អាហ្វហ្គានីស្ថាន៖ ប៉ូលិសនិងប្រភពផ្លូវការមួយចំនួនទៀតបានថ្លែងប្រាប់ CNN ថាយ៉ាងហោចណាស់មានមនុស្ស២០នាក់ត្រូវបានសម្លាប់បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកអត្តឃាតមួយកាលពីថ្ងៃអង្គារនៅខាងក្រៅតុលាការកំពូលក្នុងកាប៊ុលរបស់ប្រទេសអាហ្វហ្គានីស្ថាន ។
អ្នកនាំពាក្យមេប៉ូលិសក្រុងកាប៊ុលលោក Basir Mojahid បានថ្លែងថាជនអត្តឃាតម្នាក់បានធ្វើឲ្យផ្ទុះគ្រឿងផ្ទុះដែលជាប់នឹងខ្លួននៅក្នុងចំណតរថយន្តមួយកន្លែងក្បែរតុលាការក្នុងរដ្ឋធានីរបស់អាហ្វហ្គានីស្ថាន ។
មន្ត្រីដដែលនោះបានថ្លែងថាការវាយប្រហារនេះបានកើតឡើងនៅរង្វង់ម៉ោង៣និង៤៥នាទីរសៀលក្នុងស្រុក ដែលមានទិសដៅលើនិយោជិតរបស់តុលាការកំពូលស្របពេលដែលពួកគេបាននិងកំពុងចាកចេញនៅថ្ងៃនោះ ។
យោងតាមលោក Saleem Rasoonli ប្រធានមន្ទីរពេទ្យក្រុងកាប៊ុលបានថ្លែងថាយ៉ាងហោចណាស់មានមនុស្ស៣៥នាក់រងរបួសក្នុងហេតុការបំផ្ទុះគ្រឿងផ្ទុះនេះ។ នៅគ្រានោះដែរគេសង្កេតឃើញថាពុំមានការអះអាងទទួលខុសត្រូវអ្វីឡើយចំពោះឧប្បត្តិហេតុនេះ ។
ទោះជាយ៉ាងណាសាក្សីឃើញផ្ទាល់ភ្នែកបានថ្លែងប្រាប់ CNN ថាគាត់មានអារម្មណ៍ថាមានការផ្ទុះមួយដែលញ័ររញ្ជួយកក្រើកផែនដីស្របពេលដែលលោកបាននិងកំពុងចាកចេញពីការិយាល័យរបស់លោក ដែលស្ថិតនៅទល់មុខតុលាការកំពូល។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា