Monday, May 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ចាប់សាច់បង្កកខូចគុណភាព ជាង១តោន ដុតចោល

 ចាប់សាច់បង្កកខូចគុណភាព ជាង១តោន ដុតចោល

ភ្នំពេញ ៖ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប” កាលពីព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ បាននាំយកផលិតផល សាច់បង្កកហួសកាលបរិច្ឆេទប្រើ ប្រាស់ ខូចគុណភាព មានបរិមាណជាង ១តោន ដែលបានចុះត្រួតពិនិត្យ និងបង្ក្រាបបានកាលពីពេលថ្មីៗកន្លងទៅ ដុតបំផ្លាញចោល។

ការបំផ្លាញចោលនេះ ត្រូវបានរៀបចំឡើងនៅទីលានចាក់សំរាម ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម  និងមានការចូលរួមពីមន្ត្រីនៃមន្ទីរពាណិជ្ជកម្ម និងអជ្ញាធរខណ្ឌសែនសុខ។

លោកញែម សុភាន់ អនុប្រធាន សាខា ក.ប.ប រាជធានីភ្នំពេញ បានឱ្យដឹងថា អនុវត្តតាមអនុសាសន៍ណែនាំរបស់លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងដោយមានការបញ្ជាផ្ទាល់ពីលោក ផាន អូន ប្រតិ ភូរាជរដ្ឋាភិបាលកម្ពជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម ដោយមានកិច្ចសហការចូលរួមពីអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខ និងមន្ត្រីនៃមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ បានចុះបង្ក្រាបនិងដកហូតសាច់បង្កកទាំងនោះ កាលពីនៅដើមខែឧសភា ឆ្នាំ២០២៤។

លោកបានបន្តថា គោលបំណងនៃការចុះត្រួតពិនិត្យ ត្រូវបានផ្តោតសំខាន់ទៅលើការស្វែងរកនូវវត្តមានសារ ធាតុគីមីហាមឃាត់ កង្វះអនាម័យ ដែលនាំដល់ការចម្លងចូលនូវបាក់តេរី និងមេរោគផ្សេងៗទៅលើផលិតផលសាច់ ផលិតផលហួសកាលបរិច្ឆេទ ខូចគុណភាព គ្មានសុវត្ថិភាព និងភាពអនុលោមទៅនឹងបទប្បញ្ញត្តិបច្ចេក ទេសជាធរមាន ពាក់ព័ន្ធនឹងលក្ខខណ្ឌតម្រូវនៃការវេចខ្ចប់ ដឹកជញ្ជូន និងស្តុកទុកជាដើម។

លោកអនុប្រធានសាខា ក.ប.ប បានបញ្ជាក់ថា សាច់បង្កកខូចគុណភាព ដែលនាំយកមកបំផ្លាញចោលនាពេលនេះ ត្រូវបានមន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម បង្ក្រាបបាននៅក្នុងភូមិសាស្ត្រខណ្ឌសែនសុខ រាជធានីភ្នំពេញ នាដើមខែឧសភា កន្លងមកនេះ រួមមាន សាច់ពពែ ស្បែកក្បាលជ្រូក សាច់គោ ទាមូល សាច់មាន់ ភ្លៅមាន់ អណ្តាតជ្រូក និងពោះគោ៕

RELATED ARTICLES