ភ្នំពេញ៖ស្រីស្រស់ប៉ាច គីមមួយ និងប្រុសរូបសង្ហារសយ រតនៈ បានលុបចោលមង្គលការនៅឆ្នាំ២០២៤ នេះហើយដែលចំពោះមូលហេតុនេះលោករតនៈ និយាយថាមកពីលោកនិងគូដណ្ដឹងមិនទាន់បានត្រៀមខ្លួន បើទោះជាគីមមួយ ធ្លាប់ប្រាប់ថានាងចង់រៀបការនៅអាយុ៣០ឆ្នាំ ត្រូវនឹងឆ្នាំ២០២៤ នេះក្ដី ។លោករតនៈ ទទួលស្គាល់ថាទោះជារវាងលោកនិងគីមមួយ មិនទាន់ក្លាយទៅជាប្ដីប្រពន្ធគ្នាស្របច្បាប់មែន តែចិត្ត១ ថ្លើម១ និងគ្នាទៅហើយ ពោលគឺមិនខ្លាចចំណងស្នេហាប្រឈមប្រែប្រួលនោះទេ ។ប៉ុន្ដែយ៉ាងណានៅពេលដែលអ្នកយកព័តមានយើងសួរថាតើលោករតនៈ អាចនឹងយកកូនជាមួយគីមមួយ មុនរៀបការ ឬអត់នោះលោកថាមិនចង់បានកូននាពេលនេះទេ ។តារាចម្រៀងហង្សមាសរូបនេះទទួលស្គាល់ថាបច្ចុប្បន្នមានសិល្បករកាន់តែច្រើនបានយកកូនមុនរៀបការ ហើយបើកជាចំហ ទៀតផង ប៉ុន្ដែលោកវិញមិនបានគិតដូចច្នេះឡើយ ពោលគឺនៅគិតដល់ប្រពៃណីខ្មែរទោះជាតារាខ្លះមានកូនមុនការ ហើយនៅតែល្បីក្ដី តែលោកនឹងគិតគួររឿងយកកូននេះនាពេលបន្ទាប់ពីរៀបការរួច មិនមែនមុនរៀបការនោះទេ ។
ប៉ាច គីមមួយ -សយ រតនៈ គឺជាគូស្នេហ៍ដ៍សាកសមហើយក្រោយអ្នកទាំងពីរក្លាយទៅជាគូដណ្ដឹងគ្នាស្របច្បាប់កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ ហើយពេលនេះពួកគេរស់នៅក្រោមដំបូលផ្ទះតែមួយដោយទិញផ្ទះ១ល្វែងបង់រំលស់រួមគ្នានៅម្ដុំស្ពានដែកចំការដូង ខណ្ឌមានជ័យ ក្រុងភ្នំពេញ ។ចាប់ដៃគ្នាជិត២ឆ្នាំនេះគីមមួយ និងគូដណ្ដឹងក៍បានប្ដូររថយន្ដជាញឹកញាប់ផងដែរ ហើយក្រៅពីច្រៀងសម្ដែងអ្នកទាំងពីរក៍លក់អ៊ឺវ៉ាន់តាមOnline ដើម្បីសន្សំប្រាក់រៀបការនាពេលខាងមុខនេះ។
សូមបញ្ជាក់ថាប៉ាច គីមមួយ អាចច្រៀងទាំងបទជាភាសារខ្មែរ ,អង់គ្លេស និងចិន ហើយនាងធ្លាប់ដំបៅបេះដូងម្ដងរួចទៅហើយក្រោយចែកផ្លូវគ្នាជាមួយអតីតគូស្នេហ៍ជាតារាចម្រៀងម្នាក់។តែគីមមួយ អត់ខ្លាចដើរជាន់ដានចាស់នោះទេ ពោលគឺនាងនៅតែជ្រើសអនាគតស្វាមីជាតារាដូចគ្នាម្ដងទៀត ដោយមិនចាប់អារម្មណ៍ប្រុសៗចង់ឧបត្ថម្ភ ឬចិញ្ចឹមនាងមុនពេលដែលស្រីស្រស់ក្លាយទៅជាគូដណ្ដឹងរបស់លោលរតនៈ នោះឡើយ ។គីមមួយ ធ្លាប់និយាយត្រង់ៗប្រាប់អ្នកយកព័តមានយើងថានាងស្រលាញ់តែប្រុសក្មេងៗ ពោលគឺបុរសចាប់ពីអាយុ៤០ឆ្នាំឡើងទៅ នាងគ្មានអារម្មណ៍ទេ អីចឹងទោះជាមានទ្រព្យច្រើនយ៉ាងណាក៍នាងមិនស្នេហ៍ដែរ ។
លោកគួច ខេវិន និយាយថាតារាៗដែលជ្រើសគូស្នេហ៍ជាតារាដូចគ្នាអាចរក្សារចំណងស្នេហាបានយូអង្វែងជាងយកអ្នកនៅក្រៅរង្វង់សិល្បៈ។ចំពោះនាងគីមមួយ វិញនាងបានសិក្សារមើលចិត្តថ្លើមលោករតនៈ ដល់ទៅជាង៥ឆ្នាំ ទើបព្រមភ្ជាប់ពាក្យជាមួយគ្នាក្រោយអ្នកទាំងពីរបានដាក់ចិត្ដស្រលាញ់គ្នាទើបតែជាង១ឆ្នាំប៉ុណ្ណោះ ។
ប៉ាច គីមមួយ លេចធ្លោគួរសមក្រោយជ្រកនៅហង្សមាសជាង៩ឆ្នាំ ដែលថៅកែក៍បានផ្ដល់ឱកាសឲ្យនាងបានសម្ដែងភាពយន្ដ បន្ថែមពីលើអាជីពចម្រៀងដើម្បីឲ្យមានសកម្មភាពសិល្បៈកាន់តែច្រើន។យ៉ាងណាក្រោយលោកព្រាប សុវត្ថិ ដើរចេញពីហង្សមាសកាលពីចុងឆ្នាំ២០២០ នោះនាងគីមមួយ លែងមានឱកាសច្រៀងសម្ដែងជាមួយឧកញ៉ាស្នាយ ទៀតហើយទើបធ្វើឲ្យនាងលែងសូវមានការចាប់អារម្មណ៍ខ្លាំងតាមMV ដូចមុន។ប៉ុន្ដែគីមមួយ បានងាកមកចាប់ដៃជាមួយអនាគតស្វាមីនាងលោកសយ រតនៈ ទាំងក្នុងនិងក្រៅឆាកវិញ ហើយរយៈពេលចុងក្រោយនេះគេឃើញសាច់នាងកាន់តែសខ្ចីព្រមទាំងលេងម៉ូដសក់កាន់តែចម្លែកៗទៀតផង បន្ទាប់ពីលុបចោលមង្គលការនៅឆ្នាំ២០២៤ នេះ។
បើទោះជាគូដណ្ដឹងរបស់ប៉ាច គីមមួយ ថាលោកមិនចង់យកកូនមុនក្រាបផ្ទឹមក្ដី ប៉ុន្ដែមានតារាជាច្រើនមកហើយលេងស្ទីលអ៊ឺរ៉ុប មានកូនមុនរៀបការមានដូចជាអ្នកនាងទេព បូព្រឹក្ស ,ឌុច លីដា ,នៅ សុនិតា ,ពេជ្រ សូលីកា ,ផាត់ ផាន់ណា ,សុន ស្រីពេជ្រ ,កែវ ពេជ្រពិសី ,យុគ ចិន្ដា និងខាត់ សុឃីម ជាដើម ៕