Monday, May 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្តឹបចោរលួចលុយ១កេសដែក ប៉ូលិសវ៉ៃខ្នោះ២ ដោះលែង២

ក្តឹបចោរលួចលុយ១កេសដែក ប៉ូលិសវ៉ៃខ្នោះ២ ដោះលែង២

ខេត្តរតនគិរី ៖ ជនសង្ស័យ ចំនួន៤នាក់ បានរួមគំនិតគ្នាលួចកេសដែកដាក់លុយ និងគ្រឿងអលង្ការរបស់អ្នកភូមិម្នាក់  បានសម្រេច លុះក្រោយមកត្រូវសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ សរុប៤នាក់ តែក្នុងនោះ ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនបន្ត រីឯ២នាក់ទៀត ស្ថិតក្នុងវ័យអនីតិជន (មិន ទាន់គ្រប់អាយុ) ទើបសមត្ថកិច្ចគ្រាន់តែធ្វើការអប់រំណែនាំ រួចឱ្យត្រឡប់ទៅផ្ទះវិញ។

ការឃាត់ក្រុមជនសង្ស័យនេះ ធ្វើឡើងកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ នៅក្នុងភូមិសា ស្ត្រស្រុកលំផាត់ ដោយមានការសម្របសម្រួលនីតិវិធីពីលោកមុត សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី។

ជនសង្ស័យទាំង៤នាក់ រួមមាន ទី១-ឈ្មោះឈាង កញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ (ឃាត់ខ្លួនពីបទ ទទួលផលចោរកម្ម)។ ទី២-ឈ្មោះឈាង វិឡា ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស មានលំនៅ ភូមិលំផាត់ ឃុំជ័យឧត្តម ស្រុកលំផាត់ (ឃាត់ខ្លួនពីបទ ទទួលផលចោរកម្ម)។ ទី៣-ឈ្មោះ ញ.ឆ.ន ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិទំពួន មានលំនៅ ភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ (ជាអ្នកលួច ត្រូវបានដោះលែងវិញ) និងទី៤-ឈ្មោះ ញ.ប.ញ ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិទំពួន មានលំនៅ ភូមិព្រួក ឃុំបាតាង ស្រុកលំផាត់ (ជាអ្នកមើលផ្លូវ ត្រូវបានដោះលែងវិញ)។ ចំណែកជនរងគ្រោះ មានឈ្មោះអ៊ិត ចាន់ណា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរលក់ចាប់ហួយ មានលំនៅ ភូមិព្រួក ឃុំបាតាង ស្រុកលំផាត់។

តាមសម្តីជនរងគ្រោះ បានឱ្យដឹងថា ក្នុងកេសដែកដែលជនសង្ស័យលួចយកទៅនោះ មាន លុយចំនួន ៧០ លានរៀល។ ខ្សែកមាស ទម្ងន់៣ជីកន្លះ ចំនួន១ខ្សែ។ ខ្សែដៃប្លាទីន (ប្រុស) ១តម្លឹង ចំនួន១ខ្សែ។  ខ្សែជើងប្លាទីន (ស្រី) ១តម្លឹង ចំនួន២ខ្សែ។  ខ្សែដៃប្លាទីន (ស្រី) ១តម្លឹង ចំនួន២ខ្សែ និងចិញ្ចៀន ១វង់។

តាមប្រភពសមត្ថកិច្ចជំនាញ បានឱ្យដឹងថា នៅវេលាម៉ោង ៦ព្រលប់ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ ឈ្មោះ ញ.ឆ.ន និងប្អូនប្រុសឈ្មោះ ញ.ប.ញ បានលបចូលលួចធុងដាក់លុយ នៅក្នុងតូបលក់អីវ៉ាន់របស់ជនរងគ្រោះ។  នៅពេលលួចបានហើយ ក៏រត់តាមផ្លូវក្រោយផ្ទះរបស់ជនរង គ្រោះ ដល់ចំណុចស្រះទឹក ក៏បាននាំគ្នាហែកកេសដែក ដាក់លុយនោះ យកបានកាបូបលុយ ហើយបានបោះកេសដែកដាក់លុយ និងឯកសារមួយចំនួន ចូលទៅក្នុងស្រះទឹក រួចលោតផ្លោះរបងចេញតាមខាងក្រោយផ្ទះ បន្ទាប់មកក៏បានយកកាបូបលុយនោះ ទៅលាក់ទុកក្នុងស្មៅ នៅក្បែរផ្ទះរបស់ខ្លួន។

ក្រោយមកទៀត ជនសង្ស័យទាំង២នាក់បងប្អូន បានដើរត្រឡប់មកផ្ទះរបស់ខ្លួនវិញ ពេលមកដល់ផ្ទះ ពួកគេទាំង២នាក់ បានយកម៉ូតូរបស់ម្តាយ ដឹកគ្នាទៅយកកាបូបលុយដែលលាក់ទុកខាងលិចផ្សារលំផាត់ថ្មីនោះ និងបានដកលុយមួយចំនួន យកទៅទិញទូរស័ព្ទ ១គ្រឿង និង Power Bank ចំនួន១ផងដែរ។  ប៉ុន្តែក្រោយទិញទូរស័ព្ទរួច ក៏ត្រឡប់មកយកកាបូបលុយដែលលាក់ទុកក្នុងស្មៅ រួចជិះម៉ូតូមកផ្ទះរបស់ឈ្មោះកញ្ញា និងឈ្មោះវិឡា រួចក៏ដកលុយឱ្យឈ្មោះវិឡា ចំនួន៥៥ម៉ឺនរៀល និងបានពិភាក្សាគ្នា ដើម្បីរត់គេចទៅខេត្តក្រចេះ (ទៅផ្ទះឪពុករបស់ឈ្មោះកញ្ញា)។

 ក្រោយរៀបចំផែនការរួច ជនសង្ស័យទាំង២នាក់បងប្អូន បានជិះម៉ូតូមកផ្ទះវិញ ដោយទុកកាបូបលុយនៅជាមួយឈ្មោះកញ្ញា រួចជិះម៉ូតូមកតាមក្រោយ ដល់ផ្ទះ ក៏យកម៉ូតូទុកឱ្យម្តាយវិញ ហើយក៏បាននាំគ្នាឡើងជិះម៉ូតូឈ្មោះកញ្ញា ដើម្បីទៅខេត្តក្រចេះ រត់គេចខ្លួន។ ពេលកំពុងជិះម៉ូតូតាមផ្លូវ ក៏បានប្រមូលលុយចេញពីកាបូបរបស់ជនរងគ្រោះ ដាក់ក្នុងកាតាបរបស់ខ្លួន រួចបោះកាបូបជនរងគ្រោះចោល។ ពេលជិះម៉ូតូដល់ចំណុចចម្ការល្ហុងមួយកន្លែង ស្ថិតក្នុងឃុំតាអង ស្រុកកូនមុំ ដោយនឹកឃើញខ្លាចគេសង្ស័យ ក៏បបួលគ្នាត្រឡប់មកផ្ទះវិញ។ ពេលមកវិញដល់ស្ពានអូកាន បានឈប់ចុះ រួចដកយកលុយចំនួន៣ដុំ ហើយដើរចូលទៅផ្ទះ និងយកលុយ ២ដុំ រុំក្នុងអាវ ទៅលាក់ទុកនៅគល់ឈើមុខផ្ទះ និង ១ដុំទៀត ដាក់ក្នុងហោប៉ៅខោ រួចដើរចូលទៅដេកតែម្តង។

ដោយឡែក ឈ្មោះកញ្ញា ក្រោយពេលដាក់ទម្លាក់ជនសង្ស័យទាំង២នាក់បងប្អូនចុះហើយ ក៏បានជិះម៉ូតូទៅផ្ទះ ដោយយកលុយមួយចំនួនធំ និងគ្រឿងអលង្ការមួយចំនួន ទៅជាមួយផង។

ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមាន ១-លុយ ចំនួន ៣៨លាន ៨០ម៉ឺនរៀល។ ២-ខ្សែដៃលោហធាតុពណ៌ទង់ដែង ចំនួន០១ខ្សែ។ ៣-ខ្សែកលោហធាតុពណ៌ទង់ដែង ចំនួន១ខ្សែ។ ៤-ចិញ្ចៀនលោហធាតុពណ៌ទង់ដែង ចំនួន១វង់ ដាំត្បូង។ ៥-ទូរស័ព្ទចំនួន ១គ្រឿង។ ៦-Power Bank ចំនួន០១។បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៤នាក់រួមក សមត្ថកិច្ចបានពិនិត្យឃើញថា ជនសង្ស័យ២នាក់ ដែលត្រូវជាបងប្អូន ស្ថិតក្នុងវ័យជាអនីតិជន ទើបសម្រេចធ្វើការអប់រំ រួចដោះលែងឱ្យមានសេរីភាពវិញ។ ចំណែកបក្ខពួក ២នាក់ទៀត ត្រូវសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES