ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពគាស់ទូអេធីអឹម បានសម្រេច លួចយកប្រាក់ ជាង១ម៉ឺនដុល្លារ និង ជាង២០លានរៀល ទីបំផុតត្រូវបាននគរបាលខេត្តកណ្តាល សហការជាមួយស្រុកអង្គស្នួល និងនគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ឃាត់ខ្លួនបាន កាលពីវេលាម៉ោង ២និង០៥នាទីរសៀល ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ ក្នុងរាជធានីភ្នំពេញ។

ករណីគាស់ទូ ATM លួចលុយនេះ បានកើតឡើងចំនួន២ទីតាំង ដោយករណីទី១-កើតឡើង កាលពីវេលាម៉ោង ៣និង១២នាទី ទៀបភ្លឺ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅចំណុចមុខធនាគារប្រៃសណីយ៍កម្ពុជា ក.អ ស្ថិតក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អម្ពិល ស្រុកអង្គស្នួល និងករណីទី២-កើតឡើង កាលពីវេលាម៉ោង ៣និង៥០នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅចំណុចមុខធនាគារប្រៃសណីយ៍កម្ពុជា ក.អ ភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល។

តាមប្រភពមន្ត្រីនគរបាលខេត្តកណ្តាល បានឱ្យដឹងថា ករណីទី១- ជនរងគ្រោះឈ្មោះហេង ឆវ័ន្ត ភេទប្រុស អាយុ៣៤ឆ្នាំ ជាបុគ្គលិកធនាគារ រស់នៅភូមិបុរីកម្មករ សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។ ចំណែកករណីទី២ ជនរងគ្រោះមិនដាក់ពាក្យបណ្តឹងទេ។ ដោយឡែក ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះអត់តូន នីកូឡូវ (ANTON NIKOLOV) ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិប៊ុលហ្គារី ស្នាក់នៅខុនដូអ័រគីដេ ជាន់ទី១៨ បន្ទប់លេខ៣១ ភូមិខុនដូអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សម្ភារបាត់បង់ ករណីទី១- ប្រាក់ដុល្លារ ចំនួន១២០០០ដុល្លារ និងប្រាក់ខ្មែរ ចំនួន២៧លានរៀល។ សម្ភារបាត់បង់ ករណីទី២ (គ្មាន)។ ដោយឡែកវត្ថុតាងចាប់យក រួមមាន ក្រដាសប្រាក់១០០ដុល្លារក្លែងក្លាយ (លុយសែន) ចំនួន១១សន្លឹក។ ស្កុតសម្រាប់បិទភ្នែកកាមេរ៉ាសុវត្ថិភាព ចំនួន២។ លិខិតឆ្លងដែន១។ កាបូបស្ពាយម៉ាក LV ពណ៌ប្រផេះចំនួន១។ ស៊ីមស្មាត ចំនួន២។ ទូរស័ព្ទដៃ ចំនួន៣គ្រឿង។ Laptop ម៉ាក Acer ពណ៌ទឹកប្រាក់ ចំនួន១គ្រឿង និងសម្ភារមួយចំនួនទៀត។
ប្រភពដដែល បន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ៥និង១៥នាទីល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ជនរងគ្រោះ រួមទាំងបុគ្គលិកធ្វើការជាមួយគ្នា ដល់ម៉ោងសម្រាកពីការងារ ក៏ចេញដំណើរទៅផ្ទះរៀងៗខ្លួន។ លុះដល់ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨និង០៥នាទីព្រឹក ជនរងគ្រោះបានមកដល់កន្លែងធ្វើការ ហើ យចូលទៅស្កេនមេដៃក្នុងធនាគារ រួចដើរចេញមកក្រៅ ពេលនោះក៏បានជួបតៃកុងឡាន ប្រចាំធនាគារ ហើយបានប្រាប់ទៅជនរងគ្រោះថា ទូ ATM របស់ធនាគារយើងមានស្នាមគាស់។ ភ្លាមនោះ ជនរងគ្រោះ បានដើរទៅមើល ក៏ឃើញមានស្នាមគាស់បែកបាក់១ផ្នែកខាងលើ ហើយក៏នាំគ្នាឆែកមើលកាមេរ៉ាសុវត្ថិភាព ក្នុងអំឡុងវេលាម៉ោងកើតហេតុខាងលើ ឃើញជនសង្ស័យម្នាក់ មិនស្គាល់អត្តសញ្ញាណ បានដើរមកពីទិសខាងកើត សំដៅចូលទៅក្នុងទូ ATM ហើយធ្វើសកម្មភាព យកស្កុតបិទលើភ្នែកកាមេរ៉ាសុវត្ថិភាព ហើយបានគាស់ទូ ATM បណ្តាលឱ្យបែកបាក់ផ្នែកខាងលើ ហើយក៏បានបកស្កុតនោះវិញ រួចជនសង្ស័យ បានដើរចេញសំដៅទៅទិសខាងលិចបាត់ទៅ។

ក្រោយមក ជនរងគ្រោះបានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ដំណាក់អម្ពិល ក្រោយពីទទួលបានព័ត៌មានពីជនរងគ្រោះរួចហើយ កម្លាំងផ្នែកជំនាញស្រុក សហការជាមួយប៉ុស្តិ៍ បានចុះទៅដល់ចំណុចកើតហេតុ ទទួលពាក្យបណ្តឹង និងបន្តស្រាវជ្រាវតាមរកមុខសញ្ញា តាមនីតិវិធីជំនាញ។
ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកណ្តាល និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល និងលោកព្រះរាជអាជ្ញា នៃអយ្យការអមសា លាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ២និង០៥នាទីរសៀល ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កម្លាំងផ្នែកជំនាញស្រុកអង្គស្នួល បានសហ ការជាមួយកម្លាំងនគរបាលអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងប៉ុស្តិ៍នគរបាលអូរបែកក្អម រាជធានីភ្នំពេញ បានស៊ើបអង្កេតស្រាវជ្រាវ បានចូលឆែកឆេរក្នុងខុនដូ ស្ថិតនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បន្ទប់លេខ១៨ បានឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតយកសម្ភារមួយចំនួនដូចខាងលើ យកមកចាត់ការតាមនីតិវិធី៕
