Wednesday, May 15, 2024
Homeតារាខ្មែរតើលោកគួច ខេវិន ៖ នឹងធ្វើអ្វីមុនគេ បើសិនជាលោកជាប់ជាប្រធានសិល្បករខ្មែរ អាណត្តិទី៦ ?

តើលោកគួច ខេវិន ៖ នឹងធ្វើអ្វីមុនគេ បើសិនជាលោកជាប់ជាប្រធានសិល្បករខ្មែរ អាណត្តិទី៦ ?

ភ្នំពេញ៖លោកគួច ខេវិន ជាបេក្ខភាពម្នាក់ក្នុងចំណោមបេក្ខភាពទាំង៣រូបសម្រាប់តួនា​ទីជាប្រធានសិល្បករខ្មែរអាណត្តិទី៦ ជំនួសតំណែងអ្នកនាងចន ច័ន្ទលក្ខិណា ដែលបញ្ចប់អាណត្តិ។តើលោកគួច ខេវិន មានប្រវត្តិសិក្សារ និងស្នាដៃអ្វីខ្លះក្នុងសិល្បៈ ?

 យោងតាមការប្រកាសនៅលើបណ្ដាញសង្គមកាលពីថ្ងៃទី២៩ មេសា លោកគួច ខេវិន បានឲ្យដឹងថាលោកបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវប្បធ៌មនិងទស្សនវិជ្ជានៅសកលវិទ្យាល័យណតអ៊ីស្ទ័ននៃសហរដ្ឋអាម៉េរិក និងប្រើប្រាស់បានដល់ទៅ៥ភាសារ ។

 លោគួច ខេវិន រៀបរាប់ប្រវត្តិរបស់លោកថា”ខ្ញុំបាទ គួច ខេវិន បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកវប្បធ៌មនិងទស្សនវិជ្ជានៅសកលវិទ្យាល័យណតអ៊ីស្ទ័ននៃសហរដ្ឋអាម៉េរិក ( Northeastern University, Boston, MA Class of 1992)ចេះនិងប្រើប្រាស់បាន៥ភាសារមានខ្មែរ ចិន វៀតណាម បារាំងនិងអង់គ្លេស ខ្ញុំបាទបានវិលត្រឡប់មកបំរើមាតុភូមិ និងប្រជាជនខ្មែរវិញចាប់ពីឆ្នាំ១៩៩២តាមរយៈអង្គការសហប្រជាជាតិUNAMICនិងUNTAC ព្រមទាំងអង្គការមនុស្សធ៌មក្រៅរដ្ឋាភិបាលជាច្រើនទៀត ។ រយៈពេលជាង៣០ឆ្នាំកន្លងទៅខ្ញុំបាទបានធ្វើការងារជាអ្នកដឹកនាំ ផលិតកម្មវិធីទូរទស្សន៍ឯកជនជាច្រើននៅក្នុងប្រទេស និងផលិតវីដេអូ របាំព្រះរាជទ្រព្យ អាយ៉ៃ និងបទចម្រៀងជាច្រើនផ្សព្វផ្សាយទៅក្រៅប្រទេស។ តាមរយៈ ចំណេះនិងបទពិសោធន៍ខ្ញុំបាទបានស្ម័គ្រចិត្តឈរឈ្មោះជាបេក្ខភាពថ្នាក់ដឹកនាំសមាគមសិ​ល្បករខ្មែរទោះជាក្នុងតួនាទីណាក៏ដោយដើម្បីចូលរួមចំណែកលើកស្ទួយ អភិវឌ្ព្យន៍សិល្បៈវប្បធ៌មខ្មែរឲ្យរីកចម្រើនប្រកបដោយសេចក្តីថ្លៃថ្នូរ “។

   តើលោកគួច ខេវិន មានគោលបំណងសំខាន់អ្វីខ្លះបើសិនជាលោកបានជាប់ជាប្រធានសិល្បករខ្មែរអាណត្តិទី៦ ?

