ហ្វីលីពីន៖ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីនបានថ្លែងថាលោកប្រធានាធិបតី Rodrigo Duterte បានផ្តល់ការអនុញ្ញាតឲ្យយោធាសហរដ្ឋអាមេរិកសាងសង់ទីស្នាក់ការរបស់ខ្លួនក្នុងជំរំក្នុងស្រុកដែលបានជ្រើសរើសទុក និងជាទីកន្លែងដែលកងទ័ពសហរដ្ឋអាមេរិកត្រូវបានអនុញ្ញាតឲ្យបោះមូលដ្ឋានជាបណ្តោះអាសន្នក្រោមកាតិកាសញ្ញាការពារជាតិឆ្នាំ២០១៤ ។
ប្រមុខការពារជាតិហ្វីលីពីនលោក Delfin Lorenzana បានថ្លែងកាលពីថ្ងៃអង្គារនេះថាលោក Duterte បានប្រាប់លោកថាការសាងសង់មូលដ្ឋានទ័ពក្រោមកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការការពារជាតិអាចធ្វើទៅបាន ប៉ុន្តែចំពោះរូបលោកនឹងប្រាកដណាស់ថាគ្មានសព្វាវុធណាមួយនឹងត្រូវបានស្តុកទុកក្នុងទីស្នាក់ការនោះឡើយ ។
លោក Duterte បានគំរាមកាលពីពេលមុនក្នុងការលុបចោលនូវកិច្ចព្រមព្រៀងនេះ ប្រសិនជាសហរដ្ឋអាមេរិកស្តុកទុកអាវុធក្នុងស្រុករបស់ខ្លួន ដែលជាការបង្ហាញឲ្យឃើញពីក្តីបារម្ភចំពោះប្រទេសរបស់លោកអាចទទួលរងនូវភាពស្មុគស្មាញប្រសិនជាការប្រយុទ្ធផ្ទុះឡើងរវាងចិននិងសហរដ្ឋអាមេរិក ។ លោកបានគូសបញ្ជាក់ថាតំបន់បីដែលជាទីតាំងកងទ័ពអាមេរិកឈរជើងគឺបាននិងកំពុងនាំមកនូវអាវុធយុទ្ធភ័ណ្ឌរបស់ពួកគេ ។
ទោះជាយ៉ាងណាលោករដ្ឋមន្ត្រី Lorenzana ថ្លែងលោកបានច្បាស់លាស់ហើយចំពោះព័ត៌មាននិងការថ្លែងប្រាប់លោក Duterte ជុំវិញការមិនអនុញ្ញាតឲ្យមានការស្តុកអាវុធណាមួយកើតឡើងក្រោមកិច្ចព្រមព្រៀងនេះ ។