សមុទ្រចិនខាងត្បូង៖ ប្រមុខការទូតចិនលោកវ៉ាង យី បានថ្លែងនៅក្នុងប្រទេសអូស្ត្រាលីថាសហរដ្ឋអាមេរិកចាំបាច់ត្រូវតែរៀនសូត្រឡើងវិញអំពីប្រវត្តិសាស្ត្ររបស់ចិនលើសមុទ្រចិនខាងត្បូង ស្របពេលដែលកិច្ចព្រមព្រៀងទាំងឡាយដែលមានពាក់ព័ន្ធនិងសង្គ្រាមលោកលើកទី២បានចែងថាដែនដីចិនដែលបានដណ្តើមយកដោយជប៉ុនចាំបាច់ត្រូវតែប្រគល់មកឲ្យចិនវិញ ។
ចិនបានខកចិត្តជាខ្លាំងចំពោះការធ្វើអត្ថាធិប្បាយកាលពីមុននេះពីសំណាក់រដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកអំពីដែនទឹកជម្លោះនោះ ។
នៅក្នុងការអះអាងចំពោះមុខព្រឹទ្ធសភារបស់ខ្លួនរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson បានថ្លែងថាចិនមិនគួរត្រូវបានអនុញ្ញាតឲ្យចូលទៅដល់បណ្តាកោះដែលខ្លួនបានកសាងឡើងនៅទីនោះឡើយ ។ សេតវិមានអាមេរិកថែមទាំងបានប្តេជ្ញាចិត្តការពារដែនដីអន្តរជាតិក្នុងផ្លូវទឹកយុទ្ធសាស្ត្រនោះទៀតផង ។
តែយ៉ាងណាកាលពីសប្តាហ៍មុនរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកលោក Jim Mattis បានលើកឡើងថាដំណោះស្រាយតាមរយៈផ្នែកការទូតគួរតែជាអាទិភាពនៅក្នុងសមុទ្រចិនខាងត្បូង ។
នៅក្នុងការអត្ថាធិប្បាយលើគេហទំព័ររបស់ក្រសួងការបរទេសកាលពីល្ងាចថ្ងៃអង្គារលោក វ៉ាង បានថ្លែងថាលោកបានណែនាំបែបនេះចំពោះមិត្តអាមេរិកគឺរៀនសូត្រឡើងវិញអំពីប្រវត្តិសាស្ត្រនៃសង្គ្រាមលោកលើកទី២ ។
លោកវ៉ាងបានបញ្ជាក់ថាក្នុងសេចក្តីថ្លែងការណ៍ឆ្នាំ១៩៤៣និងឆ្នាំ១៩៤៥បានចង្អុលបង្ហាញយ៉ាងច្បាស់លាស់ថាជប៉ុនចាំបាច់ត្រូវប្រគល់ឲ្យចិនវិញនូវដែនដីទាំងឡាយរបស់ចិនដែលជប៉ុនបានដណ្តើមយក ។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា