Monday, May 20, 2024
Homeសន្ដិសុខសង្គមសន្តិសុខសង្គម ផ្ទះលក់គ្រឿងសំណង់ ភ្លើងឆេះអស់២៦ម៉ឺនដុល្លារ

 ផ្ទះលក់គ្រឿងសំណង់ ភ្លើងឆេះអស់២៦ម៉ឺនដុល្លារ

ខេត្តមណ្ឌលគិរី ៖ ផ្ទះលក់គ្រឿងសំណង់ ១កន្លែង ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុង ដោយមូល ហេតុផ្តើមចេញពីការផ្ទុះដុំ Wifi នៅក្នុងផ្ទះ បង្កឱ្យមានការខូចខាតគិតជាទំហំទឹកប្រាក់ ប្រមាណ២៦ម៉ឺនដុល្លារ។ករណីគ្រោះអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង២៥នាទីយប់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ នៅត្រង់ចំណុចជិតសមុទ្រឈើ ភ្នំបាយឆៅ តាមបណ្តោយផ្លូវជាតិ លេខ 76A ស្ថិតក្នុងភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះ មានទំហំ ២០ម៉ែត្រ គុណនឹង ១៨ម៉ែត្រ មានម្ចាស់ឈ្មោះហ៊ាវ យូអៀន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរលក់គ្រឿងសំណង់ មានលំនៅ ភូមិពូលូង សង្កាត់រមនា ក្រុងសែនមនោរម្យ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ក្រោយពីបានទទួលព័ត៌មានថា មានករណីអគ្គិភ័យកើតឡើងនៅចំណុចកើតហេតុខាងលើភ្លាម លោកឧត្តមសេនីយ៍ត្រី ឡេង សោភ័ណ្ឌ ស្នងការនគរបាលខេត្ត និងលោកវរសេនីយ៍ឯក នួន ហាន ស្នងការរង ទទួលការងារផែនអាវុធជាតិផ្ទុះ បានដឹកនាំកម្លាំងជំនាញការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តសហការជាមួយកម្លាំងអធិការនគរបាលក្រុងសែនមនោរម្យ ព្រមទាំងកម្លាំងអធិការនគរបាលស្រុកពេជ្រាដា កម្លាំងវរសេនាតូច៣០៣ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរមនា និងកម្លាំងប្រជាការពារ បានចុះប្រតិបត្តិការពន្លត់ករណីគ្រោះអគ្គិភ័យខាងលើភ្លាមៗ។

យោងតាមរបាយការណ៍របស់លោកអធិការនគរបាលក្រុងសែនមនោរម្យ បានបញ្ជាក់ថា មូលហេតុដែលបណ្តា លឱ្យកើតមានគ្រោះអគ្គិភ័យខាងលើ គឺបណ្តាលមកពីផ្ទុះដុំ Wifi (វ៉ាយហ្វាយ)។ ចំណែកការខូចខាត រួមមាន ផ្ទះ ១ខ្នង (តម្លៃប្រមាណ ៥ម៉ឺនដុល្លារ)។ សម្ភារៈគ្រឿងសំណង់សរុបជាទឹកប្រាក់ប្រហែល ២០ម៉ឺនដុល្លារ។ គ្រែ ចំនួន២ តុវែង ចំនួន២ ទូខោអាវ និងសម្ភារៈក្នុងផ្ទះ មួយចំនួនធំ សរុបជាទឹកប្រាក់ប្រហែល ២៦ម៉ឺនដុល្លារ។ជុំវិញករណីអគភ្គិភ័យខាងលើ សមត្ថកិច្ចបានសហការធ្វើការពន្លត់រលត់ទាំងស្រុង នៅវេលាម៉ោង ១១និង១៥នាទីយប់ ថ្ងៃដដែល ដោយបានប្រើប្រាស់ទឹកអស់ចំនួន ១២រថយន្ត៕

RELATED ARTICLES