ភ្នំពេញ៖រយៈពេលជាង១ឆ្នាំមកហើយដែលតារាចម្រៀងសុខ ស្រីនាង បានបាត់មុខទាំងស្រុងពីបណ្ដាញសង្គមហ្វេសបុក និងIG ពោលគឺអត់ផុសរូបថ្មីសូម្បីតែ១ប៉ុស្ដិ៍ ដែលធ្វើឲ្យFan គ្មានប្រភពដំណឹងពីនាងទាំងស្រុងតែម្ដង។ប៉ុន្ដែកាលពីថ្ងៃទី២១ ខែមេសា ស្រីនាង បានបង្ហាញរូបភាពថ្មីដំបូងរបស់ខ្លួនគិតត្រឹមរយៈពេល៣៦៥ថ្ងៃ ឬជាង១២ខែនេះតាមរយៈការលេចមុខនៅថ្ងៃមង្គលការប្អូនប្រុសរបស់នាងដែលពិធីនោះស្រីនាង អត់បានហៅតារាជិតដិតនាងចូលរួមឡើយ ។តាមរយៈការលេចមុខមកវិញទាំងហ្វេសបុក និងIG នោះស្រីនាង នៅតែស្រស់ស្អាតជាមួយគ្រឿងអលង្ការ ខ្សែក និងខ្សែដៃ និងក្រវិលពេជ្រ ដែលមានតម្លៃខ្ទង់រាប់សែនដុល្លារ ប៉ុន្ដែនាងហាក់ដូចជាមានព្រលឹងជាងមុនបន្ដិច ទើបខ្លះលាន់មាត់ថាបាត់មុខយូនាងបែកសាច់ទ្រលុកទ្រលន់ជាងមុន។អតីតតារាហង្សមាសរូបនេះបានឈរក្នុងធ្វើរបងបាចផ្កានិងទះដៃសាទរថ្ងៃរៀបការប្អូនប្រុសនិងប្អូនថ្លៃនាង ដោយគ្មានប្រុសណាចម្លែកមុខបង្ហាញភាពស្និតស្នាលបែបគូស្នេហ៍នាងនៅក្នុងវីដេអូដែលមានរយៈពេលខ្លីនៅលើIG និងFb នោះឡើយ ។តារាវ័យ៣៧ឆ្នាំ រូបនេះក៍បានជូនពរប្អូនប្រុសស្រីរបស់នាងនៅថ្ងៃពិសេសរបស់ពួកគេដែរ តែនាងមិនបង្ហើបថាពេលណាទើបដល់វេនខ្លួនឯងត្រូវចូលរោងការជាលើកទី២នោះទេ ។
ក្រោយបាត់មុខពីបណ្ដាញសង្គមជាង១២ខែ ទើបលេចមុខមកវិញនេះមានFan ជាច្រើនបានខមិនទៅស្រីនាង ដោយចង់ដឹងពីមូលហេតុនៃការចាកចេញពីអាជីពចម្រៀង និងពេលវេលាដែលនាងត្រូវវិលវិញជាដើម ។ហ្វេសបុកឈ្មោះBong Pich ខមិនថា”ប្អូនប្រុសរៀបការហើយ ថ្ងៃណាបានបងស្រីរៀបការវិញ?”។ហ្វេសបុកឈ្មោះXing Yun ខមិនថា”ទើបឃើញIdol ផុស នឹកណាស់”។IG ឈ្មោះSar –Chhorvann ខមិនថា”នឹកបងនាងខ្លាំងណាស់ “។ហ្វេសបុកឈ្មោះChab Sokkha ខមិនថា”បាត់មុខយូណាស់Idol” ។ហ្វេសបុក ឈ្មោះKanitha Hok ខមិនថា”ម្ដេចក៍មិនដែលឃើញ Idol ចេញចម្រៀងទៀតចឹង ?”។
សុខ ស្រីនាង មិនបានឆ្លើយតបអ្វីទាំងអស់ទៅFan របស់នាងដែលខមិនសួរទាំងនៅ លើIg និងFb ខណៈដែលការវិលទៅរកអាជីពចាស់វិញក្នុងនាមជាតារាចម្រៀងម្ដងទៀតនៅតែស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ។ទោះជាយ៉ាងណាតាមរយៈការលេចមុខក្នុងពិធីមង្គលការប្អូនប្រុសនោះស្រីនាង នៅតែត្រូវបានភ្ញៀវដែលទៅចូលរួមមង្គលការនោះនៅចាំនាងច្បាស់តាមរយៈការសុំនាងថតរូបSelfie ជាបន្ដបន្ទាប់។
គួរបញ្ជាក់ថាសុខ ស្រីនាង បានដកខ្លួនពីឆាកតន្រ្ដីតាំងពីឆ្នាំ២០២១ ពោលគឺជាង៣ឆ្នាំមកហើយដែលនាងលែងទទួលច្រៀងConcerts ទាំងឡាយ ខណៈដែលនៅលើបណ្ដាញសង្គមវិញបានលែងផុសរូបថ្មីចាប់ពីពាក់កណ្ដាលខែមេសា ឆ្នាំ២០២៣ ហើយទើបតែនៅចុងខែមេសា ឆ្នាំ២០២៤ នេះទើបគេបានឃើញនាងបង្ហាញរូបថ្មីរបស់ខ្លួនជាលើកដំបូងឡើងវិញ។បើទោះជាស្រីនាង ពេលនេះមានព្រលឹងជាងមុនបន្ដិចក្ដី ប៉ុន្ដែការចេញមុខមកវិញនាពេលនេះអាចធ្វើឲ្យនាងស្រាលខ្លួនបន្ដិចពីរឿងដែលសុខៗនាងទម្លាក់ក្បាលមីក្រូចោលដែលនាំឲ្យមានការសង្ស័យថានាងដកខ្លួនព្រោះអាចមានផ្ទៃពោះជាមួយគូស្នេហ៍លាក់មុខនោះ ព្រោះមានការខ្សឹបខ្សៀវជាច្រើនពីអ្នកសិល្បៈថាស្រីនាង លែងច្រៀងដោយសារតែគូស្នេហ៍ហួងហែង…។ការលើកឡើងបែបនេះដោយសារតែគេធ្វើការវិភាគថាស្រីនាង បានតស៊ូអាជីពចម្រៀងរយៈពេលជាង១០ឆ្នាំហើយមុនបាត់ខ្លួននោះតម្លៃខ្លួននាងច្រៀង១កម្មវិធីស៊ីថ្លៃជាង១ពាន់ដុល្លារ ហេតុនេះការច្រៀង១រដូវក្ដៅអាចរកចំណូលបានជាច្រើនម៉ឺនដុល្លារក្នុង១ឆ្នាំៗតែនាងបែជាដកខ្លួនដោយគ្មានបានជូនដំណឹងទៅវិញ ទើបកាន់តែគេសង្ស័យថាអាចមកពីគូស្នេហ៍នាងបិទផ្លូវមិនឲ្យវិលត្រឡប់ទៅអាជីពចាស់។ប៉ុន្ដែភ្លាមៗនោះលោកEco Vaksong ជាអ្នកដឹកនាំសម្ដែងនៅហង្សមាសបានចេញមុខការពារជាបន្ទាន់ថាស្រីនាង លែងច្រៀងព្រោះជាប់រកស៊ី មិនមែនដូចពាក្យចរចាមអារ៉ាមនោះទេ។ប៉ុន្ដែលោកមិនបញ្ជាក់ឲ្យច្បាស់ថាស្រីនាង មានមុខរបរអ្វីខ្លះ បានជារវល់រហូតគ្មានពេលច្រៀងរាំដូចមុនឡើយ។
សុខ ស្រីនាង ទោះជាមានសញ្ញាវិលមកវិញតាមរយៈការចាប់ផ្ដើមចេញមុខជាបណ្ដើរៗមែន តែនាងមិនទាន់ចេញបទថ្មីណាមួយបទក្នុងរយៈពេលជាង៣ឆ្នាំនេះទេ ។ប្រសិនបើស្រីនាង មិនប្រញ៉ាប់ស្ដារមុខមាត់ឡើងវិញទេ នោះទីផ្សារចម្រៀងរបស់នាងនឹងសល់តែស្រមោល ពោលគឺបាត់មុខមាត់ទៅវិញដូចអតីតប្ដីនាងលោកស៊ី សុវត្ថិ ដែរជាមិនខាន ៕