ទីផ្សារការងារ៖ ក្រុមប្រឹក្សារដ្ឋបានប្រកាសកាលពីដើមសប្តាហ៍នេះថាចិននឹងបង្កើតការងារថ្មីនៅតំបន់ទីក្រុងឲ្យបានជាង៥០លានមុខតំណែងដល់ប្រជាជននៅឆ្នាំ២០២០ខាងមុខ ។
យោងតាមផែនការសម្រួលការងារសម្រាប់រយៈពេលឆ្នាំ២០១៦-២០២០ដែលចេញផ្សាយដោយក្រុមប្រឹក្សារដ្ឋចិនបង្ហាញថា រដ្ឋាភិបាលនឹងធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធនិងគុណភាពការងារហើយថែមទាំងរក្សានូវអត្រាអ្នកអត់ការងារធ្វើតំបន់ទីក្រុងឲ្យស្ថិតក្រោម៥%នៅឆ្នាំ២០២០ ។
គម្រោងនេះបានគូសបញ្ជាក់ថាការងារគឺជាគន្លឹះដ៏សំខាន់មួយដែលប៉ះពាល់ដល់ស្តង់ដារជីវភាពរស់នៅរបស់ប្រជាជនហើយថែមទាំងជួយគាំទ្រដល់កំណើនសេដ្ឋកិច្ចទៀតផង ហើយចិននឹងបង្កើតនូវគោលនយោបាយការងារសកម្មត្រៀមជាមុន ។
ចិននឹងគាំទ្រវិស័យទាំងឡាយដែលបង្កើតការងារបានច្រើនហើយនិងផ្សព្វផ្សាយដល់បណ្តាសហគ្រិនដូចជាសហគ្រាសអាជីវកម្មនានាដែលពាក់ព័ន្ធនិងការចែករំលែកផ្នែកសេដ្ឋកិច្ច។
រដ្ឋាភិបាលនឹងជួយដល់អ្នកបញ្ចប់កម្រិសិក្សាថ្នាក់មហាវិទ្យាល័យ កសិករនិងកម្មករនិយោជិតដែលរងផលប៉ះពាល់ដោយការកាត់បន្ថយសមត្ថភាពហួសប្រមាណរបស់ចិនដើម្បីធានាបានការងារ។
គម្រោងនេះក៏សង្កត់ធ្ងន់អំពីសារសំខាន់នៃការធ្វើឲ្យប្រសើរឡើងនូវប្រសិទ្ធភាពផ្នែកទីផ្សារធនធានមនុស្សនិងការធ្វើឲ្យល្អជាងមុននៃជំនាញវិជ្ជាជីវៈនិងគុណវឌ្ឍរបស់កម្មករនិយោជិតទៀតផង ។
តាមតួលេខចុងក្រោយពីក្រសួងធនធានមនុស្សនិងសន្តិសុខសង្គមបង្ហាញថាប្រទេសចិនបានបង្កើតការងារសម្រាប់ប្រជាជនរស់នៅតាមទីក្រុងចំនួនជាង១៣លាននាក់ក្នុងឆ្នាំ២០១៦ ហើយអត្រាអត់ការងារធ្វើដែលបានចុះបញ្ជីក្នុងបណ្តាទីក្រុងរបស់ចិនស្ថិតក្នុងកម្រិត៤,០២%នៅដំណាច់ឆ្នាំ២០១៦ ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា