Monday, May 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទុស្សេខ្សែភ្លើង ឆេះស្ថានីយប្រេងហ្មត់

ទុស្សេខ្សែភ្លើង ឆេះស្ថានីយប្រេងហ្មត់

ខេត្តព្រះវិហារ ៖ ស្ថានីយលក់ប្រេងសាំង និងហ្គាស់ ព្រមទាំងម៉ាតលក់ដូរ ១កន្លែង ត្រូវបានអគ្គិភ័យលេបត្របាក់ស្ទើរទាំងស្រុង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច ចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់ អស់ទឹកជាច្រើនរថយន្ត ទើបអាចគ្រប់គ្រងស្ថាន ការណ៍បាន។

ហេតុការណ៍គ្រោះអគ្គិភ័យឆេះស្ថានីយប្រេងនិងហ្គាស់នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចបេងដូប ស្ថិតក្នុងភូមិបេងដូប ឃុំស្រយ៉ង់ ស្រុកគូលែន។

លោកវរសេនីយ៍ឯក ហោ សេង អធិការនគរបាលស្រុកគូលែន បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តព្រះវិហារ លោកបានចុះប្រតិបត្តិការដោយផ្ទាល់ ហើយហេតុការណ៍នេះ កើតឡើងដោយសារតែឆ្លងចរន្តអគ្គិសនី បណ្តាលឱ្យឆេះស្ថានីយប្រេងនិងម៉ាត យីហោឡុង ស៊ីម បណ្តាលឱ្យឆាបឆេះទ្រព្យសម្បត្តិស្ទើរទាំងស្រុង តែសំណាងល្អមិនឆេះស៊ីទែនហ្គាស់នោះទេ។

បន្ទាប់ពីកើតមានហេតុការណ៍អគ្គិភ័យខាងលើ ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចស្រុកគូលែន ដោយមានការចូលរួមអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកគូលែន រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកស្វាយលើ រថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកត្បែង រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាន នគរបាលខេត្ត និងរថយន្តពន្លត់អគ្គិភ័យរបស់អាជ្ញាធរប្រាសាទកោះកេរ បានចុះជួយអន្តរាគមន៍បាញ់ទឹកពន្លត់យ៉ាងសស្រាក់សស្រាំ រហូតដល់អាចគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នៅវេលាម៉ោង ៥និង៣០នាទីល្ងាច ថ្ងៃដដែល៕

RELATED ARTICLES