ភ្នំពេញ៖ឱក សុគន្ធកញ្ញា ដែលធ្លាប់លេចឭថានឹងចាកចេញពីតំណែងជាគណៈកម្មការ(Judge) ប្រលងចម្រៀងCambodian Idol រដូវកាលទី៥ ដើម្បីកុំមានការធុញទ្រាន់និងជៀសវាងគេថានាងកាន់សុទ្ធ តែកម្មវិធីធំៗ ព្រោះតែអន្ដរាគមន៍ពីស្វាមីនាងលោកអ៊ឹង សុខលី អគ្គនាយកទូរទស្សន៍ហង្សមាស និងអ្នកឧកញ៉ាអ៊ឹង ឆៃងួន អគ្គនាយកទូរទស្សន៍ហង្សមាសនោះពេលនេះតាមព័តមានថានាងបានប្ដូរចិត្តទៅហើយ ។ប្រភពបានឲ្យដឹងថាសុគន្ធកញ្ញា នឹងបន្ដបង្ហាញខ្លួនជាគណៈកម្មការដដែលក្នុងកម្មវិធីប្រលងចម្រៀងមួយនេះដែលនឹងមានការផ្សព្វផ្សាយនៅខែឧសភា ខណៈដែលកម្មវិធីតំណើរការនឹងចាប់ផ្ដើមនៅអំឡុងខែកក្កដា ឆ្នាំ២០២៤ ដ៍ឆាប់ៗនេះ ។ប៉ុន្ដែសម្រាប់គណៈកម្មការ៣រូបផ្សេងទៀតគឺមានលោកណុប បាយ៉ារិទ្ធ ,ឆន សុវណ្ណារាជ និងសុខ សីឡាលីន បើគ្មានការប្រែប្រួលទេគឺនឹងនៅតែចេញមុខដូចនៅរដូវកាលទី៤ដែរ ។
អ្នកដឹកនាំការប្រគុំតន្រ្ដីនៅហង្សមាសម្នាក់បាននិយាយតាមទូរស័ព្ទក្នុងល័ក្ខខណ្ឌមិនបញ្ចេញឈ្មោះប្រាប់អ្នកយកព័តមានយើងកាលពីរសៀលថ្ងៃទី៦ ខែឧសភា ថាមូលហេតុដែលឱក សុគន្ធកញ្ញា នៅតែអង្គុយកៅអីជាJudge កម្មវិធីCambodian Idol រដូវកាលទី៥នេះ គឺដោយសារតែអ្នកឧបត្ថម្ភកម្មវិធី(Sponsors)មិនឲ្យឈប់ ទើបនាងនៅតែបន្ដចេញមុខធម្មតាដែលនឹងមានការផ្សព្វផ្សាយនៅតែឧសភា នេះតែម្ដង ។ប៉ុន្ដែលោកថាសម្រាប់តំណែងគណៈកម្មការ៣រូបផ្សេងទៀតលោកមិនបានដឹងថារក្សារដដែល ឬមានការផ្លាស់ប្ដូរខ្លះនោះទេ ព្រោះថ្នាក់ដឹកនាំអាចនឹងសម្រេចមានការប្រែប្រួលចុងក្រោយក៍ថាបាន។
ឱក សុគន្ធកញ្ញា ទើបតែសម្រាលកូនបុ្រសទី២បានជាង២ខែប៉ុណ្ណោះ ហើយនាងមិនទាន់វិលរកឆាកតន្រ្ដីឡើយ តែបានលេចមុខធ្វើជាBA ឲ្យផលិតផលមួយចំនួន។ប្រភពបានឲ្យដឹងថាសុគន្ធកញ្ញា ពិតជាមិនចង់បន្ដកៅអីជាJudge រដូវកាលទី៥ Cambodian Idol នេះមែន ព្រោះតែនាងចេញមុខច្រើនកម្មវិធីពេកខ្លាចគេសាំ នឹងចង់បន្សាបគេថានាងបានកាន់តំណែងធំៗនោះដោយសារតែនាងមានខ្សែ។ប៉ុន្ដែនាងមិនអាចប្រឆាំងល័ក្ខខណ្ឌរបស់ម្ចាស់Sponsors ដែលឧបត្ថម្ភឲ្យតំណើរការកម្មវិធីទាំងមូលបានឡើយ ហេតុនេះការប្រកាសរបស់នាងនៅរដូវកាលទី៤ ថានាងនឹងមិនបាត់មុខជាគណៈកម្មការពីការប្រលងចម្រៀងមួយនេះត្រូវបានលុបចោលទៅវិញ។
