កោះជម្លោះចិន-ជប៉ុន
ចិន៖ យោងតាមអាជ្ញាធរមានសមត្ថកិច្ចរបស់ភាគីទាំងពីរឲ្យដឹងថានាវាល្បាតក្នុងដែន សមុទ្ររបស់ចិនចំនួន៣គ្រឿងបានបើកចូលក្នុងដែនទឹកក្បែរតំបន់កោះដែលបានទាម ទារដោយភាគីចិននិងជប៉ុនក្នុងសមុទ្រចិនខាងកើតកាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ ។
ជប៉ុនគ្រប់គ្រងប្រជុំកោះនេះនិងហៅកោះនោះថាជាកោះ Senkaku ខណៈចិនហៅថាកោះ Diaoyu ។
ការចេញនាវាឆ្វែលក្បែរតំបន់នេះបានធ្វើឡើងត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក James Mattis បានអះអាងជាថ្មីអំពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការប្រកៀកស្មានិងការពារជប៉ុននិងកោះជម្លោះរបស់ខ្លួន ។
យោងតាមបណ្តាញផ្សព្វផ្សាយជប៉ុន NHK ឲ្យដឹងថាការតវ៉ាត្រូវបានធ្វើឡើងនៅស្ថានទូតចិនប្រចាំក្រុងតូក្យូនិងក្នុងរដ្ឋធានីប៉េកាំងនៅស្ថានទូតជប៉ុនតែម្តង ។
ភាពតានតឹងបានផ្ទុះអស់រយៈពេលជាច្រើនដងក្នុងអំឡុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះលើបញ្ហាជម្លោះដែនកោះខាងលើនេះក្នុងនោះមានការប្រឈមមុខដាក់គ្នារវាងកងទ័ពជើងទឹកនិងជើងអាកាសរបស់ចិននិងជប៉ុនដែលបានជាស្ថានការណ៍គ្រោះថ្នាក់មួយរបស់ភាគីទាំងពីរ ។
ក្រសួងការពារជាតិចិនបានចេញផ្សាយសេចក្តីថ្លែងការណ៍មួយលើគេហទំព័ររបស់ខ្លួនដោយអះអាងពីការចល័តនាវាល្បាតដែនសមុទ្រ។ ចំណែកក្រុមនាវាល្បាតរបស់ចិនបានឲ្យដឹងថានាវាចិនបានចំណាយពេលពីរម៉ោងក្នុងដែនទឹកលើអធិបតេយ្យភាពរបស់ជប៉ុន ។
កងនាវាល្បាតជប៉ុនបានឲ្យដឹងទៀតថាវាជាលើកទី៤ហើយដែលនាវារបស់ចិនបានចូលមកក្នុងដែនទឹករបស់ជប៉ុនក្នុងឆ្នាំ២០១៧នេះ ។
ចំណែកអ្នកជំនាញផ្នែកសន្តិសុខអាស៊ីដែលបម្រើការនៅមជ្ឈមណ្ឌល East-West ក្នុងតំបន់ Honolulu លោក Denny Roy បានថ្លែងថាការចល័តនាវាក្នុងដែនទឹកជម្លោះអាចនាំឲ្យមានឧប្បត្តិហេតុនៃការប៉ះទង្គិចគ្នាក៏ថាបាន ។
ទោះជាយ៉ាងណានៅក្នុងសន្និសិទកាសែតមួយកាលពីថ្ងៃសៅរ៍ក្នុងទីក្រុងតូក្យូលោក Mattis បានថ្លែងថាសហរដ្ឋអាមេរិកនឹងប្រកៀកស្មាគ្នាជាមួយជប៉ុនការពារកោះជម្លោះនោះ ។