំណុចយោបល់សំខាន់ៗរបស់លោកស្រី ពីជំងឺរបេងសម្រេចបាន ។ ប្រធានបទនៃទិវាពិភពលោកឆ្នាំនេះ បន្តប្ដេជ្ញាចិត្តក្នុងការធានាឲ្យទទួលបានការធ្វើរោគវិនិច្ឆ័យនិងរបបព្យាបាលថ្មីដោយប្រើប្រាស់វិធីសាស្រ្តផ្អែកលើភស្តុតាងដើម្បីស្វែងរកនិងព្យាបាលមនុស្សទាំងអស់ដែលមានជំងឺរបេង ។ ទិវានេះក៏សង្កត់ធ្ងន់ផងដែរ អំពីការចូលរួមដ៏សំខាន់របស់អស់លោក លោកស្រី ដែលរងផលប៉ះពាល់ដោយសារជំងឺរបេងនៅក្នុងសហគមន៍មូលដ្ឋាននេះ និងក្រុមអង្គការសង្គមស៊ីវិលនៅជួរមុខ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ចប់ជំងឺរបេងនេះ ។ ជាចុងបញ្ចប់ គឺចង់បញ្ជាក់អំពីការប្ដេជ្ញាចិត្តរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីការអភិវឌ្ឍនៅកម្ពុជា ក្នុងការបន្តភាពជាដៃគូជាមួយប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរបេងជាសកល ដែលជាផ្នែកមួយដ៏សំខាន់នៃការប្ដេជ្ញាចិត្តយូរអង្វែងរបស់យើងក្នុងការលើកកម្ពុជាសុខុមាលភាពរបស់ប្រជាជនកម្ពុជា ។

លោកអ៊ុន បុត្ត អភិបាលរង នៃអគណៈអភិបាលខេត្តកំពង់ធំ បានថ្លែងនៅក្នុងទិវានេះថា ជាសារសំខាន់ លោកយល់ឃើញថា ដើម្បីបញ្ចប់ជំការរាតត្បាតជំងឺរបេង យើងចាំបាច់ត្រូវធ្វើការឆ្លើយតបរួមគ្នាជាលក្ខណៈពហុវិស័យ និងក្នុងភាពជាដៃគូ ដោយរាប់ចាប់ពីស្ថាប័ននីតិបញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ វិស័យឯកជន ដៃគូអភិវឌ្ឍជាតិ -អន្តរជាតិ អង្គការសង្គមស៊ីវិល សហគមន៍រងគ្រោះ និងផលប៉ះពាល់ដោយសារជំងឺរបេង វិស័យសារព័ត៌មាន និងវិស័យពាក់ព័ន្ធផ្សេងៗទៀត ។ ជាងនេះទៀត ការទទួលបាន និងការផ្ដល់សេវាជំងឺរបេង គប្បីត្រូវផ្ដោតយកចិត្តទុកដាក់ប្រកបដោយមេត្រីភាព ឈរលើប្រសិទ្ធភាព គុណភាព សមធម៌ និងតម្រូវការជាមូលដ្ឋានរបស់អ្នកជំងឺ ។ ដូច្នេះសូមរួមគ្នាជាចរន្តជាតិ បញ្ចប់ជំងឺរបេង គ្មានជំងឺរបេង គ្រួសារសុខសាន្ត សហគមន៍រីកចម្រើន សង្គមជាតិមានការអភិវឌ្ឍ ។

លោកសាស្រ្តាចារ្យឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល  បានឡើងថ្លែងសុន្ទរកថា និងប្រកាសបើកទិវាពិភពលោកកំចាត់រោគរបេង ជាមួយនឹងការអានសាររបស់សម្ដេចហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះជនរួមជាតិ នាឱកាសប្រារព្ធទិវាពិភពលោកកម្ចាត់រោគរបេង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “មែនហើយ យើងអាចបញ្ចប់ជំងឺរបេងបាន” (Yes We Can End BT) ។

លោកសាស្រា្តឈាង រ៉ា ក៏បានបញ្ជាក់ថា ក្នុងនាមក្រសួងសុខាភិបាល លោកសូមសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះសកម្មភាពនៃការឈានទៅការបញ្ចប់ជំងឺរបេងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅលើសកលលោក ។ សូមបងប្អូនទាំងអស់ចូលរួមគាំទ្រទៅរកសកម្មភាពនៃការលុបបំបាត់នៃមេរោគរបេងនេះនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ ជំងឺរបេង មែនទែនយើងស្គាល់ច្បាស់ ហើយក៏ជាជំងឺដែលអាចការពារបាន ដែលអាចព្យាបាលបាន ហើយជាជំងឺដែលអាចព្យាបាលជាដាច់បាន ។ ដូច្នេះយើងត្រូវចូលរួមទាំងអស់គ្នា ហើយយើងមានសង្ឃឹមថា យើងធ្វើបាន ។ អ៊ីចឹងហើយបានយើងមានពាក្យមួយថា “Yes We Can And TB” គឺ “មែនហើយ យើងអាចបញ្ចប់ជំងឺរបេងបាន” ៕

RELATED ARTICLES