គួរបញ្ជាក់ថាឱក សុគន្ធកញ្ញា ជាតារាស្រីលំដាប់កំពូលម្នាក់របស់ហង្សមាសដែលនាំមុខគេជាង១០ឆ្នាំមកហើយ ប៉ុន្ដែក្រោយនាងរៀបការប្ដីឆ្នាំ២០១៩ និងបច្ចុប្បន្នមានកូនប្រុស២នាក់នោះទីផ្សារចម្រៀងរបសនាងមានការប្រែប្រួលពោលគឺមិនទាន់មានបទចម្រៀង១បទណាផ្ទុះខ្លាំងដូចមុនទេក្នុងរយៈពេលជាង៤ឆ្នាំមកនេះ។តែយ៉ាងណាការលេចមុខជាគណៈកម្មការ(Judge) និងគ្រូបង្វឹគ(Coach) ធ្វើឲ្យកញ្ញា អាចទប់លំនឹងបានខ្លះពីការធ្លាក់ចុះ ព្រោះនៅហង្សមាសតារាស្រីដែលក្ដាប់ឱកាសធ្វើជាគណៈកម្មការ និងគ្រូបង្វឹគបានច្រើនជាងគេគឺរូបនាងក្នុងនោះមានដូចជាធ្វើជាគ្រូបង្វឹគកម្មវិធីThe Voice Cambodia ,The Voice Kids Cambodia ,ជាគណៈកម្មការCambodian Idol និងCambodian Idol Junior តែក្រោយមកនាងបានដកខ្លួនចេញពីធ្វើជាJudge កម្មវិធីCambodian Idol Junior វិញ នឹងចង់ចាកចេញពីCambodian Idol រដូវកាលទី៥ នេះតែបរាជ័យព្រោះ ព្រោះតែម្ចាស់ឧបត្ថម្ភកម្មវិធីអត់យល់ព្រម។សម្រាប់ការបំពេញតួនាទីជាគណៈកម្មការ និងគ្រូបង្វឹគ រយៈពេល១០ឆ្នាំមកនេះសុគន្ធកញ្ញា ធ្លាប់នាំកូនក្រុមលោកថែល ថៃ លើក ពានThe Voice Cambodia រដូវកាលទី២ និងទេព ពិសិដ្ឋ លើកពានThe Voice Kids Cambodia រដូវកាលទី២ ។
មហាជនរងចាំមើលថាការដែលឱក សុគន្ធកញ្ញា វិលមកកាន់តំណែងធំវិញជាJudge កម្មវិធីCambodian Idol រដូវកាលទី៥ នេះនាងនៅតែទទួលបានការគាំទ្រដូចមុនឬយ៉ាងណា?ការលើកឡើងបែបនេះដោយសារតែគេឃើញសុគន្ធកញ្ញា ក្រោយសម្រាលកូនរួចជាង២ខែនេះនាងនៅតែមានព្រលឹងពោលគឺមិនទាន់សម្រកទម្ងន់បានសម្រេចទេ ហើយបើមិនប្រញ៉ាប់បញ្ចុះទម្ងន់ជាបន្ទាន់ទេ នោះច្បាស់ជាប្រឈមពិបាកប្រជែងទីផ្សារចម្រៀងកាន់តែខ្លាំងជាមិនខាន បើទោះជានាងបានតំណែងធំៗច្រើនយ៉ាងណាក្ដី ៕