ភ្នំពេញ ៖ ក្រោយមេឃធ្លាក់ភ្លៀង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ស្រាប់តែមានដើមអម្ពិលធំ១ដើម បានបាក់រលំសង្កត់ទៅលើបង្គោលភ្លើង បណ្តាលឱ្យបង្គោលភ្លើងបាក់បន្តទៀត តែសំណាងល្អ មិនបណ្តាលឱ្យអ្នកធ្វើដំណើររងរបួសនោះឡើយ។
ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ១និង៤៥នាទីរសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាមណ្តោយផ្លូវលេខ២៤០ ក្បែរមន្ទីរពេទ្យគន្ធបុប្ផា ស្ថិតក្នុងមូលដ្ឋានសង្កាត់ចតុមុខ ខណ្ឌដូនពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវ២៤០ ជាហូរហែ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុ កើតមានករណីបាក់ដើមអម្ពិលខាងលើ រលំសង្កត់ខ្សែភ្លើងបណ្តាលបាក់បង្គោលភ្លើង មួយដើម តែសំណាងល្អ ក្នុងហេតុការណ៍នោះដែរ មិនបានបង្កឱ្យមនុស្សណាម្នាក់ទទួលរងគ្រោះថ្នាក់ នោះឡើយ។
ក្រោយកើតហេតុ លោកជា ខេមា អភិបាលខណ្ឌដូនពេញ បានចុះមកដល់ទីតាំងកើតហេតុ និងបានទំនាក់ ទំនងទៅខាងក្រសួងសាធារណការ ឱ្យចុះមកទីតាំងកើតហេតុ ធ្វើការកាត់ដើមអម្ពិលចេញ និងជួសជុលបង្គោលភ្លើងឡើងវិញ កុំឱ្យមានការកកស្ទះចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ៕