Saturday, July 27, 2024
Homeព័ត៌មានអន្តរជាតិមេដឹកនាំយោធាភូមា បដិសេធសំណើសម្តេចហ៊ុន សែន សុំជួបលោកស្រីស៊ូជី

មេដឹកនាំយោធាភូមា បដិសេធសំណើសម្តេចហ៊ុន សែន សុំជួបលោកស្រីស៊ូជី

មីយ៉ាន់ម៉ា ៖ យោងតាមសារព័ត៌មានមីយ៉ាន់ម៉ា Irrawaddy បានផ្សាយថា យោធាភូមា បានបដិសេធសំណើរបស់សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលសុំជួបនិយាយជាមួយលោកស្រី អោងសាន ស៊ូជី ។

តាមប្រភពបណ្តាញព័ត៌មានថៃរ៉ាត់ របស់ថៃ បានផ្សាយនៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ថា ប្រព័ន្ធផ្សព្វ ផ្សាយនៅមីយ៉ាន់ម៉ា បានរាយការណ៍ថា រដ្ឋាភិបាលយោធាភូមា ដឹកនាំដោយលោកឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អោងហ្លាំង (Min Aung Hlaing) បានច្រានចោលសំណើរបស់សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ដែលបានទាក់ទងចង់និយាយជាមួយលោកស្រី អោងសាន ស៊ូជី ក្នុងពេលលោកស្រី ស៊ូជី ត្រូវបានឃុំខ្លួន ចាប់តាំងពីរដ្ឋប្រហារនៅភូមា ក្នុងខែកុម្ភៈ ឆ្នាំ២០២១។

ប្រភពដដែល បន្តថា នៅថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០២៤ សម្តេចហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ជិត៤០ឆ្នាំ បានសន្ទនាជាមួយឧត្តមសេនីយ៍ មីន អោងហ្លាំង តាមរយៈវីដេអូ ហើយបានសុំនិយាយជាមួយលោកស្រី ស៊ូជី ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារ រយៈពេល ២៧ ឆ្នាំពីបទចោទប្រកាន់ជាច្រើន។

នៅក្នុងសារជាសំឡេងពីអ្នកនាំពាក្យរដ្ឋាភិបាលយោធាភូមា លោកហ្សាវ មីនទុន (Zaw Min Tun) ដែលត្រូវបានចេញផ្សាយដោយក្រុមសារព័ត៌មានរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា លោកបាននិយាយថា មិនមានហេតុផលសម្រាប់របបនេះក្នុងការសម្របសម្រួលនយោបាយនៅពេលនេះទេ ហើយយោធានឹងបន្តគោរពការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរៀបចំការបោះឆ្នោត ដែលត្រូវបានពន្យារពេលច្រើន។ ប៉ុន្តែលោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ។

ប្រភពខាងលើ បន្តទៀតថា ចាប់តាំងពីរដ្ឋប្រហារក្នុងប្រទេសមីយ៉ាន់ម៉ា ជាងបីឆ្នាំមុនមក រដ្ឋាភិបាលយោធា របស់លោក មីន អោងហ្លាំង បានច្រានចោលជាបន្តបន្ទាប់នូវសំណើរបស់មេដឹកនាំបរទេស និងអ្នកការទូតដើម្បីជួបជាមួយលោកស្រី ស៊ូជី ហើយមានតែលោក ដុន ប្រាមុតវិណៃ អតីតរដ្ឋមន្ត្រីការបរទេសថៃ តែម្នាក់គត់ ដែលបានជួបលោកស្រីស៊ូជី កាលពីខែកក្កដា ឆ្នាំមុន រយះពេលជាងមួយម៉ោង។ ជាមួយគ្នានេះ អ្នកនាំពាក្យរដ្ឋាភិ បាលយោធាភូមា ក៏បានលើកឡើងអំពីករណីដែលប្រព័ន្ធផ្សព្វផ្សាយថៃ បានចុះផ្សាយកាលពីពេលថ្មីៗនេះថា លោកថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃ ថ្មីៗនេះ បានជួបនិងពិភាក្សាជាមួយក្រុមប្រដាប់អាវុធជន ជាតិភាគតិចមួយចំនួន ដែលប្រតិបត្តិការនៅតាមព្រំដែនថៃ ជាមួយភូមា។ ក្រុមខ្លះក៏ផ្តល់ជម្រក និងបណ្តុះបណ្តាលជំនាញយោធាដល់សមាជិកនៃក្រុមជនជាតិទាំងនោះក្នុងការប្រយុទ្ធ និងការប៉ះទង្គិចជាមួយទាហានភូមា ដែលចំណុចនេះ អ្នកនាំពាក្យថា សម្រាប់ហេតុផលនេះ ត្រូវបានចាត់ទុកជាការគាំទ្រក្រុមភេរវករដែលបំផ្លាញផលប្រយោជន៍របស់មីយ៉ាន់ម៉ា។

សូមរំឭកថា កាលពីព្រឹកថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២ សម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាជាមួយនាយឧត្តមសេនី យ៍ជាន់ខ្ពស់ មីន អោងហ្លាំង (Min Aung Hlaing )  ប្រធានក្រុមប្រឹក្សារដ្ឋបាលរដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា តាមប្រព័ន្ធវីដេអូ ។

ជាកិច្ចចាប់ផ្តើម សម្តេចហ៊ុន សែន បានសម្តែងក្តីរីករាយដែលបានជួបលោកមីន អោងហ្លាំង សាជាថ្មី និងអរគុណចំពោះសារអបអរសាទររបស់លោកមីន អោងហ្លាំង នៅឱកាសដែលសម្តេច បានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា ។ សម្តេច បានលើកឡើងថា កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងដើម្បីសាកសួសុខទុក្ខគ្នា និងដើម្បីទទួលបានការចែករំលែកពីបច្ចុប្បន្នភាពនៃការវិវឌ្ឍនៅមីយ៉ាន់ម៉ា ។

ជាកិច្ចឆ្លើយតប លោកមីន អោងហ្លាំង ក៏បានសម្តែងការអបអរសាទរជាថ្មីម្តងទៀតចំពោះសម្តេចហ៊ុន សែន ដែលបានជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា និងអរគុណសម្តេច ហើយវាយតម្លៃខ្ពស់នៃការចូលរួមរបស់សម្តេច ដែលបានមកធ្វើទស្សនកិច្ចនៅមីយ៉ាន់ម៉ា និងព្យាយាមចូលរួមចំណែកដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ក្នុងខណៈពេលដែលសម្តេច ធ្វើជាប្រធានអាស៊ាន។

ឆ្លៀតក្នុងឱកាសនោះ សម្តេចហ៊ុន សែន ក៏បានស្នើជាថ្មីម្តងទៀត ឱ្យលោក មីន អោងហ្លាំង ពិចារណារៀបចំឱ្យមានជំនួបតាមប្រព័ន្ធវីដេអូ រវាងសម្តេច និងលោកស្រី អោងសាន ស៊ូជី ក្នុងគោលបំណងសួរសុខទុក្ខ ដោយ សារសម្តេច និងលោកស្រី ធ្លាប់ជាសហការីជាមួយគ្នា ជាច្រើនឆ្នាំ នៅក្នុងកិច្ចការអាស៊ាន ។

ជាមួយគ្នានោះ សម្តេចហ៊ុន សែន ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទប្រាំចំណុច ហើយរំពឹងថា ការរីកចម្រើននេះ នឹងរួមចំណែកដល់ដំណើរការស្វែងរកសន្តិភាព ដែលមានមីយ៉ាន់ម៉ា ខ្លួនឯងជាអ្នកដឹកនាំ និងជាម្ចាស់។

សម្តេចហ៊ុន សែន ក៏បានស្វាគមន៍ការសម្រេចចិត្តរបស់ក្រុមប្រឹក្សារដ្ឋបាលរដ្ឋ ដែលបានបញ្ជូនតំណាងមិននយោបាយ ឱ្យចូលរួមក្នុងកិច្ចប្រជុំចង្អៀតរបស់រដ្ឋមន្រ្តីការបរទេស កាលពីខែមករា និងលើកទឹកចិត្តឱ្យមីយ៉ាន់ម៉ា បន្តចាត់តំណាងចូលរួមក្នុងកិច្ចប្រជុំសំខាន់ៗរបស់អាស៊ាន។

ជាការឆ្លើយតប លោក មីន អោងហ្លាំង បានឯកភាពក្នុងការបន្តបញ្ជូនតំណាងមិននយោបាយរបស់ខ្លួន ចូលរួមក្នុងកិច្ចប្រជុំអាស៊ាន និងបានសន្យាថា នឹងយកសំណើដទៃទៀតទៅពិចារណាដោយយកចិត្តទុកដាក់ខ្ពស់បំផុត ហើយនឹងបញ្ជូនប្រេសិតពិសេសរបស់ខ្លួន មកកាន់កម្ពុជា នាពេលដ៏ឆាប់ខាងមុខ ដើម្បីបន្តពិភាក្សាទៅលើសំ ណើទាំងនេះ និងដើម្បីទទួលយកនូវការចែករំលែកបទពិសោធន៍ល្អៗពីគណៈកម្មជាតិរៀបចំការបោះឆ្នោតរបស់កម្ពុជា ពាក់ព័ន្ធជាមួយនឹងការរៀបចំការបោះឆ្នោតមួយ ដែលសេរី យុត្តិធម៌ និងមានតម្លាភាព ។

ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នាផងដែរ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការវប្បធម៌ និងកីឡា៕

RELATED ARTICLES