Monday, May 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម បូមស្រះចាប់ត្រីលក់ ក្ររីងពេកចុះឆ...ក់ ស្លា...ប់...ចោលប្រពន្ធពោះធំ

 បូមស្រះចាប់ត្រីលក់ ក្ររីងពេកចុះឆ…ក់ ស្លា…ប់…ចោលប្រពន្ធពោះធំ

ភ្នំពេញ ៖ បុរសម្នាក់ ឃើញប្រពន្ធពោះធំ ៨ខែ ជិតដល់ថ្ងៃសម្រាលកូនទៅហើយ មិនមានប្រាក់គ្រប់គ្រាន់ បានទៅទិញត្រីនៅក្នុងស្រះ ១កន្លែង ដើម្បីបូម និងឆក់ត្រី យកមកលក់ គ្រាន់បានប្រាក់ចំណេញខ្លះទុកឱ្យប្រពន្ធសម្រាលកូន លុះបូមទឹកក្ររីងពេក ក៏ដើរឆក់ត្រី ដោយប្រើ ឧបករណ៍ឆក់ត្រី ស្រាប់តែជាឆក់ខ្លួនឯង បណ្តាលឱ្យស្លាប់ចោលប្រពន្ធកូន។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចស្រះទឹកមួយន្លែង ស្ថិតក្នុងបរិវេណអតីតទីលានប្រណាំងរថយន្ត ភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល។

បុរសរងគ្រោះ មានឈ្មោះប៊ូ ម៉ាណា អាយុ២៤ឆ្នាំ មានប្រពន្ធឈ្មោះឌឿន អែម អាយុ២៣ឆ្នាំ មានផ្ទៃពោះ៨ខែ។ ប្តីប្រពន្ធទាំង២ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល និងមានស្រុកកំណើតនៅភូមិប្របបឹង ឃុំស្តើងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះ ដែលកំពុងមានផ្ទៃពពោះ៨ខែ បានរៀបរាប់ប្រាប់ថា ដោយសារតែគ្មានប្រាក់សម្រាប់ទុកឱ្យនាងសម្រាលកូន នាពេលខាងមុខ ទើបប្តីនាងបានទៅទិញត្រី នៅក្នុងស្រះទឹកខាងលើ ពីម្ចាស់ស្រះ ដើម្បីបូមទឹកចាប់ត្រីលក់ គ្រាន់បានប្រាក់ ចំណេញខ្លះទុកសម្រាប់ឱ្យនាងសម្រាលកូន ដោយម្ចាស់ស្រះបានលក់ត្រីទាំងអស់នៅក្នុងស្រះនោះ ក្នុងតម្លៃ ៨ម៉ឺនរៀល ប៉ុន្តែប្តីនាងអត់ទាន់មានលុយឱ្យម្ចាស់ស្រះនៅឡើយទេ ដោយរង់ចាំចាប់ត្រីលក់បានលុយសិន។

ប្រពន្ធជនរងគ្រោះ បន្តថា បន្ទាប់ពីចរចាថ្លៃត្រូវគ្នាហើយ នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ប្តីនាងបានចាប់ផ្តើមបូមទឹកបណ្តើរនិងឆក់ត្រីបណ្តើរ ហើយបានត្រី ជារៀងរាល់ថ្ងៃផងដែរ រហូតដល់វេលាម៉ោងប្រមាណ ៨យប់ ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៤ ខណៈបូមទឹកជិតរីងទៅហើយ ប្តីនាងបានចុះទៅឆក់ត្រីក្នុងនៅក្នុងស្រះនោះ និងបានប្រើភ្លើងពិលពាក់លើក្បាល លុះមួយសន្ទុះក្រោយមក ស្រាប់បាត់មិនឃើញពន្លឺភ្លើងពិល ដែលប្តីនាងពាក់ ក្បាល។ ភ្លាមនោះនាងបានបញ្ចាំងពិលមើលពីលើមាត់ស្រះទៅ ស្រាប់តែឃើញប្តីនាងដួលផ្កាប់មុខនៅក្នុងទឹក ហើយនាងសង្ស័យថាប្តីត្រូវឧបករណ៍ឆក់ត្រីឆក់ ទើបរត់ទៅស្រែកហៅឱ្យអ្នកភូមិឱ្យជួយ។ ភ្លាមៗនោះ មានអ្នកភូមិ ៣ទៅ៤នាក់ រត់មកជួយទាញលើកប្តីនាងឡើងគោក ជួយធ្វើចលនាសង្គ្រោះបឋម រួចដឹកទៅកាន់មន្ទី រពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ដែរ ប៉ុន្តែជាអកុសល ពេលដឹកទៅដល់ គ្រូពេទ្យពិនិត្យរួច ប្រាប់ថា ប្តីនាងស្លាប់បាត់ទៅហើយ។

ក្រោយពេលកើតហេតុ លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យអមសាលាដំបូងរាជធានីភ្នំពេញ រួមជាមួយកម្លាំងនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យសពនិងកន្លែងកើតហេតុ ទាំងយប់ ហើយសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារចរន្តអគ្គិសនីឧបករណ៍ឆក់ត្រីឆក់ប្រាកដមែន រួចបានប្រគល់សពឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើ បុណ្យតាមប្រពៃណី៕

RELATED ARTICLES