ភ្នំពេញ៖ស្រីស្រស់សឹម ស្រីនិច្ច ទើបតែបានប្រកាសកាលពីពេលថ្មីៗនេះថានាងបានចែកផ្លូវអតីតសង្សារជាអ្នកជំនួញម្នាក់ ដែលធ្វើឲ្យស្រីស្រស់នៅដើមឆ្នាំ២០២៤ បេះដូងនៅទំនេរស្អាត ។យ៉ាងណាដូចពាក្យគេថាស្រីស្អាតនៅទំនេមិនបានយូនោះគឺពិតជាមិនខុសមែន ព្រោះពេលនេះស្រីនិច្ច បានបង្ហាញភាពផ្អែមល្ហែមស្នេហ៍កាន់តែខ្លាំងជាមួយពិធីករនិងតារាសម្ដែងលោកសុខ សាន់នី ទាំងនៅក្នុងនិងក្រៅស្រុក ដែលសកម្មភាពនោះគឺជា”គូស្នេហ៍”។ចំណែកកាលពីថ្ងៃទី៣០ មេសា នោះដែរប្រុសរូបសង្ហារលោកសាន់នី ក៍បានបង្ហាញកាយវិការយកចិត្តទុកដាក់លើស្រីស្អាតតាមរយៈការទិញអាវឲ្យនាងជាកាដូទៀតផង ហើយស្រីនិច្ច យល់ថាកាដូនោះប្រៀបបានជាអាវក្រោះ ពាក់ទៅការពារបេះដូងកុំឲ្យឆ្វេចឆ្វាច។
យ៉ាងណាជុំវិញទំនាក់ទំនងរបស់សឹម ស្រីនិច្ច ជាមួយលោកសុខ សាន់នី នេះអ្នកយកព័តមានយើងធ្លាប់សួរនាងថាតើជាស្នេហា ឬជាមិត្តភក្ដិនោះស្រីនិច្ច បានឆ្លើយយ៉ាងខ្លីថាទោះជាពេលនេះនឹងទៅថ្ងៃមុខយ៉ាងណាក៍នាងមិនចាំបាច់ឆ្លើយសំណួរមួយនេះដែរ ។បញ្ហានេះគេអាចសន្និដ្ឋានបានថាស្រីនិច្ច មិនទាន់ច្បាស់លាស់១០០% ពីរឿងស៊ីជម្រៅជាមួយលោកសុខ សានី នោះទេ ពោលគឺអាចស្ថិតក្នុងតំណាក់កាលមើលចិត្តថ្លើមគ្នានៅឡើយ បើចិត្តគំនិតចុះសម្រុងគ្នានោះនឹងកាន់ដៃគ្នាទៅមុខដោយរលូន តែបើខ្វែងគំនិតគ្នានឹងមិនអាចបន្ដតំណើរជាមួយគ្នាបាននោះទេ ។យ៉ាងណាលោកសុខ សាន់នី គួរតែបានឃើញពីខ្លឹមសារសំខាន់ដែលស្រីនិច្ច បញ្ចេញពីបុរសក្នុងក្ដីស្រម៉ៃរបស់នាងនោះគឺចំណុចពិសេសបំផុតនាងចង់បានបុរសមានចិត្តស្មោះត្រង់ជាមួយនាងមិនផិតក្បត់ ហើយនាងគ្មានដាក់ល័ក្ខខណ្ឌធំដែលមនុស្សស្រីភាគច្រើនប្រាថ្នាចង់បានបំផុតនោះគឺចង់បានសង្សារជាប្រុសសម្បូរទ្រព្យ និងមានអំណាចទើបព្រមផ្ញើរខ្លួននោះឡើយ ។
សឹម ស្រីនិច្ច ជាតារាសម្ដែងភាពយន្ដនិងMV ដ៍លេចធ្លោម្នាក់នារយៈពេលចុងក្រោយនេះដែលនាងឆក់បានតំណែងតួឯករហូតដល់ទៅជាង៥០រឿងមកហើយក្នុងអាជីព ហើយការផ្អាកថតសម្ដែងរឿងពេញ១ឆ្នាំ២០២២ នោះនាងខាតអស់ដល់ទៅ៧រឿងឯណ្ណោះ ។តារាសម្ដែងរូបសម្រស់សោភា នេះនឹងអាចឡើងកូដថែមមួយក្រឺតទៀតនៅពេលដែលភាពយន្ដរឿង”អប្សរា មហាអង្គរ “ដែលដឹកនាំដោយលោកហ្វៃ សំអាង នោះដាក់បញ្ចាំងនាពេលខាងមុខនេះ ព្រោះរឿងនេះនាងសម្ដែងជាតួអង្គសំខាន់ម្នាក់ហើយក៍ជាលើកទី១ផងដែរ ដែលនាងលេងជាតួអង្គដល់ទៅ៣ផ្សេងគ្នាឯណ្ណោះក្នុងរឿងតែមួយ។យ៉ាងណាគេចាំមើលថាស្រីនិច្ច នឹងប្រាកដជាជ្រើសផ្លូវសាងស្នេហ៍”ជួញជិត ប្រសើរជាងជួញឆ្ងាយ “តាមរយៈការយកប្ដីមានអាជីពជាតារាដូចគ្នាដូចតារាមួយចំនួនដែរឬយ៉ាងណា?
ក្រៅពីសឹម ស្រីនិច្ច តារាសម្ដែងដែលលេចធ្លោនៅឆ្នាំ២០២៤ នេះមានដូចជាស៊ីន យូប៊ីន ,សិទ្ធី នីកា និងហ្វា ហ្វា ជាដើម ។អ្នកជំនាញសិល្បៈបានលើកឡើងថាស្រីនិច្ច អាចសម្ដែងបានល្អទាំងរឿងសម័យនិងបុរាណ ហេតុនេះហើយបានជាផលិតករតែងតែផ្ដល់តំណែងជាតួឯកដល់នាងជាបន្ដបន្ទាប់ ។ប៉ុន្ដែស្រីនិច្ច ថាភាពយន្ដដែលនាងបានលះបង់និងចំណាយពេលហ្វឹកហាត់ច្រើនបំផុតក្នុងអាជីពគឺមានតែរឿង”អប្សរា មហាអង្គរ “នេះឯង ព្រោះរឿងនេះគ្រាន់តែហ្វឹកហាត់រាំរបាំ នាងហាត់ដល់ទៅជាង១ឆ្នាំ ។គេចាំមើលថាតើតើទំនាក់ទំនងរវាងស្រីស្អាតស្រីនិច្ច នឹងអាចឈានទៅភ្ជាប់ពាក្យ ឬរៀបការជាមួយប្រុសសង្ហារសុខ សាន់នី ដែរឬអត់ ?