Saturday, April 27, 2024
Homeព័ត៌មានអន្តរជាតិអភិបាលរដ្ឋម៉ារីឡែនដ៍ ថា ៧នាទី មុនកប៉ាល់បុកបាក់ស្ពាន ផ្តល់សញ្ញាជួយជីវិតមនុស្សបានច្រើននាក់

អភិបាលរដ្ឋម៉ារីឡែនដ៍ ថា ៧នាទី មុនកប៉ាល់បុកបាក់ស្ពាន ផ្តល់សញ្ញាជួយជីវិតមនុស្សបានច្រើននាក់

សហរដ្ឋអាមេរិក ៖ អភិបាលរដ្ឋម៉ារីឡែនដ៍ (Maryland) និយាយថា ៧នាទីដ៏សំខាន់ បានជួយសង្គ្រោះជីវិតមនុស្សជាច្រើននាក់ មុនពេលកប៉ាល់ដ៏ធំរបស់សិង្ហបុរី បានបុកស្ពានបាក់ស្ពាន ឆ្លងកាត់ទន្លេនៅទិក្រុងបាល់ទីម័រ (Baltimore) បណ្តាលឲ្យកម្មករសំណង់ ចំនួន៦នាក់ ដែលកំពុងជួសជុលផ្ទៃផ្លូវលើស្ពាន បានធ្លាក់ចូលទន្លេ បាត់ខ្លួន និងត្រូវបានជឿថាស្លាប់ទាំងអស់។

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ លោកលោកវេស ម័រ (Wes Moore) អភិបាលរដ្ឋម៉ារីឡែនដ៍ ( Maryland) សហរដ្ឋអាមេរិក បានបង្ហាញពីការវិវឌ្ឍដ៏គួរឱ្យភ្ញាក់ផ្អើល នៃស្ពាន ហ្វ្រែនស៊ីស ស្កុតឃីយ៍ (Francis Scott Key Bridge)  ឬហៅកាត់ថា ស្ពានឃីយ៍ (Key Bridge) ដែលជាស្ពានឆ្លងកាត់ទន្លេប៉ាតាបស្កូ (Patapsco) ក្នុងទីក្រុងបាល់ទីម័រ ដែលត្រូវបានបុកដោយកប៉ាល់ដឹកទំនិញដ៏ធំមួយ ដែលមានឈ្មោះថា ដេលី (Dali)  របស់សិង្ហបុរី នៅម៉ោងប្រហែល ១និង៣០នាទី ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ម៉ោងក្នុងស្រុក បណ្តាលឱ្យស្ពានប្រវែង ២៦០០ម៉ែត្រនេះ បាក់រលំក្នុងរយៈពេលតែប៉ុន្មានវិនាទី។

តាមប្រភពព័ត៌មានឲ្យដឹងថា មុនពេលកើតហេតុ កប៉ាល់ដឹកទំនិញ ដេលី (Dali) ដែលកំពុងធ្វើដំណើរឆ្ពោះទៅទីក្រុងកូឡុំបូ រាជធានីនៃប្រទេសស្រីលង្កា បានបញ្ជូនសញ្ញាមេយ៍ដេយ៍ (Mayday) ដើម្បីជូនដំណឹងអំពីភាព​អាសន្ននៅលើកប៉ាល់ មុនពេលកប៉ាល់បុកសសរស្ពានឃីយ៍ (Key Bridge) ហើយប្រាំពីរនាទីក្រោយមក មន្ត្រីសមត្ថកិច្ច បានជួយបិទផ្លូវចរាចរណ៍នៅសងខាងស្ពាន ដែលវាអាចជួយសង្គ្រោះជីវិតមនុស្សបានជាច្រើន។

លោកវេស ម័រ អភិបាលរដ្ឋម៉ារីឡែនដ៍ បាននិយាយងា «ភ្លាមៗនៅពេលដែលយើងត្រូវបានជូនដំណឹងអំពីកប៉ាល់ដឹកទំនិញ បានបញ្ជូនសញ្ញា Mayday របស់ខ្លួន យើងបានបញ្ឈប់យានយន្តមួយចំនួនធំ ដែលចូលមកលើស្ពានទាំងសងខាង»។

ទោះជាយ៉ាងណា សោកនាដកម្មកប៉ាល់ដឹកទំនិញសិង្ហបុរី បុកបាក់ស្ពានឆ្លងកាត់ទន្លេនេះ បានធ្វើឲ្យកម្មករ ៦នាក់ ដែលកំពុងជួសជុលចំណុចប្រហោងលើស្ពាន បានធ្លាក់ចូលទៅក្នុងទន្លេ បាត់ខ្លួន ហើយក្រោយមកត្រូវបានគេជឿថា មនុស្សទាំងអស់នោះ បានស្លាប់ ក្រោយប្រតិបត្តិការរុករកដើម្បីសង្គ្រោះជីវិតជនរងគ្រោះ ត្រូវបានបញ្ចប់ បន្ទាប់ពីជិតមួយថ្ងៃបានកន្លងផុតទៅ។ ក្រោយមក អាជ្ញាធរអាមេរិក គេបានប្រកាសថា កម្មករ ៦នាក់ ដែលបានបាត់ខ្លួននោះ បានស្លាប់។

គួររំលឹកដែរថា ស្ពានហ្វ្រែនស៊ីស ស្កុតឃីយ៍ (Francis Scott Key Bridge)  ឬហៅកាត់ថា ស្ពានឃីយ៍ (Key Bridge) នៅទីក្រុងបាល់ទីម័រ រដ្ឋម៉ារីឡែនដ៍ នោះ ធ្លាប់ត្រូវបានបុកប៉ះដោយកប៉ាល់ដឹកទំនិញរបស់ជប៉ុន ឈ្មោះ ប៊្លូណាហ្គោយ៉ា (Blue Nagoya) កាលពីជាង ៤៤ឆ្នាំមុន (ឆ្នាំ១៩៨០) ប៉ុន្តែវាត្រូវបានខូចខាតតិចតួចនៅពេលនោះ។ ខុសពីហេតុការណ៍កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ដែលស្ពានស្ទើរតែទាំងមូល បានបាក់រលំ។ ប៉ុន្តែភាពខុសគ្នាដ៏ធំមួយ រវាងឧបទ្ទវហេតុកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ និងកាលពី ៤៤ឆ្នាំមុន គឺទំហំនៃកប៉ាល់ដែលបានបុក ដោយកប៉ាល់ ដេលី (Dali) របស់សិង្ហបុរី មានប្រវែងដល់ទៅ ៣០០ម៉ែត្រ ខណៈដែលកប៉ាល់ ប៊្លូណាហ្គោយ៉ា (Blue Nagoya) របស់ជប៉ុន មានប្រវែងនិងទម្ងន់ត្រឹមតែមួយភាគបី នៃកប៉ាល់​ Dali របស់សិង្ហបុរី ប៉ុណ្ណោះ។ ប៉ុន្តែក្នុងសម័យនោះ គេចាត់ទុកជាកប៉ាល់ធំ។

អ្នកជំនាញ បាននិយាយថា  ស្ពានហ្វ្រែនស៊ីស ស្កុតឃីយ៍ រួមទាំងស្ពានផ្សេងៗទៀត សាងសង់ក្នុងសម័យកាល​តែមួយ វាមិនត្រូវបានរចនាឡើងដើម្បីការពារខ្លួនពីការប៉ះទង្គិចជាមួយកប៉ាល់ធំៗ ដូចជាកប៉ាល់ដេលី នោះទេ ហើយវាអាចបំផុសគំនិតវិស្វករ ឱ្យវាយតម្លៃហេដ្ឋារចនាសម្ព័ន្ធវ័យចំណាស់ នៅក្នុងសហរដ្ឋអាមេរិក។ សំណួរមួយទៀតគឺថា តើវាអាចទប់ទល់នឹងផលប៉ះពាល់នៃកប៉ាល់ធំៗដែលបើកបរនៅលើផ្លូវទឹកសព្វថ្ងៃនេះបានដែរឬទេ?

លោក រិកខ៍ ហ្គេដដេស (Rick Geddes) សាស្ត្រាចារ្យ និងជាប្រធាននាយកដ្ឋានគោលនយោបាយហេដ្ឋារ​ចនាសម្ព័ន្ធ បាននិយាយថា “នេះពិតជាការដាស់តឿនមួយ” នៃសាកលវិទ្យាល័យខ័រណែល (Cornell) ដែលបាននិយាយថា “មនុស្សដែលសាងសង់ស្ពាន Francis Scott Key មិនអាចទាយទុកជាមុនបានថា នឹងមានកប៉ាល់ដ៏ធំនេះទេ។ វាមិនមែនជាកំហុសរបស់គេទេ។ ពួកគេមិនមានគ្រាប់គ្រិស្តាល់ សម្រាប់ទស្សន៍ទាយពីអនា​គតឡើយ “៕

RELATED ARTICLES