 លោកគួច ខេវិន បានបង្ហាញជំហថាលោកនឹងពាំនាំយកសិល្បៈទៅផ្សព្វផ្សាយលើឆាកអន្តរជាតិ និងធ្វើឲ្យសិល្បៈខ្មែរមានភាពថ្លៃថ្នូរ ព្រមទាំងមិនប្រកាន់ ឬរើសអើងចំពោះភេទទី៣ ឡើយ។លោកគួច ខេវិន ថ្លែងថា”សកលពង្រឹងសាមគ្គីភាព ឯកភាពរវាងសិល្បករសិល្បការនីខ្មែរគ្រប់ស្រទាប់ គ្រប់ជំនាញទាំងក្នុងនឹងក្រៅប្រទេសប្រកបដោយសមភាពយេនឌ័រ មិនប្រ​កាន់រើសអើងចំពោះភេទទីបី ក្រោមការគាំទ្រដឹកនាំដោយក្រសួងវប្បធ៌មនិងរាជរដ្ឋាភិបាល។

ពង្រីកវិសាលភាពនៃការផ្សព្វផ្សាយសិល្បៈ វប្បធ៌មជាតិលើផ្ទៃប្រទេសនិងនៅលើឆាកអន្តរជាតិជាពិសេសនៅតាមបណ្តាប្រទេសដែលមានសហគមន៍ខ្មែររស់នៅដើម្បីកិត្យានុកូលភាពនៃសិល្បៈវប្បធ៌មខ្មែរ និងដើម្បីទាក់ទាញឧស្សាហកម្មទេសចរណ៍។

ពង្រីកទីផ្សារការងារសម្រាប់សិល្បករ សិល្បការនី នាដករនាដការី តន្ត្រីករនៅក្នងនិងក្រៅប្រទេស ដើម្បីប្រាក់ចំណូលសម្រាប់សង្គមគ្រួសារព្រមទាំងសង្គមសិល្បៈ និងឈានទៅជួយដល់កាកបាទក្រហម មន្ទីពេទ្យ កុមារកំព្រារចាស់ជរានិងអ្នកគ្មានទីពឹង។ខ្ញុំបាទមានសង្ឃឹមយ៉ាងមុតមាំថា បណ្តាមិត្តភ័ក្ត្រ បងប្អូនពូមីងយាយតាជាសិល្បករ សិល្បការនី នាដករនាដការីទាំងអស់ដែលមានឆន្ទៈ មនសិកាប្រកបដោយឧត្តមគតិជាតិខ្ពង់ខ្ពស់នឹងចូលរួមគាំទ្រ”សមា​គម​សិល្បករខ្មែរ”តាមរយៈការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំដោយសុភវិនិច្ឆ័យត្រឹមត្រូវនិងយុត្តិធ៌ម ដើម្បីសិល្បៈវប្បធ៌មជាតិយើងមានវឌ្ព្យនភាពរុងរឿងនិងសេចក្តីថ្លៃថ្នូរ “។

 ជាមួយគ្នានេះដែរលោកគួច ខេវិន បានប្រាប់អ្នកយកព័តមានយើងតាមទូរស័ព្ទបន្ថែមថាដែរលោកចង់ពង្រឹងសាមគ្គីភាពក្នុងសិល្បៈទាំងផ្នែកសម័យនិងបុរាណ ឲ្យមានភាពស្និតស្នាលដើម្បីស្វែងយល់គ្នាទៅវិញទៅមក រួមសាមគ្គីគ្នា កុំប្រកាន់បក្ខពួកឲ្យសោះ គឺដូចអនុសាសន៍សម្ដេច “ចង្កឹះ១បាច់ គេកាច់មិនបាក់ទេ “។លោកថាប្រទេសជិតខាងក៍គេមិនអាចលួច សិល្បៈយើងបានដែរ បើយើងសាមគ្គីគ្នា គឺកុំចាំតែពេលគេលួច ចាំស្រែកអ៊ូអរ ។លោកប្រាប់ទៀតថាយើងមិនអាចបង្ខំទស្សនិកជន ឬបរទេសឲ្យមកគាំទ្រនូវសិល្បៈខ្មែរយើងទេ បើយើងធ្វើអត់ល្អនោះ គឺយើងត្រូវធ្វើឲ្យបានត្រឹមត្រូវតាមក្បួនខ្នាតគេទស្សនាហើយគេនិយាយពីយើង។កាលណាសិល្បៈយើងល្បីគឺកើនវិស័យទេសចរណ៍ដូចជាសាំងហ្គារពួរអីចឹងគេយកតារាលំដាប់ពិភពលោកមកលេង១ថ្ងៃចំណា​យ​ជាង៣លានដុល្លារគឺដើម្បីផ្សព្វផ្សាយសក្ដារនុពលទេសចរណ៍របស់គេ ហើយក្នុងនាមជាសមាគមយើងគួរចូលរួមសង្គមផ្សព្វផ្សាយពីវិស័យទេចរណ៍ រក្សារវប្បធ័ម ឲ្យកូនចៅបានថ្កុំថ្កើង។លោកខេវិន បន្ថែមទៀតថាយើងត្រូវបង្កើនសកម្ម​ភាព​សិល្បៈ ដូចជាពិធីបុណ្យទានអីចឹង យើងត្រូវបង្កើតមាតិការConcerts តាមប៉ុស្ដិ៍ទូរទស្សន៍ទាំងអស់ ដើម្បីឲ្យជួយដល់សមាគម កុមារកំព្រា ឬមន្ទីពេទ្យជាដើម ព្រោះនោះជាការបង្កើតការងារ និងការផ្សព្វ​ផ្សាយលើបណ្ដាញសង្គមលើសមាគម។លោកខេវិន ថាកន្លងមកលោកមានក្លិបមួយឈ្មោះអ៊ីម៉ា ដែលផលិតសិល្បៈ គ្រប់ទម្រង់ស្ថានីយ៍ទូរទស្សន៍គ្រប់ប៉ុស្ដិ៍ទទួលអ្នករាំពីសមាគមអ៊ីម៉ា របស់លោក ហើយតារាចម្រៀង,អ្នករាំបានទទួលផលប្រយោជន៍ពីសមាគមនោះ។លោកខេវិន ថាដើម្បីបង្កើតការងារឬបង្កើនប្រាក់ចំណូលដល់សិល្បករនោះលោកឧទាហរណ៍ដូចជានៅថ្ងៃពិធីបុណ្យអុំទូក និងបុណ្យប្រពៃណីខ្មែរចូលឆ្នាំខ្មែរជាដើមនោះយើងអាចទាក់ទងទៅទីផ្សារបរទេសដូចជាកូរ៉េ ,កាណាដា ,អូស្រា្ដលី បារាំង និងអាមេរិកជាដើម ដើម្បីយកសិល្បៈខ្មែរទៅក្រៅ រកប្រាក់ចំណូល ហើយនឹងចែកមកសមាគមខ្លះ។លោកថាតារាមានGrade A ,B ,C និងD ជាដើមហេតុនេះយើងត្រូវប្រើតារានោះទៅតាមប្រភេទកម្មវិធីមិនមែនកម្មវិធីតំណាងខ្មែរហើយយកតារាដែលមិនសាកសមប្រភេទកម្មវិធីទៅនោះទេ ។

 សូមបញ្ជាក់ថាការបោះឆ្នោតប្រធានសិល្បករខ្មែរអាណត្តិទី៦ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ នៅរាជបណ្ឌិតសភាកម្ពុជា តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ខាងមុខនេះហើយដែលបេក្ខភាពមាន៣រូបគឺទី១៖លោកគួច ខេវិន ,ទី២៖លោកអ្នកឧកញ៉ាម៉ៅ សំណាន និងទី៣៖លោកផាត់ តារារ័ត្ន ។ប៉ុន្ដែក្នុងចំណោមបេក្ខភាពខាងលើនេះគឺមានតែលោកគួច ខេវិន ម្នាក់ប៉ុណ្ណោះដែលធ្លាប់ដឹកនាំសិល្បៈរយៈពេលជាង២០ឆ្នាំមកហើយ ៕

RELATED ARTICLES