Monday, May 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទុស្សេខ្សែភ្លើង ឆេះផ្ទះ៤ខ្នង

ទុស្សេខ្សែភ្លើង ឆេះផ្ទះ៤ខ្នង

ខេត្តត្បូងឃ្មុំ ៖ ផ្ទះប្រជាពលរដ្ឋ ចំនួន៤ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ បំផ្លាញអស់ទាំងស្រុង ត្រឹមតែមួយប៉ប្រិចភ្នែក ដោយមូលហេតុផ្តើមចេញពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) និងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ បញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចំនួន៦គ្រឿង ចុះជួយ អន្តរាគមន៍បាញ់ទឹកពន្លត់។

ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង ១០និង៤៥នាទីព្រឹក ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិល្អក់ ឃុំក្រែក ស្រុកពញាក្រែក។

ផ្ទះរបស់ប្រជាពលរដ្ឋទាំង ៤ខ្នង ដែលរងការឆាបឆេះ រួមមាន ទី១-ផ្ទះរបស់ឈ្មោះខ្លេង ម៉ៅ ភេទប្រុស អាយុ៦៨ឆ្នាំ ជាប្រភេទផ្ទះឈើប្រក់ក្បឿង ទំហំ ៧ម៉ែត្រ គុណនឹង ៨ម៉ែត្រ។ ទី២-ផ្ទះរបស់ឈ្មោះម៉ៅ ចាន់ថេន ភេទប្រុស អាយុ៤២ឆ្នាំ ជាប្រភេទផ្ទះឈើប្រក់ស័ង្កសី ទំហំ ៦ម៉ែត្រ គុណនឹង ៨ម៉ែត្រ។ ទី៣-ផ្ទះរបស់ឈ្មោះម៉ៅ មឿន ភេទប្រុស អាយុ៤៦ឆ្នាំ ជាប្រភេទផ្ទះឈើប្រក់ក្បឿង ទំហំ ៧ម៉ែត្រ គុណនឹង ៩ម៉ែត្រ និងទី៤-ផ្ទះរបស់ឈ្មោះនៅ សាំង ភេទប្រុស អាយុ៤៧ឆ្នាំ ជាប្រភេទផ្ទះឈើប្រក់ក្បឿង ទំហំ ៦ម៉ែត្រ គុណនឹង ៧ម៉ែត្រ។

តាមប្រភពប្រជាពលរដ្ឋ បានឱ្យដឹងថា មុនពេលកើតហេតុ ភ្លើងបានឆាបឆេះចេញពីខាងលើផ្ទះប្រជាពលរដ្ឋ ១ខ្នង ដោយសារឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង) បង្កជាការឆាបឆេះកាន់តែខ្លាំងឡើងសន្ធោសន្ធៅ រាលដាលទៅដល់ផ្ទះប្រជាពលរដ្ឋជាប់ៗគ្នា ចំនួន៤ខ្នងតែម្តង។

បន្ទាប់ពីកើតមានហេតុការណ៍អគ្គិភ័យខាងលើ ប្រជាពលរដ្ឋនិងកម្លាំងសមត្ថកិច្ច បានចុះមកជួយអន្តរាគមន៍ភ្លាមៗ ដោយក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យ ចំនួន៦គ្រឿង បានចុះមកជួយបាញ់ទឹកពន្លត់ ដោយប្រើប្រាស់ទឹកអស់សរុបចំនួន ៦ឡាន ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកពញាក្រែក ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់១ឡាន រថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន។ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកមេមត់ ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន។ រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងសួង ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន និងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកតំបែរ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន។ ជាមួយនេះ ក៏មានការចូលរួមអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនចម្ការកៅស៊ូក្រែក ចំនួន៤គ្រឿងផងដែរ៕

RELATED ARTICLES