ទីផ្សារអចលនទ្រព្យ៖ ការលក់លំនៅឋានថ្មីក្នុងទីក្រុងសៀងហៃបានធ្លាក់ចុះកាល ពីសប្តាហ៍មុនក្នុងអំឡុងពេលនៃរដូវបុណ្យឈប់សម្រាកចូលឆ្នាំថ្មីប្រពៃណីចិនខណៈតម្លៃជាមធ្យមនៃផ្ទះថ្មីនៅតែមានហាងឆេងខ្ពស់ដដែល ។
ក្រុមហ៊ុនផ្តល់ប្រឹក្សាផ្នែកអចលនទ្រព្យសៀងហៃ Shanghai Centaline Property Consultants Co ឲ្យដឹងថាការលក់លំនៅឋានថ្មីដែលមិនរាប់បញ្ចូលផ្ទះតម្លៃសមរម្យក្រោមការជួយទំនុកបម្រុងរបស់រដ្ឋាភិបាល បានធ្លាក់ចុះ៧៤%ពីអំឡុងពេល៧ថ្ងៃមុនឬស្មើនឹង១៣.០០០ម៉ែត្រក្រឡា ។
លំនៅឋានថ្មីទាំងនោះលក់ចេញក្នុងតម្លៃហាងឆេងជាមធ្យម៧.៤៥៨ដុល្លារក្នុងមួយម៉ែត្រក្រឡា ឡើងថ្លៃប្រចាំសប្តាហ៍៧,៥%។
លោក Lu Wenxi អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន Centaline បានថ្លែងថាកម្លាំងរុញច្រាននៃការលក់មាននិន្នាការស្ពឹកកាលពីសប្តាហ៍មុន ដែលវាពិតជាមិនគួរឲ្យភ្ញាក់ផ្អើលអ្វីឡើយ ប្រសិនជាយើងពិចារណាលើកត្តាបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិស្របពេលដែលអ្នកទិញបន្តទន្ទឹងរង់ចាំមើល។
តាមទិន្នន័យរបស់ក្រុមហ៊ុនបង្ហាញថា ការផ្គត់ផ្គង់លំនៅឋានបានធ្លាក់ចុះ៩៩,៦%ពីអំឡុងពេល៧ថ្ងៃសប្តាហ៍មុន ។ គម្រោងលំនៅឋាននៅ Sanlin ក្នុងតំបន់ភាគខាងកើតសៀងហៃ Pudong New Area លក់ដាច់បានចំនួន១៤យូនីតកាលពីសប្តាហ៍មុនក្នុងតម្លៃហាងឆេងជាមធ្យម៨៥.៨៩៧យន់ក្នុងមួយម៉ែត្រក្រឡាដែលធ្វើឲ្យវាជាតំបន់អភិវឌ្ឍដ៏មានប្រជាប្រិយភាពបំផុតក្នុងទីក្រុងនេះ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា