តំបន់កាហ្សា៖ អ្នកនាំពាក្យយោធាឲ្យដឹងថាអ៊ីស្រាអែលកាលពីថ្ងៃច័ន្ទនេះបានបើការវាយប្រហារកម្រិតកាំភ្លើងធំលើតំបន់ភាគខាងជើងកាហ្សាស្ត្រីប ដើម្បីកំទេចបន្ទាយក្រុមហាម៉ាសមួយដែលទុកសម្រាប់ប្រើប្រាស់មុននឹងមានការបាញ់គ្រប់រុក្កែតមកលើទឹកដីរបស់អ៊ីស្រាអែល ។
អាជ្ញាធរអ៊ីស្រាអែលបានថ្លែងថាការបាញ់ផ្លោងគ្រប់រុក្កែតចូលក្នុងតំបន់ទីវាលលំហោឋានមួយគឺពុំបណ្តាលឲ្យមានអ្នករងរបួសឬខូចខាតអ្វីនោះឡើយ ។
មន្ត្រីអ្នកនាំពាក្យរូបនោះថែមទាំងបានបង្ហើបនៅក្នុងសេចក្តីថ្លែងការណ៍មួយថាជាការឆ្លើយតបវិញ កងរថក្រោះរបស់កងកម្លាំងការពារជាតិអ៊ីស្រាអែលបានដាក់ទិសដៅបាញ់ផ្លោងលើបន្ទាយមួយរបស់ពួកហាម៉ាសដែលស្ថិតនៅភាគខាងជើងកាហ្សាស្ត្រីប ។
ចំណែកសារព័ត៌មានប៉ាឡេស្ទីនបានរាយការណ៍ថាការផ្ទុះគ្រាប់បែកពីរគ្រាប់បានវាយប្រហារលើតំបន់ Beit Lahia តែពុំបណ្តាលឲ្យមានអ្នករងរបួសឡើយ ។
វាគឺជាលើកដំបូងហើយដែលគ្រាប់រុក្កែតត្រូវបានបាញ់ចេញពីតំបន់របស់ប៉ាឡេស្ទីនចាប់តាំងពីខែតុលាមក នេះបើយោងតាមរបាយការណ៍ថ្មីមួយរបស់ ទីភ្នាក់ងារ Meir Amit Intelligence and Information Center ដែលជាមជ្ឈមណ្ឌលស្រាវជ្រាវរបស់មានមូលដ្ឋាននៅអ៊ីស្រាអែល។
របាយការណ៍ឆ្នាំ២០១៦របស់មជ្ឈមណ្ឌលនេះបង្ហាញឲ្យឃើញថាអំឡុងពេលប៉ុន្មានឆ្នាំមុននេះ គ្រាប់រុក្កែតជាច្រើនគ្រាប់បានវាយប្រហារដោយក្រុមសកម្មប្រយុទ្ធកាហ្សាក្នុងកម្រិតទាបបំផុតរបស់ពួកគេអំឡុងពេល១១ឆ្នាំនេះ ។
គួរបញ្ជាក់ថាយុទ្ធនាការយោធារបស់អ៊ីស្រាអែលក្នុងតំបន់កាហ្សាបានបញ្ចប់នៅក្នុងខែកក្កដាឆ្នាំ២០១៤ បន្ទាប់ពីសង្គ្រាម៥១ថ្ងៃ។ ចាប់តាំងពីពេលនោះមក ឧប្បត្តិហេតុនៃការផ្ទុះអាវុធដែលកើតឡើងយូរៗម្តងបានលេចចេញមកនៅតាមព្រំដែនរបស់ភាគីទាំងពីរប៉ុន្តែមិនដែលវិវត្តចូលទៅក្នុងសង្គ្រាមទ្រង់ទ្រាយធំឡើយ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា